Register Already an agent ? Login

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ

ភ្នំពេញ៖ កម្ពុជាបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងដែលសម្រេចបានរវាងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ក្នុងគោលបំណងពង្រឹងបទឈប់បាញ់ កាត់បន្ថយភាពតានតឹង និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

តាមសេចក្តីថ្លែងការណ៍ កម្ពុជាបានបញ្ជាក់ជាថ្មីនូវជំហរគាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈការសន្ទនាការទូត និងការគោរពគ្នាទៅវិញទៅមក។ កម្ពុជាក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ភាគីពាក់ព័ន្ធដែលបានជួយសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងនេះ និងសង្ឃឹមថា កិច្ចព្រមព្រៀងនឹងត្រូវបានអនុវត្តដោយសុចរិត និងនាំទៅរកសន្តិភាពយូរអង្វែង និងប្រកបដោយចីរភាព។

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា សន្តិភាព ស្ថិរភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅតំបន់មជ្ឈិមបូព៌ា មានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ និងវិបុលភាពរួម។ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងជួយស្តារទំនុកចិត្តលើខ្សែសង្វាក់ផ្គត់ផ្គង់សកល និងរួមចំណែកដល់ស្ថិរភាពទីផ្សារថាមពលអន្តរជាតិ។

គួរបញ្ជាក់ថា ការស្វាគមន៍របស់កម្ពុជា ធ្វើឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា ក្រោយពីមានការប្រឈមមុខដាក់គ្នា និងការវាយប្រហារទៅវិញទៅមក ដែលបានបង្កការព្រួយបារម្ភពីសហគមន៍អន្តរជាតិ ចំពោះសន្តិសុខក្នុងតំបន់ និងការរំខានដល់ការដឹកជញ្ជូនថាមពល និងពាណិជ្ជកម្មសកល តាមច្រកសមុទ្រ Hormuz។

កម្ពុជាក៏បានលើកទឹកចិត្តឱ្យគ្រប់ភាគីបន្តកសាងលើសន្ទុះវិជ្ជមាននេះ តាមរយៈការសន្ទនា និងកិច្ចសហការប្រកបដោយស្ថាបនភាព ដើម្បីជំរុញសន្តិភាព និងស្ថិរភាពយូរអង្វែងនៅតំបន់មជ្ឈិមបូព៌ា និងលើសពីនេះទៅទៀត៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026