Register Already an agent ? Login

កម្ពុជានៅរក្សាបានកំណើននាំចេញដល់ ១៨% ក្នុងរយៈពេល ៩ខែឆ្នាំនេះ ទោះបីតម្លៃប្រេង និងឧស្ម័នកើនឡើង

ភ្នំពេញ៖ ការនាំចេញសរុបរបស់កម្ពុជា បានកើនឡើងដល់ ២៧,៤៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ខែដំបូង ឆ្នាំ២០២៦ កើនឡើង ១៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ ការនាំចូលបានកើនឡើង ២៦ភាគរយ ដល់ ៣១,០១ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានលើកឡើង ក្នុងបទសម្ភាសជាមួយក្រុមអ្នកសារព័ត៌មាននៅថ្ងៃនេះថា ស្ថានភាពពាណិជ្ជកម្មកម្ពុជា ក៏កំពុងរងផលប៉ះពាល់ដូចប្រទេសផ្សេងៗទៀតនៅលើពិភពលោកដែរ ដោយសារកត្តាសង្គ្រាមទាំងក្នុងតំបន់ និងនៅតំបន់មជ្ឈិមបូព៌ា ដែលបានជះឥទ្ធិពលដល់ស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក។

ប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម សិង្ហបុរី និងជប៉ុន គឺជាដៃគូពាណិជ្ជកម្មសំខាន់ៗទាំង ៥ របស់កម្ពុជា។មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ទោះបីពិភពលោកកំពុងប្រឈមនឹងការកើនឡើងនៃតម្លៃប្រេង និងឧស្ម័ន ព្រមទាំងផលប៉ះពាល់ពីសង្គ្រាមក្នុងតំបន់ និងនៅមជ្ឈិមបូព៌ាក៏ដោយ កម្ពុជានៅតែអាចរក្សាបានទីផ្សារនាំចេញសំខាន់ៗរបស់ខ្លួន រួមមានទីផ្សារអាមេរិក ចិន អឺរ៉ុប និងទីផ្សារក្នុងតំបន់ ព្រមទាំងកំពុងពង្រីកទីផ្សារថ្មីទៅកាន់មជ្ឈិមបូព៌ា និងអាហ្វ្រិក។

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ បានបន្ថែមថា ទោះបីស្ថានភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកមានភាពមិនប្រាកដប្រជា និងសន្ទុះសេដ្ឋកិច្ចមិនលឿនដូចមុនក៏ដោយ កម្ពុជានៅតែអាចរក្សាបានទីផ្សារនាំចេញសំខាន់ៗរបស់ខ្លួន។ឯកឧត្តមបានបញ្ជាក់ថា កំណើនការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ គឺជាសញ្ញាមួយដែលបង្ហាញពីភាពធន់ និងសុខភាពរបស់សេដ្ឋកិច្ចកម្ពុជា។ ទោះបីសន្ទុះនៃការរីកចម្រើនមិនលឿនខ្លាំងដូចកាលពីមុនក៏ដោយ ក៏សកម្មភាពពាណិជ្ជកម្ម និងកំណើនសេដ្ឋកិច្ចនៅតែបន្តមានភាពវិជ្ជមាន ដែលអាចឆ្លុះបញ្ចាំងតាមរយៈកំណើនផលិតផលក្នុងស្រុកសរុប ឬ GDP របស់កម្ពុជា។

ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជារួមមាន ទំនិញផលិតកម្មដូចជា សម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ធ្វើដំណើរ សំបកកង់រថយន្ត គ្រឿងសង្ហារិម គ្រឿងអេឡិចត្រូនិក និងកង់ ព្រមទាំងផលិតផលកសិកម្មដូចជា អង្ករ ចេក គ្រាប់ស្វាយចន្ទី ស្វាយ មៀន និងទុរេន។ ខណៈទំនិញនាំចូលសំខាន់ៗរួមមាន វត្ថុធាតុដើមសម្រាប់ផលិតកម្ម ប្រេងឥន្ធនៈ សម្ភារៈសំណង់ យានយន្ត គ្រឿងអេឡិចត្រូនិក ទំនិញប្រើប្រាស់ ឱសថ និងគ្រឿងសម្អាង ជាដើម៕

ដោយ៖khmerhome