Register Already an agent ? Login

កម្ពុជាប្រកាស «ដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលចំនួន ៣ របស់ក្រសួងសាធារណការ ដើម្បីសម្រួលដល់ការផ្តល់សេវាទាំងនេះ ឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព

ភ្នំពេញ៖ កម្ពុជាបា​នប្រកាស «ដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលចំនួន ៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន រួមមាន ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមធនាគារដៃគូ, ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម» ដើម្បីសម្រួលដល់ការផ្តល់សេវាទាំងនេះ ឱ្យកាន់តែមានប្រសិទ្ធភាព ងាយស្រួល និងតម្លាភាព។

ពិធីនេះត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន និងព្រមទាំងមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ តំណាងគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុដៃគូផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ថ្លែងថា ការដាក់ឱ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មទាំងអស់នេះ គឺជាសមិទ្ធផលថ្មីមួយទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើទំនើបកម្មសេវាសាធារណៈ កែលម្អប្រសិទ្ធភាពប្រតិបត្តិការ និងជាពិសេសបង្កើនភាពងាយស្រួល ក្នុងការទទួលនិងបង្ខិតសេវាទៅកៀកបងប្អូនប្រជាពលរដ្ឋ និងវិស័យឯកជន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងបន្តថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ ក្រសួងបានកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន២ រួមមាន៖ ១) ការលើកកម្ពស់សេវាគ្រប់ប្រភេទ តាមរយៈការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាប្រកបដោយភាពលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង ២)ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាបន្ន។

ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងគូសបញ្ជាក់ថា ប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង ៣ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ សុទ្ធតែមានគោលបំណងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង នៃការផ្តល់សេវាសាធារណៈ និងការគ្រប់គ្រងការងាររបស់ក្រសួង ដែលរួមមាន៖ ទី១.ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមធនាគារដៃគូ គឺជាការបន្តពង្រីក និងធ្វើទំនើបកម្មសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះរបស់ក្រសួង។

លើសពីនេះ ក្រសួងបានដាក់ឱ្យដំណើរការប្រព័ន្ធនេះតាមប្រព័ន្ធអនឡាញ ដែលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចដាក់ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះតាមប្រព័ន្ធអនឡាញដោយខ្លួនឯង ឬទទួលបានការសម្របសម្រួលពីមន្ត្រីជំនាញ នៅទីតាំងផ្តល់សេវារបស់ក្រសួង។ ម្យ៉ាងទៀត ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំតាមរយៈកម្មវិធីទូរសព្ទដៃ ឬបញ្ជាររបស់ធនាគារដៃគូ ដែលនេះជាជម្រើសបន្ថែម ដែលនឹងជួយកាត់បន្ថយពេលវេលា និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ព្រមទាំងជួយសម្រួលដល់ការដាក់ពាក្យ និងការទូទាត់កម្រៃសេវាឱ្យកាន់តែងាយស្រួល និងមានភាពបត់បែន។

ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ការអភិវឌ្ឍសេវាឌីជីថលខាងលើ គឺជាផ្នែកមួយនៃការធ្វើទំនើបកម្មការងារ និងការកែលម្អការផ្តល់សេវាជូនប្រជាពលរដ្ឋ និងវិស័យឯកជន។ ដូច្នេះ ក្រសួងនឹងបន្តជំរុញការអភិវឌ្ឍ និងការតភ្ជាប់ប្រព័ន្ធឌីជីថល ដោយយកចិត្តទុកដាក់លើសុវត្ថិភាពទិន្នន័យ ស្ថិរភាពប្រព័ន្ធ ភាពងាយស្រួលក្នុងការប្រើប្រាស់ និងការអភិវឌ្ឍសមត្ថភាពឌីជីថលរបស់មន្ត្រី ដើម្បីធានាថា បច្ចេកវិទ្យាដែលបានអភិវឌ្ឍន៍អាចបង្កើតប្រយោជន៍ជាក់ស្តែង និងមាននិរន្តរភាព។

ឯកឧត្តម ទេស តារារ័ត្ន អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ លើកឡើងថាប្រព័ន្ធនេះបានដាក់ឲ្យប្រើប្រាស់ តាំងពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ជាលទ្ធផល រហូតមកដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ រយៈពេល ៥ខែ មានអ្នកស្នើសុំសេវាសរុបចំនួន ២,២១៩ ប្រតិបត្តិការ ដែលនៅក្នុងនោះរួមមាន ការស្នើសុំតាមកម្មវិធីទូរស័ព្ទធនាគារដៃគូ មានចំនួន ២,១៩៩ ប្រតិបត្តិការ។ ចំណែក ការដាក់ពាក្យតាមសាខាធនាគារដៃគូមានចំនួន ២០ ប្រតិបត្តិការ។

ឯកឧត្តមបន្តថា ប្រព័ន្ធនេះក៏ជួយកាត់បន្ថយការកកស្ទះ នៅទីតាំងផ្តល់សេវា ពង្រឹងតម្លាភាព និងជំរុញឱ្យប្រជាពលរដ្ឋបន្តអនុវត្តការត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះបានទៀងទាត់ ដែលជាផ្នែកមួយនៃការចូលរួមលើកកម្ពស់ សុវត្ថិភាពចរាចរណ៍ និងការថែរក្សាហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ជាមួយគ្នានេះ គិតចាប់ពីឆ្នាំ២០១៧ រហូតដល់បច្ចុប្បន្ន ក្រសួងបានផ្តល់អាជ្ញាបណ្ណផ្លូវថ្នល់សរុបចំនួន ១៥៩ អង្គភាព/ក្រុមហ៊ុន ផងដែរ។

ឯកឧត្តមបន្ថែមថា ក្រសួងក៏បានដាក់ឱ្យដំណើរការសាកល្បងការស្នើសុំវិក្កយបត្រឌីជីថល សម្រាប់ការចេញវិក្កយបត្រ និងទូទាត់កម្រៃសេវាសាធារណៈថ្នាក់ជាតិមួយចំនួន ដែលមិនទាន់មាននៅក្នុងប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងប្រមាណជា ១៥០សេវា នៃសរុប ២៥៧សេវា។ តាមរយៈការដាក់សាកល្បងនេះ រហូតមកដល់បច្ចុប្បន្ន មានការចេញវិក្កយបត្រ និងទូទាត់កម្រៃសេវាសាធារណៈសរុបចំនួន ៣,២៩១ ប្រតិបត្តិការ ដែលក្នុងនោះរួមមាន វិស័យដឹកជញ្ជូនផ្លូវគោកមានចំនួន ២,៩០៣ ប្រតិបត្តិការ វិស័យដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែមានចំនួន ៣៧០ ប្រតិបត្តិការ និងសេវាអាជ្ញាបណ្ណផ្លូវថ្នល់មានចំនួន ១៨ ប្រតិបត្តិការ៕

ដោយ៖khmerhome