ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា ចាប់ពីឆ្នាំ១៩៩២ មកដល់បច្ចុប្បន្ននេះ រដ្ឋាភិបាលអូស្រ្តាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងជូនរាជរដ្ឋាភិបាលកម្ពុជា មានទំហំសរុបប្រមាណជិត ២ ប៊ីលានដុល្លារអូស្រ្តាលី ស្មើប្រមាណ ១ ៣០០លានដុល្លារអាម៉េរិក សម្រាប់អភិវឌ្ឍន៍ដល់វិស័យផ្សេងៗ រួមមាន៖ វិស័យអប់រំ, កសិកម្ម, កិច្ចគាំពារសង្គមហេដ្ឋារចនាសម្ព័ន្ធ, ការបោសសំអាតមីន និងវិស័យសុខាភិបាល។
ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Anne Aly, រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍អន្តរជាតិ, ក្រសួងធុរកិច្ចធុនតូច និងជារដ្ឋមន្រ្តីក្រសួងកិច្ចការពហុវប្បធម៌នៃប្រទេសអូស្រ្តាលី ដោយមានការអមដំណើរចូលរួមកិច្ចប្រជុំដោយឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះលោកជំទាវបណ្ឌិតAnne Aly ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលបានគាំទ្រកម្ពុជា ចាប់តាំងពីដំណើរការកសាងសន្តិភាព ការបង្រួបបង្រួមជាតិ នាដើមទសវត្សរ៍ឆ្នាំ១៩៩០ (សម័យកាលកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នំា១៩៩១-១៩៩២) រហូតមក។
ជាមួយគ្នានេះ តាមរយ:កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី, រដ្ឋាភិបាលអូស្រ្តាលី ក៏បានផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED) និងជំនួយទាន់ពេលក្នុងការឆ្លើយតបនឹងវិបត្តិថាមពលសកលដែលកម្ពុជាកំពុងជួបប្រទះ, ផ្តល់នូវកញ្ចប់អន្តរាគមន៍សង្គមសម្រាប់គម្រោងលើកកម្ពស់កិច្ចគាំពារសង្គម និងសុខភាពដំណាក់កាលទី២ (ISPH II), ជំនួយបច្ចេកទេសលើការអនុវត្តយន្តការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) និងការអនុវត្តមូលនិធិសមធម៌សុខាភិបាលជាដើម ដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងគាំទ្រដល់ជីវភាពប្រជាពលរដ្ឋកម្ពុជា ដែលជាអាទិភាពក្នុងយុទ្ធសាស្ត្របញ្ច-កោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកជំទាវបណ្ឌិតAnne Aly បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី និងចំណងមិត្តភាពដ៏រឹងមាំ កម្ពុជា-អូស្រ្តាលី ស្របពេលដែលនៅឆ្នាំក្រោយនេះ គឺជាខួបលើកទី៧៥ នៃចំណងមិត្តភាពការទូតរវាងប្រទេសទាំងពីរ កម្ពុជា-អូស្ត្រាលី, តាមរយះចំណងមិត្តភាពនេះ ភាគីអូស្រ្តាលី នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលកម្ពុជា ដោយផ្អែកតាមផែនការយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលី ដល់ឆ្នាំ ២០៤០ ដែលកិច្ចសហប្រតិបត្តិការនេះនឹងផ្តោតលើតម្រូវការជាក់ស្តែង និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែរឹងមាំ។
លើសពីនេះ អូស្រ្តាលីបន្តគាំទ្រពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរាជរដ្ឋាភិបាលកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍន៍ធនធានមនុស្ស, ការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-អូស្រ្តាលី។
លោកជំទាវ ក៏បានថ្លែងអំណរគុណផងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ដល់ក្រុមហ៊ុនអូស្រ្តាលី ដែលវិនិយោគនៅប្រទេសកម្ពុជា ទាំងលើក្របខណ្ឌគតិយុត្ត និងកិច្ចសម្រួលពាណិជ្ជកម្មផងដែរ។ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈគម្រោង និងកម្មវិធីជំនួយដែលធានាបាននូវប្រសិទ្ធភាព និងនិរន្តភាព ឆ្លើយតបនឹងអាទិភាព ក៏ដូចបន្ស៊ីគ្នារវាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ ដើម្បីកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងផែនការយុទ្ធសាស្រ្តសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់អូស្ត្រាលីឆ្នាំ២០៤0។
ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងការអនុវត្តគម្រោងសហប្រតិបត្តិការនានាឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងផ្តល់ផលវិជ្ជមានពិតប្រាកដជាក់ស្តែង ក្នុងនោះ វិស័យធំៗដូចជា៖ ពាណិជ្ជកម្ម, វិនិយោគ,ការកសាងសមត្ថភាពស្ថាប័ន និងការអភិវឌ្ឍន៍ធនធានមនុស្ស៕
ដោយ៖khmerhome