Register Already an agent ? Login

គិតដល់ពេលនេះ កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ៨ទីតាំង កំពុងដំណើរការមានសមត្ថភាពផលិតជិត ៤ម៉ឺនគ្រឿងក្នុងមួយឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ៨ទីតាំង កំពុងដំណើរការ ដោយមានសមត្ថភាពផលិតសរុបប្រមាណ ៣ម៉ឺន ៨ពាន់គ្រឿងក្នុងមួយឆ្នាំ។

ទន្ទឹមនឹងនេះ ក៏មានរោងចក្រផ្គុំ និងដំឡើងរថយន្តមួយចំនួនទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ និងត្រៀមបើកដំណើរការផងដែរ។ ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួមពិធីអបអរសាទរការចាប់ផ្តើមផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មី តូយ៉ូតា ហាយឡាក់ (Toyota Hilux) របស់ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ ម៉ានូហ្វេកឈឺរីង ខេមបូឌា (Toyota Tsusho Manufacturing Cambodia) នៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានគូសបញ្ជាក់ថា វឌ្ឍនភាពនៃវិស័យយានយន្តនៅកម្ពុជា គឺស្របតាមការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យយានយន្ត ឆ្នាំ២០២៤-២០៣០ របស់រាជរដ្ឋាភិបាល ដែលមានគោលបំណងទាក់ទាញការវិនិយោគ ពង្រឹងសមត្ថភាពផលិតកម្ម និងលើកកម្ពស់ការចូលរួមរបស់វិស័យឯកជនក្នុងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។

ឯកឧត្តមបានបន្តថា ការសម្ពោធការផ្គុំ និងដំឡើងរថយន្តម៉ូដែលថ្មីនេះ មិនត្រឹមតែជាសមិទ្ធផលរបស់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរយៈពេលវែង និងទំនុកចិត្តរបស់ក្រុមហ៊ុន Toyota លើស្ថិរភាពនយោបាយ បរិយាកាសវិនិយោគ និងទិសដៅអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។

 ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រីកការប្រើប្រាស់គ្រឿងផ្គុំ និងបំណែករថយន្តពីសហគ្រាសក្នុងស្រុកដែលមានសមត្ថភាព។ ឯកឧត្តមបានបញ្ជាក់ថា ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក មិនត្រឹមតែជួយបង្កើតការងារ ជំរុញការផ្ទេរបច្ចេកវិទ្យា និងអភិវឌ្ឍជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពង្រឹងភាពធន់របស់អាជីវកម្ម ក្នុងបរិបទដែលខ្សែច្រវាក់ផ្គត់ផ្គង់សកល និងតំបន់នៅតែប្រឈមនឹងភាពមិនប្រាកដប្រជា។

ឯកឧត្តមបានបន្ថែមថា គោលដៅរបស់កម្ពុជា មិនមែនត្រឹមតែមានរោងចក្រផលិត និងផ្គុំរថយន្តប៉ុណ្ណោះទេ ប៉ុន្តែគឺចង់កសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មយានយន្តពេញលេញមួយ ដែលអ្នកវិនិយោគ សហគ្រាសក្នុងស្រុក គ្រឹះស្ថានបណ្តុះបណ្តាល និងកម្លាំងពលកម្មជំនាញ អាចរីកចម្រើនរួមគ្នាបានប្រកបដោយចីរភាព។

សូមជម្រាបថា បច្ចុប្បន្ន រោងចក្រផលិត ផ្គុំ និងដំឡើងរថយន្តម៉ាកល្បីៗ ដែលកំពុងដំណើរការនៅកម្ពុជា រួមាន Toyota, Ford, SsangYong, Hyundai, Kia, Isuzu, GTV និង BYD ជាដើម ដែលកំពុងរួមចំណែកជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា៕

ដោយ៖khmerhome