Register Already an agent ? Login

កម្ពុជាជំរុញការផ្សព្វផ្សាយសក្តានុពលសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីបង្កើនភាពប្រកួតប្រជែង និងទាក់ទាញភ្ញៀវទេសចរ

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បាននិងកំពុងជំរុញឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងការផ្សព្វផ្សាយសក្តានុពលសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅទូទាំងប្រទេស សំដៅបង្កើនសមត្ថភាពប្រកួតប្រជែង និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន និងស្នាក់នៅបានយូរ។

ការលើកឡើងនេះ ធ្វើឡើងដោយឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងសិក្ខាសាលាជួបជុំ និងចែករំលែកបទពិសោធរវាងសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទូទាំងប្រទេស នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីក្រសួងទេសចរណ៍ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ (គ.ជ.អ.អ.) ព្រមទាំងតំណាងសហគមន៍មកពីបណ្តារាជធានី-ខេត្តនានា។

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រគោលនយោបាយពិពិធកម្មផលិតផលទេសចរណ៍ ឱ្យកាន់តែសម្បូរបែប មានភាពទាក់ទាញ និងអាចប្រកួតប្រជែងបានកាន់តែប្រសើរ។ ការអភិវឌ្ឍសហគមន៍ទេសចរណ៍មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនរយៈពេលស្នាក់នៅ និងការចំណាយរបស់ភ្ញៀវផងដែរ។

ឯកឧត្តមបញ្ជាក់ថា ការជួបជុំនេះជាវេទិកាបើកចំហសម្រាប់សហគមន៍ធ្វើការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកមេរៀនជោគជ័យ និងបញ្ហាប្រឈម ព្រមទាំងទទួលបានធាតុចូលបច្ចេកទេសពីប្រតិបត្តិករទេសចរណ៍ ដើម្បីកែលម្អគុណភាពសេវាកម្ម និងពង្រឹងខ្សែច្រវាក់តម្លៃទេសចរណ៍នៅមូលដ្ឋាន។

ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ទៀតថា សហគមន៍ទេសចរណ៍ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ជាតិ ព្រមទាំងរក្សាអត្តសញ្ញាណមូលដ្ឋានឱ្យក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ។ ការកើនឡើងនៃភ្ញៀវទេសចរទៅកាន់សហគមន៍ នឹងជួយបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.អ. បានលើកឡើងថា កម្ពុជាកំពុងជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ពីគំរូផ្អែកលើបរិមាណ ទៅរកទេសចរណ៍ដែលផ្តោតលើគុណភាព និរន្តរភាព និងប្រជាពលរដ្ឋជាស្នូល។បច្ចុប្បន្ន គណៈកម្មាធិការជាតិ បានទទួលស្គាល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍សរុបចំនួន ៥២ នៅទូទាំងប្រទេស។

សូមជម្រាបថា រាជរដ្ឋាភិបាល ក៏បានកំណត់តំបន់អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិចំនួន ៦ រួមមាន តំបន់ភ្នំគូលែន ជួរភ្នំក្រវាញ តំបន់ឆ្នេរ បឹងទន្លេសាប ព្រៃឡង់ និងតំបន់ភូមិភាគឦសាន ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព និងបង្កើនការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ៕

ដោយ៖khmerhome