Register Already an agent ? Login

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា ជោគជ័យរបស់ក្រុមហ៊ុនធំៗជប៉ុន ដូចជា Toyota, Denso និង Minebea នៅកម្ពុជា នឹងជួយទាក់ទាញវិនិយោគិនជប៉ុនមកកម្ពុជាកាន់តែច្រើន

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញពីលទ្ធផលវិជ្ជមាននៃបេសកកម្មគោះទ្វារវិនិយោគ និងផ្សព្វផ្សាយសក្តានុពលវិនិយោគរបស់កម្ពុជា នៅប្រទេសជប៉ុន កាលពីសប្តាហ៍កន្លងទៅ ដោយបានបង្ហាញក្តីរំពឹងថា ក្រុមហ៊ុនជប៉ុនជាច្រើនបន្ថែមទៀត នឹងសម្រេចចិត្តចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា នាពេលខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុនជប៉ុនធំៗជាច្រើនដែលកំពុងប្រតិបត្តិការនៅកម្ពុជា ដូចជា ក្រុមហ៊ុន Toyota Motor, ក្រុមហ៊ុន DENSO Corporation និងក្រុមហ៊ុន Minebea Mitsumi Inc. កំពុងទទួលបានជោគជ័យក្នុងការធ្វើអាជីវកម្ម ដែលនេះជាសក្ខីភាពបង្ហាញពីបរិយាកាសវិនិយោគដ៏អំណោយផល និងសក្តានុពលកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសឯកឧត្តមឧបនាយករដ្ឋមន្ត្រី ផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន នៅក្នុងកម្មពិធីអបអរសាទរការចាប់ផ្តើមដំណើរការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មី Toyota Hilux របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បន្តខិតខំកែលម្អបរិយាកាសវិនិយោគ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍធនធានមនុស្ស ដើម្បីធានាថា កម្ពុជា នៅតែជាគោលដៅវិនិយោគដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនជប៉ុន ដែលជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា៕

ដោយ៖khmerhome