Register Already an agent ? Login

មន្ត្រីជាន់ខ្ពស់ក្រសងរ៉ែ៖ គិតត្រឹម ៦ខែដើមឆ្នាំ២០២៦ ចំណូលសួយសារប្រមូលពីវិស័យរ៉ែបានជិត ៩៤លានដុល្លារ ខណៈចំណូលពីពន្ធនាំចេញ និងពន្ធដារផ្សេងៗ ប្រមូលបានប្រហែល ១៥០លានដុល្លារ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសងរ៉ែ លើកឡើងថា គិតត្រឹមរយៈពេល ៦ខែដើមឆ្នាំ២០២៦ ចំណូលសួយសារប្រមូលបានប្រមាណជិត ៩៤លានដុល្លារអាម៉េរិក ខណៈចំណូលពីវិស័យរ៉ែមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ជាពិសេសចំពោះចំណូលសួយសារ ដែលប្រមូលបានផ្ទាល់មិនទាន់បូករួមចំណូលពីអាករនាំចេញ និងពន្ធដារផ្សេងៗទៀតឡើយ។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល ក្នុងសន្និសីទសារព័ត៌មានពីវិស័យរ៉ែ​ វឌ្ឍនភាពលើការងារអាជីវកម្មរ៉ែខ្សាច់ នាល្ងាចថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦ ទីស្តីការក្រសួងរ៉ែនិងថាមពល។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា បន្តថា ចំណូលពីពន្ធនាំចេញ និងពន្ធដារផ្សេងៗ ក្រៅពីសួយសារត្រឹមតែមួយត្រីមាស គឺប្រមូលបានប្រហែល ១៥០លានដុល្លារបន្ថែមទៀត ខណៈដែលវិស័យនេះបានជួយបង្កើតការងារជូនប្រជាពលរដ្ឋបានចំនួន ១ម៉ឺន ២ពាន់នាក់។ ក្នុងនោះ មានស្ត្រីចូលរួមបម្រើការងារចំនួន ៧% ដែលជាកម្រិតស្តង់ដារអន្តរជាតិ។

ទោះជាយ៉ាងណា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល បានបញ្ជាក់ថា ចំនួន ៧% នេះគឺមិនទាន់គ្រប់គ្រាន់ទេ ដោយក្រសួងមានគោលដៅជំរុញ និងខិតខំដំឡើងចំនួនស្ត្រីក្នុងវិស័យនេះឱ្យកើនឡើងដល់ ១៤% គុណនឹង ២ នាពេលខាងមុខ។

ឯកឧត្តម អ៊ឹង ឌីប៉ូឡា គូសបញ្ជាក់ថា សុវត្ថិភាពការងារក្នុងអណ្តូងរ៉ែ គឺគ្រោះថ្នាក់ការងារនៅក្នុងអណ្តូងរ៉ែមានការថយចុះកាន់តែខ្លាំង ដោយសារមានការប្រុងប្រយ័ត្នខ្ពស់។ ក្នុងរយៈពេល ៦ខែចុងក្រោយនេះ មិនមានករណីគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតឡើយ លើកលែងតែករណីនៅតំបន់រ៉ែអាណាធិបតេយ្យ ខ្លះដែលធ្លាប់កើតមានឡើងតែប៉ុណ្ណោះ។

​ឯកឧត្តមបន្ថែមថា ក្នុង​រយៈពេល​ដែល​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត ​ឱ្យ​ធ្វើអាជីវកម្មខ្សាច់នាំ​ចេញ​ត្រឹម​រយៈពេល​៥ឆ្នាំនេះ ចំណូល​រដ្ឋ​ទាំងស៊ុយសា ទាំងអាករនាំចេញ ​គឺជាង​ ៤៥០​លាន​ដុល្លារ ជាចំណូល​ចូល​រដ្ឋ ហើយមិនទាន់បូកទាំងពន្ធដារ​ទេ។ បើបូកពន្ធដារ​ទៀត ចំណូល​ចូល ​​៦០០​លានដុល្លារ​ ក្នុង​រយៈពេលប្រមាណ ​៥​ឆ្នាំនេះ។

សូមបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងសម្តេចធិបតី បានសម្រេចសម្របសម្រួលបន្ថយពន្ធនាំចេញ និងកាត់បន្ថយនីតិវិធី ការិយាធិបតេយ្យ ដែលធ្វើឱ្យចំណូលសួយសារពីថ្មអារកើនឡើង ៣ ដង ពី ៣លានដុល្លារ ឡើងទៅដល់ជាង ១០លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងមួយខែៗ កម្ពុជាបាននាំចេញថ្មអារទៅក្រៅប្រទេសបានប្រហែលជាង ២ពាន់កុងតឺន័រ ទៅកាន់ ១៥ប្រទេស ដូចជា ចិន អឺរ៉ុប ជប៉ុន និងប្រទេសជាច្រើនទៀត៕

អត្ថបទ៖khmerhome