ភ្នំពេញ៖ ប្រទេសកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ៤ ក្នុងបញ្ជីប្រទេសល្អបំផុតក្នុងពិភពលោកសម្រាប់ឆ្នាំ២០២៦ តាមរយៈពានរង្វាន់ Readers’ Choice Awards របស់ទស្សនាវដ្តីទេសចរណ៍ដ៏ល្បីឈ្មោះ Condé Nast Traveler ដោយទទួលបានពិន្ទុ ៩៣,៥៧ ពីការបោះឆ្នោតរបស់អ្នកអាន។
តាមលទ្ធផលដែលបានចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ គឺក្នុងបញ្ជីចំណាត់ថ្នាក់នេះ ប្រទេសជប៉ុន ស្ថិតនៅលេខ១ ដោយទទួលបាន ៩៥,៥២ពិន្ទុ បន្ទាប់មកប្រទេសអ៊ីតាលី លេខ២ ទទួលបាន ៩៤,៨០ពិន្ទុ និងអៀរឡង់ លេខ៣ ទទួលបាន ៩៤,១៥ពិន្ទុ។
ចំណែកកម្ពុជា ស្ថិតនៅលេខ៤ នាំមុខប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ បារាំង និងក្រិក ដែលស្ថិតនៅលេខ៥ ដល់លេខ៨ រៀងគ្នា។ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ គឺកម្ពុជាមានចំណាត់ថ្នាក់ខ្ពស់ជាងគេបំផុតក្នុងបញ្ជីនេះ ខណៈវៀតណាម ស្ថិតនៅលេខ១០ ដោយទទួលបាន ៩២,៩៩ពិន្ទុ ថៃ លេខ១២ ទទួលបាន ៩២,៨៩ពិន្ទុ និងសិង្ហបុរី លេខ១៨ ទទួលបាន ៩២,១១ពិន្ទុ។
ការជាប់ចំណាត់ថ្នាក់ខ្ពស់របស់កម្ពុជា ត្រូវបានចាត់ទុកថា ជាការឆ្លុះបញ្ចាំងពីភាពទាក់ទាញរបស់កម្ពុជា ក្នុងវិស័យទេសចរណ៍ ព្រមទាំងសក្តានុពលនៃប្រាសាទបុរាណ វប្បធម៌ ធម្មជាតិ ម្ហូបអាហារ និងបទពិសោធន៍ទេសចរណ៍ផ្សេងៗ ដែលទទួលបានការចាប់អារម្មណ៍ពីអ្នកដំណើរអន្តរជាតិ។ Condé Nast Traveler បានរៀបចំ Readers’ Choice Awards ដោយផ្អែកលើការវាយតម្លៃ និងការបោះឆ្នោតពីអ្នកអានរបស់ខ្លួន ដើម្បីចាត់ចំណាត់ថ្នាក់គោលដៅទេសចរណ៍ និងបទពិសោធន៍ធ្វើដំណើរដែលពេញនិយមនៅជុំវិញពិភពលោក៕
ដោយ៖khmerhome