Register Already an agent ? Login

សហគ្រាស និងសិប្បកម្មក្នុងស្រុក ជំរុញការផលិតសំបកវេចខ្ចប់ក្នុងស្រុក ដើម្បីកាត់បន្ថយការនាំចូល និងបង្កើនតម្លៃបន្ថែម

ភ្នំពេញ៖ ម្ចាស់សហគ្រាស និងសិប្បកម្មក្នុងស្រុក កំពុងជំរុញការកែច្នៃ និងផលិតសំបកវេចខ្ចប់ក្នុងស្រុកកាន់តែសកម្ម ដោយផ្តោតលើគុណភាព ការការពារបរិស្ថាន និងការបង្កើនតម្លៃបន្ថែម ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីបរទេស និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលខ្មែរ។

លោក លីម សេង ហ៊្វូត ម្ចាស់សិប្បកម្មកែច្នៃផលិតផលសាច់ងៀត បានលើកឡើងថា សហគ្រាសក្នុងស្រុកកំពុងប្រឈមនឹងការកើនឡើងនៃថ្លៃសំបកវេចខ្ចប់ដែលនាំចូលពីបរទេស ដោយសារថ្លៃដឹកជញ្ជូន និងថ្លៃដើមផ្សេងៗបានកើនឡើង។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ សហគ្រាសធុនតូច និងមធ្យមជាច្រើន បានវិនិយោគលើការធ្វើទំនើបកម្មឧបករណ៍ និងអភិវឌ្ឍសមត្ថភាពផលិតសំបកវេចខ្ចប់ដោយខ្លួនឯង សម្រាប់បំពេញតម្រូវការក្នុងស្រុក។

ចំណែកអ្នកនាង ស្រីណុច ម្ចាស់សិប្បកម្ម «ម៉ាស់ស្ទើរឆេហ្វ» បានឱ្យដឹងថា ការកែច្នៃវត្ថុធាតុដើមក្នុងស្រុក កំពុងត្រូវបានជំរុញកាន់តែខ្លាំង ដើម្បីធានាការផ្គត់ផ្គង់ប្រកបដោយស្ថិរភាព រក្សាតម្លៃឱ្យសមរម្យ និងកាត់បន្ថយសំណល់បរិស្ថាន។ អ្នកនាងបន្ថែមថា ការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈការសម្រួលនីតិវិធី ពន្ធដារ និងការផ្តល់ហិរញ្ញប្បទានក្នុងអត្រាការប្រាក់ទាប បានជួយឱ្យសហគ្រាសក្នុងស្រុកមានលទ្ធភាពពង្រីកការផលិត និងពង្រឹងសមត្ថភាពប្រកួតប្រជែង។

ដោយឡែក លោក ជុំ សុហាង ម្ចាស់សិប្បកម្ម «អេចឌី កាហ្វេ ឡាយ» បានលើកឡើងថា ការងាកមកប្រើប្រាស់ និងផលិតសំបកវេចខ្ចប់ក្នុងស្រុក មិនត្រឹមតែជួយកាត់បន្ថយការនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។

លោកកត់សម្គាល់ថា បច្ចុប្បន្ន អ្នកប្រើប្រាស់កម្ពុជាកាន់តែច្រើន បានបង្ហាញទំនុកចិត្ត និងគាំទ្រផលិតផលក្នុងស្រុក ដោយសារគុណភាព ស្តង់ដារ និងអនាម័យ មានការរីកចម្រើនមិនចាញ់ផលិតផលនាំចូលពីបរទេសឡើយ។

សូមបញ្ជាក់ថា ការអភិវឌ្ឍវិស័យសហគ្រិនភាពនៅកម្ពុជា មិនអាស្រ័យតែលើគុណភាពផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពឹងផ្អែកលើការកសាងម៉ាកយីហោ ការប្រើប្រាស់នវានុវត្តន៍ក្នុងការវេចខ្ចប់ និងការអនុលោមតាមស្តង់ដារស្លាកសញ្ញាផងដែរ។ កត្តាទាំងនេះ គឺជាមូលដ្ឋានសំខាន់ក្នុងការបង្កើនភាពជឿជាក់របស់អ្នកប្រើប្រាស់ ពង្រីកទីផ្សារក្នុងស្រុក និងបង្កើនសក្តានុពលនាំចេញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ៕

ដោយ៖khmerhome