ព្រៃវែង៖ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច កំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងមានការបញ្ជាទិញពីផ្សារទំនើប និងបណ្តាញចែកចាយជាច្រើន ដើម្បីយកបន្លែសុវត្ថិភាពទៅលក់បន្ត ខណៈសហគមន៍នេះកំពុងមានការរីកចម្រើន និងរួមចំណែកបង្កើតការងារជូនកសិករនៅក្នុងមូលដ្ឋាន កាត់បន្ថយការធ្វើចំណាកស្រុកទៅស្វែងរកការងារនៅក្រៅតំបន់។
កញ្ញា ម៉ន ស្រីដាវ៉ាន់ សមាជិកក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច ដែលមានទីតាំងស្ថិតនៅភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង បានប្រាប់ ថា ការបង្កើតសហគមន៍នេះ មានគោលបំណងចូលរួមលើកកម្ពស់ការផលិតបន្លែក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលបន្លែពីបរទេស។
កញ្ញាបានឱ្យដឹងថា បន្លែរបស់សហគមន៍ត្រូវបានដាំដុះតាមស្តង់ដារបច្ចេកទេស និងការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយផ្តោតលើគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ បច្ចុប្បន្ន ផលិតផលបន្លែរបស់សហគមន៍ ត្រូវបានផ្គត់ផ្គង់ទៅកាន់ផ្សារទំនើប និងទីផ្សារក្នុងស្រុកជាច្រើន។ សហគមន៍ក៏មានគោលដៅពង្រីកផលិតកម្ម និងស្វែងរកឱកាសពង្រីកទីផ្សារទៅកាន់តំបន់ និងទីផ្សារបរទេសនាពេលអនាគត ប្រសិនបើផលិតកម្ម និងតម្រូវការទីផ្សារបន្តកើនឡើង។
កញ្ញា ម៉ន ស្រីដាវ៉ាន់ បានបន្តថា មកដល់ពេលនេះ សហគមន៍កសិកម្មទំនើបស្រុកព្រះស្តេច បានពង្រីកផ្ទៃដីដាំដុះជាង ៧ពាន់ម៉ែត្រការ៉េ មានផ្ទះសំណាញ់សរុបចំនួន ២៥១ខ្នង និងមានសមាជិកចំនួន ១៧៦គ្រួសារ ដែលចូលរួមក្នុងការដាំដុះបន្លែ ដូចជា ស្ពៃក្រញាញ់ និងស្ពៃតឿ។ សហគមន៍ក៏មានគម្រោងពង្រីកការដាំដុះដំណាំថ្មីៗបន្ថែមទៀត ដូចជា ត្រសក់ផ្អែមផងដែរ។
កញ្ញា ម៉ន ស្រីដាវ៉ាន់ បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមគាំទ្រផលិតផលបន្លែរបស់សហគមន៍ ដោយបញ្ជាក់ថា ការដាំដុះត្រូវបានអនុវត្តតាមស្តង់ដារបច្ចេកទេស និងមានការគ្រប់គ្រងត្រឹមត្រូវ ដើម្បីធានាគុណភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ សហគមន៍ក៏ផលិតជីកំប៉ុសប្រើប្រាស់ដោយខ្លួនឯង ដើម្បីគាំទ្រដល់ការដាំដុះបន្លែប្រកបដោយនិរន្តរភាព។
សូមបញ្ជាក់ថា សហគមន៍កសិកម្មទំនើប «បន្លែផ្ទះសំណាញ់ស្រុកព្រះស្តេច» ត្រូវបានបង្កើតឡើងជាផ្លូវការ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅភូមិកំពង់ថ្នល់ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង៕
ដោយ៖khmerhome