ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី៣ ក្រោមប្រធានបទ «សាងស្ពានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យមឆ្ពោះទៅកាន់ទីផ្សារ» ដែលបង្ហាញកិច្ចខិតខំពង្រឹងសហគ្រាសធុនមីក្រូ តូច និងមធ្យម ឱ្យក្លាយជាសសរស្តម្ភដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ការបង្កើតការងារ និងការពង្រឹងភាពប្រកួតប្រជែងរបស់ជាតិ។
ទិវាជាតិលើកទី៣នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ បានប្រមូលផ្តុំតំណាងក្រសួង-ស្ថាប័ន សមាគមធុរកិច្ច គ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងសហគ្រាសធុនមីក្រូ តូច និងមធ្យមទូទាំងប្រទេស ដើម្បីពិភាក្សាមធ្យោបាយពង្រីកឱកាសទីផ្សារ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសក្នុងស្រុក។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសង្កត់ធ្ងន់លើតួនាទីកាន់តែសំខាន់របស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងដំណាក់កាលថ្មីនៃការអភិវឌ្ឍឆ្ពោះទៅសម្រេចចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ ឯកឧត្តមបន្តថា នៅក្នុងបរិការណ៍ដែលកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈប្រទេស ដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ និងបន្តឆ្ពោះទៅសម្រេចក្ខុវិស័យ២០៥០ ការពង្រឹងសមត្ថភាព និងភាពប្រកួតប្រជែងរបស់ MSMEs មិនមែនជាជម្រើសទេ ប៉ុន្តែជាតម្រូវការចាំបាច់។
ឯកឧត្តមបានលើកឡើងថា យោងតាមជំរឿនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ មូលដ្ឋាន ក្នុងនោះសហគ្រាសធុនតូច និងមធ្យមមានចំនួនជាង ៦០.៥០០ មូលដ្ឋាន។ វិស័យនេះផ្តល់ការងារដល់ប្រជាពលរដ្ឋជិត ៣លាននាក់ រួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជាង ៧០% នៃការងារក្រៅវិស័យកសិកម្ម ដែលបង្ហាញពីតួនាទីដ៏សំខាន់របស់ MSMEs ក្នុងសេដ្ឋកិច្ចជាតិ។
ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថា ការជួយគាំទ្រ MSMEs ឱ្យចូលទៅកាន់ទីផ្សារ មិនមែនសំដៅត្រឹមការបង្កើនផលិតកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងគុណភាព ផលិតភាព និងអនុលោមភាព ដោយចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីកសាងទំនុកចិត្តពីអ្នកប្រើប្រាស់ និងដៃគូអាជីវកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការផលិតបានមិនទាន់មានន័យថាអាចលក់បានទេ។ ការមានផលិតផលល្អ ក៏មិនទាន់មានន័យថាអាចប្រកួតប្រជែងឈ្នះគេដែរ។ ដើម្បីចូលទៅកាន់ទីផ្សារក្នុងស្រុក តំបន់ និងសកល សហគ្រាសត្រូវបំពេញស្តង់ដារ ធានាគុណភាព បង្កើនផលិតភាព និងកសាងភាពជឿទុកចិត្តនៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់។ ប្រធានបទសម្រាប់ឆ្នាំនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់កាន់តែខ្លាំងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការភ្ជាប់សហគ្រាសទៅកាន់ទីផ្សារ សំដៅពង្រឹងសមត្ថភាពផលិតក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូល និងពង្រីកការនាំចេញ។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការគាំទ្រជាច្រើន ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមមានការពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទាន ការអភិវឌ្ឍសហគ្រិនភាព ការបណ្តុះបណ្តាលជំនាញ កម្មវិធីបរិវត្តកម្មឌីជីថល និងសេវាគាំទ្រការអភិវឌ្ឍអាជីវកម្មជាដើម។
ជាក់ស្តែង គិតត្រឹមដំណាច់ឆ្នាំ២០២៥ ធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) បានផ្តល់ឥណទានគោលនយោបាយជិត ៥០០ លានដុល្លារអាមេរិក ដល់សហគ្រាសជាង ៣.៤០០ មូលដ្ឋាន, សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានគាំទ្រអាជីវកម្មជាង ៣.១០០ មូលដ្ឋាន តាមរយៈយន្តការធានាឥណទាន ទន្ទឹមនោះ សហគ្រិនខ្មែរ (KE) បានគាំទ្រគម្រោងសហគ្រិនភាព ៥១៦ គម្រោង និងបានកៀរគរហិរញ្ញប្បទាន និងវិនិយោគប្រមាណ ៤៧ លានដុល្លារអាមេរិក។
ជាមួយគ្នានោះដែរ រាជរដ្ឋាភិបាល តាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានបន្តពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមទាំងការងារស្តង់ដារូបនីយកម្ម និងការពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ ដើម្បីគាំទ្រសហគ្រាសក្នុងស្រុកលើកកម្ពស់គុណភាពផលិតផល និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
សូមជម្រាបថា ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានកំណត់ដោយអនុក្រឹត្យរាជរដ្ឋាភិបាលកាលពីឆ្នាំ២០២៤ និងត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី២៧ ខែមិថុនា ដើម្បីទទួលស្គាល់ការរួមចំណែកដ៏សំខាន់របស់ MSMEs ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់វិស័យធុរកិច្ចឱ្យកាន់តែមានភាពធន់ បរិយាបន្ន នវានុវត្តន៍ និងភាពប្រកួតប្រជែងខ្ពស់៕
អត្ថបទ៖khmerhome