ភ្នំពេញ៖ ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) កំពុងជួយឱ្យអតីតពលករកម្ពុជាដែលវិលត្រឡប់មកពីប្រទេសថៃ ទទួលបានការទទួលស្គាល់សមត្ថភាពជាផ្លូវការ បង្កើនឱកាសការងារ និងទទួលបានប្រាក់ចំណូលកាន់តែប្រសើរ។ អ្នកជំនាញ បានវាយតម្លៃថា ការវាយតម្លៃ RPL ត្រូវបានអនុវត្តប្រកបដោយយុត្តិធម៌ តម្លាភាព សុវត្ថិភាព និងស្របតាមស្តង់ដារជាតិ ដែលរួមចំណែកលើកកម្ពស់គុណភាពធនធានមនុស្ស និងពង្រឹងស្តង់ដារវិស័យសំណង់នៅកម្ពុជា ឱ្យកាន់តែមានគុណភាព និងភាពប្រកួតប្រជែងក្នុងតំបន់។
លោក ឆេង ចំរើន អ្នកវាយតម្លៃមកពីក្រុមហ៊ុន បានឱ្យដឹងថា ការធ្វើតេស្ត RPL ឆ្នាំ២០២៦ ផ្តោតលើមុខជំនាញសំណង់ចំនួន ៨ ហើយរដ្ឋាភិបាលបានចេញថ្លៃធ្វើតេស្តជំនួសទាំងស្រុង។ បេក្ខជនដែលជាប់ការវាយតម្លៃ នឹងទទួលបានវិញ្ញាបនបត្រផ្លូវការ បញ្ជាក់ពីសមត្ថភាពពិតប្រាកដ ដែលជួយបង្កើនឱកាសការងារ និងប្រាក់ចំណូល។
ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា គិតមកដល់ពេលនេះ មានពលករជិត ៦ពាន់នាក់ បានចុះឈ្មោះធ្វើតេស្ត RPL ហើយក្នុងនោះជាង ៥៤០០នាក់ ទទួលបានវិញ្ញាបនបត្ររួចរាល់។ កម្មវិធីនេះក៏ជួយសម្រួលដល់អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ ឱ្យអាចស្វែងរកការងារធ្វើនៅក្នុងស្រុកបានកាន់តែងាយស្រួល។
ជាមួយគ្នានេះដែរ ពលករដែលបានមកធ្វើតេស្ត RPL ដោយផ្ទាល់ ក៏បានសម្តែងភាពរីករាយនិងថ្លែងដល់រាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីអតីតពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ និងបានផ្តល់ជំនាញបណ្តុះបណ្តាលផ្សេងៗ និងព្រមទាំងមកធ្វើតេស្ត RPL ឥតគិតថ្លៃដើម្បីទទួលបានសញ្ញាបត្រផងដែរ។
លើសពីនេះ កម្មវិធីបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់កម្លាំងពលកម្មនៅកម្ពុជា ដោយចាប់ពីដើមឆ្នាំ២០២៤ មកដល់ត្រីមាសទី១ ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋប្រមាណជាង ២៧ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល ដែលជាចំនួនដ៏ធំមួយហើយក្នុងនោះ ប្រមាណ ៨០% ទទួលបានឱកាសការងារ ខណៈមួយចំនួនទៀតបានបង្កើតមុខរបរដោយខ្លួនឯង។
សូមបញ្ជាក់ថា ការវាយតម្លៃ RPL ត្រូវបានអនុវត្តនៅមជ្ឈមណ្ឌលវាយតម្លៃសមត្ថភាពចំនួន ៩ នៅទូទាំងប្រទេស។ កម្មវិធីនេះជាផ្នែកមួយនៃការអភិវឌ្ឍធនធានមនុស្ស និងគាំទ្រគោលនយោបាយបណ្តុះបណ្តាលជំនាញ TVET ១,៥លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយចាប់ពីដើមឆ្នាំ២០២៤ មកដល់ត្រីមាសទី១ ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋប្រមាណជាង ២៧ម៉ឺននាក់ បានទទួលការបណ្តុះបណ្តាល ក្នុងនោះប្រមាណ ៨០% ទទួលបានឱកាសការងារ ខណៈមួយចំនួនទៀតបានបង្កើតមុខរបរដោយខ្លួនឯង៕
ដោយ៖khmerhome