Register Already an agent ? Login

ជាង ២ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចកោះកុង ​ទទួលបាន​ការវិនិយោគ ៧៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ៥៦៧លានដុល្លារ ដែលបានស្រូបទាញកំលាំងពលកម្ម​ក្នុងស្រុកជិត ១ម៉ឺននាក់

កោះកុង៖ ក្នុងអំឡុងពេលជាង ២ឆ្នាំមកនេះ តំបន់សេដ្ឋកិច្ចកោះកុង ចេជាង ​ទទួលបាន​ការវិនិយោគចំនួន ៧៦គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណជាង ៥៦៧លានដុល្លារអាម៉េរិក ក្នុងនោះ គំរោងចំនួន ៤១ កំពុងសាងសង់និងគំរោងចំនួន ៣៥ទៀត បាននិងកំពុងដំណើរការសកម្មភាពរបស់ខ្លួន ដែលបានស្រូបទាញកំលាំងពលកម្ម​ក្នុងស្រុកសរុបចំនួនជាង ៥ពាន់នាក់ ហើយកំពុងមានតម្រូវ​ការកម្លាំង​ពលកម្មបន្ថែមប្រមាណ ៣ពាន់នាក់​ទៀត។

នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូ គ.វ.ក. បំពេញទស្សនកិច្ចនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង (ស្ថិតក្នុងភូមិអូរជ្រៅ ភូមិផ្លោង ឃុំបឹងព្រាវ និងភូមិឈើនាង ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង) ក្នុងគោលបំណងដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអភិវឌ្ឍ និងសកម្មភាពវិនិយោគនៃចង្កោមឧស្សាហកម្មផលិតគ្រឿងសង្ហារឹមនៅក្នុងតំបន់នេះ។

ក្នុងដំណើរទស្សនកិច្ចនេះ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយក្រៃលែងពីសំណាក់អ្នកអភិវឌ្ឍន៍តំបន់ វិនិយោគិន រួមទាំងមន្ត្រីដែលជាតំណាងក្រសួង-ស្ថាប័ននានា ប្រចាំនៅរដ្ឋបាលតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង។ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង បានធ្វើការអភិវឌ្ឍលើផ្ទៃដី​ប្រមាណ ៤៥% នៃផ្ទៃដីសរុបដែលមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បណ្ដាញអគ្គិសនី អាងស្តុកទឹក រោងចក្រផលិតទឹកស្អាត និងកន្លែងស្នាក់នៅបុគ្គលិកកម្មករ។

ទន្ទឹមនឹងនេះដែរ តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង ជាតំបន់សេដ្ឋកិច្ចពិសេសមួយដែលមានទំហំផ្ទៃដីធំ និងមានសន្ទុះលឿនក្នុងការអភិវឌ្ឍ បន្ទាប់ពីបានបង្កើតឡើងនៅឆ្នាំ២០២៤ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដោយស្វាហាប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សកម្មភាពវិនិយោគទាំងនេះ បាននិងកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលបាននាំមកនូវចង្កោមឧស្សាហកម្មថ្មីៗ ជាពិសេសឧស្សាហកម្មផលិតគ្រឿងបង្គំសង្ហារឹម និងផលិតផលគ្រឿងសង្ហារឹម ដែលផ្តល់ការងារនិងប្រាក់បៀវត្សសមរម្យ (មិនក្រោម ៣៥០ដុល្លារអាម៉េរិកក្នុងមួយខែ) ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋមកពីបណ្តាខេត្តឆ្ងាយៗផងដែរ។

សូមបញ្ជាក់ថា វឌ្ឍនភាពនៃការរីកចម្រើនលូតលាស់នៃតំបន់សេដ្ឋកិច្ចពិសេសនេះ ក៏ជាការបង្ហាញពីជំនឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលទោះបីក្នុងបរិការណ៍នៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ក៏ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការបណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅតែបោះជំហានទៅមុខឥតឈប់ឈរ៕

ដោយ៖khmerhome