ភ្នំពេញ៖ នារសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលចែកចាយផលិតផលខ្មែរ “ផ្សារខ្មែរ MSME HUB (ទួលពង្រ)” ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដែលពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំកម្ពុជា, ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម, លោកជំទាវឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំង ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិជាច្រើនរូប។
ថ្លែងទៅកាន់អង្គពិធី លោកជំទាវរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) ដែលបានផ្តួចផ្តើមបង្កើត ផ្សារខ្មែរ MSME Hub ទួលពង្រ ដើម្បីជួយឱ្យផលិតផលខ្មែរអាចចែកចាយដល់ដៃអ្នកប្រើប្រាស់បានយ៉ាងលឿនរហ័ស ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ជា ជាមួយរដ្ឋាភិបាល ពិសេសជាមួយក្រសួងពាណិជ្ជកម្មក្នុងការលើកកម្ពស់ការតភ្ជាប់ទីផ្សារ និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក។ លោកជំទាវបានសង្កត់ធ្ងន់ លើជីវភាពនៃប្រព័ន្ធតួអង្គ តែមួយដែលមិនអាចខ្វះបាននូវតួអង្គវិស័យឯកជន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញផលិតខ្មែរទៅកាន់ទីផ្សារ។
ជាមួយគ្នានោះ លោកជំទាវរដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកកម្ពស់ផលិតផលខ្មែរផងដែរក្នុង មានជាអាទិ៍ ការលើកកម្ពស់ផលិតផលក្នុងស្រកតាមរយៈយុទ្ធនាការផលិតផលជាតិ Made In Cambodia ការជំរុញអនុលោមភាពផលិតផល និងសិទិ្ធអំណាចអ្នកប្រើប្រាស់ តាមរយៈកិច្ចការពារអ្នកប្រើប្រាស់ និងសុចរិតភាពធុរកិច្ចដោយស្មើភាព និងការសិក្សារពិនិត្យលទ្ធភាព បង្កើតផ្សារ ឬកន្លែងប្រមូលផ្តុំផលិតផល ដែលបំពេញបន្ថែមគ្នាទៅវិញទៅមក ក្នុងកិច្ចប្រឹងប្រែងផ្សាភ្ជាប់ទីផ្សារក្នុងស្រុក នឹងឈានឆ្ពោះដល់ការនាំចេញទៅទីផ្សារក្រៅប្រទេស ជាដើម។
នាឱកាសនោះ លោកជំទាវរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ដល់សភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា ចំពោះការបោះជំហ៊ានយុទ្ធសាស្រ្តដ៏លឿន ក្នុងការឈានទៅចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន ៤ ជាមួយដៃគូសំខាន់ៗ ដើម្បីចូលរួមជំរុញការផ្សារភ្ជាប់ទីផ្សារតាមរយៈ «ផ្សារខ្មែរ MSME Hub» រួមមាន ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន ZO Motors, ធនាគារសហគ្រាសធុនតូចនិងមធ្យមកម្ពុជា (SME Bank) និងកិច្ចសហការរវាងក្រុមហ៊ុន Baray Global Management Halal Park Cambodia ជាមួយក្រុមហ៊ុន Global Food Mach Tech។
ក្រសួងពាណិជ្ជកម្ម សូមលើកទឹកចិត្ត និងអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមគាំទ្រយុទ្ធនាការផលិតផលជាតិ និងប្រែក្លាយការទិញផលិតផលខ្មែរទៅជាទម្លាប់ប្រចាំថ្ងៃ ដើម្បីចូលរួមកសាងកម្លាំងសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំផងដែរ៕
ដោយ៖khmerhome