Register Already an agent ? Login

ធនាគារនីហរ័ណ-អាហរ័ណចិន សន្យាបន្តការគាំទ្រផ្តល់ហិរញ្ញប្បទានលើការសាងសង់ព្រែកជីកហ្វូណនតេជោ ឱ្យសម្រេចតាមការរំពឹងទុក

ភ្នំពេញ៖ ធនាគារនីហរ័ណ-អាហរ័ណចិន (China Eximbank) បង្ហាញជំហរបន្តពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងអាទិភាពនានា ជាពិសេសគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ខណៈក្នុងរយៈពេលជាង ២ទស្សវត្សរ៍កន្លងមក ធនាគារនេះបានផ្តល់ឥណទានសម្បទានសរុបប្រមាណ ៥៩០០លានដុល្លារអាម៉េរិក ដល់កម្ពុជា។

នេះបើយោងតាមលទ្ធផលនៃកិច្ចជំនួបរវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Chen Huaiyu ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារនីហរ័ណ-អាហរ័ណចិន នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហការបន្ត ដើម្បីធានាឱ្យការសាងសង់ គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ អាចសម្រេចបានតាមការរំពឹងទុក។

ភាគីចិន នឹងបន្តជួយគាំទ្រស្វែងរកដៃគូវិនិយោគបន្ថែមទៀតក្នុងដំណាក់កាលបន្តបន្ទាប់នៃដំណើរការព្រែកជីក, កិច្ចសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុសម្រាប់គម្រោង, កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងទៀត ដូចជា ការទាក់ទាញវិនិយោគិនពីវិស័យឯកជន, ថាមពលអគ្គិសនី, បញ្ញាសប្បនិមិត្ត, ពាណិជ្ជកម្ម, ទំនាក់ទំនង និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជននៃប្រទេសទំាងពីរផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះលោក Chen Huaiyu ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ដែលជាសក្ខីភាពបញ្ជាក់ពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាង China Eximbank ក៏ដូចជា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា គិតមកទល់ពេលនេះ នីហរ័ណ-អាហរ័ណចិន បានធ្វើហិរញ្ញប្បទានដល់គម្រោងអភិវឌ្ឍន៍ហេដ្ឋា-រចនាសម្ព័ន្ធរូបវន្តសរុបចំនួន ៧១គម្រោង ក្នុងនោះ មានវិស័យហេដ្ឋារចនាសម្ព័ន្ធស្ពាន-ថ្នល់ចំនួន ៣៨គម្រោង មានប្រវែងសរុបប្រមាណជាង ៣ពាន់គីឡូម៉ែត្រ, ស្ពានឆ្លងទន្លេសាបចំនួន ២កន្លែង, ស្ពានឆ្លងទន្លេមេគង្គចំនួន ៤កន្លែង, និងស្ពានឆ្លងទន្លេបាសាក់ចំនួន ៤កន្លែង, វិស័យប្រព័ន្ធធារាសាស្រ្តចំនួន ១៧គម្រោង, វិស័យអគ្គិសនីចំនួន ១២គម្រោង ព្រមទាំងវិស័យផ្សេងទៀតចំនួន ៤គម្រោង។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្តថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ ជាមិត្តដែកថែប និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិន កាន់តែរីកធំធាត់ឡើង ចាប់ពីកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ មកជាសហគមន៍វាសនារួមកម្ពុជា-ចិន និងបច្ចុប្បន្នបានលើកកម្រិតដល់កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មី គ្រប់រដូវកាល ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

ទន្ទឹមនឹងនេះ លោក Chen Huaiyu បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។ ចំណងមិត្តភាពយូរអង្វែង និងទំនាក់ទំនងដ៏ល្អ ដែលបានពូនជ្រុំដោយថ្នាក់ដឹកនាំប្រទេសទាំងពីរ ធ្វើឱ្យប្រទេសទាំងពីរទទួលបាននូវសមិទ្ធិផលជាផ្លែផ្កាច្រើនពីកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ។

លោកក៏បានគូសបញ្ជាក់ផងដែរនូវជំហររឹងមាំរបស់ ធនាគារនីហរ័ណ-អាហរ័ណចិន ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ដំណើររបស់កម្ពុជាឆ្ពោះទៅវិបុលភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។

លើសពីនេះ ភាគីទាំងពីរ ក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានសម្រាប់គម្រោងអាទិភាពនានាដែលមានស្រាប់នៅក្នុងគម្រោងសហការអភិវឌ្ឍន៍កម្ពុជា-ចិន (Existing Projects in the Pipeline) ជាបន្តទៀត ដើម្បីបន្តរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព ដែលឆ្លើយតបនឹងអាទិភាព ក៏ដូចជាបន្ស៊ីគ្នារវាងគម្រោងអភិវឌ្ឍន៍ជាមួយផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិកម្ពុជា៕

ដោយ៖khmerhome