ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនិងត្រៀមដាក់ឱ្យអនុវត្តនូវ «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ ក្នុងគោលដៅបង្កើតមុខរបរនិងការងារ, ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លីនិងមធ្យមខាងមុខ» ដោយប្រកាន់យកអភិក្រមគាំពារប្រជាជនក្រីក្រ និងរៀបចំជា ៣ កញ្ចប់អន្តរាគមន៍ រួមបញ្ចូលវិធានការដែលមានកម្មវិបាកភ្លាមៗ និងវិធានការដែលមានកម្មវិបាកក្នុងរយៈពេលខ្លី និងមធ្យម។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងថា កញ្ចប់វិធានការ ទី១ ផ្តោតលើការ-រក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ, កញ្ចប់វិធានការ ទី២ ផ្តោតលើការផ្តល់ការបណ្តុះបណ្តាលជំនាញបចេ្ចកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ និងកញ្ចប់អន្តរាគមន៍ទី ៣ ផ្តោតលើការគ្រប់គ្រង, ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ គូសបញ្ជាក់ថា “កម្មវិធីអន្តរាគមន៍” នេះ ត្រូវបានប៉ាន់ស្មានចំណាយសរុបក្នុងរង្វង់ ១ ២៤៤ លានដុល្លារអាម៉េរិក ដែលប្រភពធនធាននឹងត្រូវបានបែងចែកតាមប្រភពហិរញ្ញប្បទានចំនួន ៤ គឺថវិការដ្ឋ, ធនធានរបស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ចំណាយសារពើពន្ធ និងថវិកាដៃគូអភិវឌ្ឍន៍។
បន្ថែមលើនេះ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមទៅវែង, រាជរដ្ឋាភិបាល បានព្យាយាមខិតខំដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលរួមមានការដាក់ចេញឱ្យអនុវត្តនូវ «កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា» និង «កម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគនៅកម្ពុជា ឆ្នាំ២០២៥-២០២៨» ដែលជាចលនការស្នូល ក្នុងដំណើរការកែទម្រង់ជារចនាសម្ព័ន្ធ សំដៅការកាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ, ការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ, ការបង្កើនទំនុកចិត្តខ្ពស់ដល់វិនិយោគិន, ការបង្កើនភាពធន់ និងពង្រឹងខែលការពារសេដ្ឋកិច្ចឱ្យរឹងមាំ ដែលអាចបន្តទប់ទល់នឹងពហុវិបត្តិពីខាងក្រៅបាន។
ជាមួយគ្នានេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ក៏បានបញ្ជាក់បន្ថែមអំពីការចូលរួមដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលរួមមានការរក្សាស្ថិរភាពថ្លៃអគ្គិសនី, ការពង្រីកបណ្តាញតភ្ជាប់អគ្គិសនី, ការពង្រឹងសន្តិសុខថាមពល, និងជាពិសេសការអភិវឌ្ឍថាមពលបៃតងផងដែរ។
លើសពីនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានបញ្ជាក់អំពីការដាក់ចេញវិធានការរបស់រាជរដ្ឋាភិ-បាលកន្លងមក ក្នុងការស្វែងរកការងារ និងបណ្តុះបណ្តាលជំនាញ ព្រមទាំងការពង្រឹងគុណភាពនៃការគ្រប់គ្រងទិន្នន័យពលករទេសន្តរប្រវេសន៍ និងចំណាកស្រុកផងដែរ៕
អត្ថបទ៖khmerhome