Register Already an agent ? Login

អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចពិភាក្សាបន្ទាន់មួយស្តីពី «ការស្វែងយល់ពីបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងវិធានការក្នុងវិស័យដឹកជញ្ជូន ការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញរបស់អាជ្ញាធរដែនដី»

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលាជាតិគយ ក្រោមសហអធិបតីភាពឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងអ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ)។

កិច្ចពិភាក្សានេះ មានការចូលរួមពីតំណាងវិស័យឯកជនជាច្រើន រួមមាន ប្រធានសមាគម ប្រធានក្រុមហ៊ុន តំណាងក្រុមហ៊ុនក្នុងវិស័យដឹកជញ្ជូន សហគ្រាសដែលមានឃ្លាំងស្តុកទំនិញ និងអ្នកនាំចេញ-នាំចូល ដែលផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ផលិតកម្មក្នុងស្រុក។

ក្នុងឱកាសនោះ អង្គប្រជុំបានពិភាក្សា និងស្តាប់ពីក្តីកង្វល់ និងបញ្ហាប្រឈមនានារបស់វិស័យឯកជន ដែលកំពុងប្រឈមក្នុងសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលព័ត៌មាន កត់ត្រាបញ្ហាប្រឈមជាក់ស្តែង និងស្វែងរកដំណោះស្រាយជាយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិយាកាសធុរកិច្ច សង្វាក់ផលិតកម្ម និងការងាររបស់កម្មករ-និយោជិត ដែលអាចបណ្តាលមកពីវិធានការចុះត្រួតពិនិត្យឃ្លាំង និងការឃាត់ទំនិញដែលខ្វះអនុលោមភាពតាមច្បាប់។

ការពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗ រួមមាន៖ ទី១. ផលប៉ះពាល់លើសង្វាក់ផលិតកម្ម វិធានការផ្អាក ឬបិទឃ្លាំងទំនិញស្របច្បាប់មួយចំនួន បានបង្កការរំខានយ៉ាងខ្លាំងដល់រោងចក្រ និងសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលត្រូវការវត្ថុធាតុដើមសម្រាប់ដំណើរការផលិតកម្មប្រចាំថ្ងៃ។ ទី២. វិបត្តិហិរញ្ញវត្ថុរបស់អាជីវកម្ម ការរាំងស្ទះក្នុងដំណើរការផលិតកម្ម បានធ្វើឱ្យអាជីវកម្មមួយចំនួនបាត់បង់ចំណូលភ្លាមៗ និងប្រឈមនឹងការខ្វះលទ្ធភាពបំពេញកាតព្វកិច្ចហិរញ្ញវត្ថុ ជាពិសេសការសងបំណុលធនាគារ។ ទី៣. បញ្ហានីតិវិធីរបស់អាជ្ញាធរ អង្គប្រជុំបានកត់សម្គាល់ថា ការចុះត្រួតពិនិត្យមួយចំនួន អាចមិនទាន់អនុវត្តបានពេញលេញតាមនីតិវិធីច្បាប់ និងខ្វះការសម្របសម្រួលបច្ចេកទេសជាមួយមន្ត្រីគយជំនាញ។

ជាមួយគ្នានេះ ការផ្សព្វផ្សាយព័ត៌មាន ឬរូបភាពខ្លីៗអំពីប្រតិបត្តិការបង្ក្រាបនៅលើបណ្តាញសង្គម ក៏អាចបង្កឱ្យមានការយល់ច្រឡំ និងជះឥទ្ធិពលដល់ទំនុកចិត្តរបស់អ្នកវិនិយោគផងដែរ។ អង្គប្រជុំបានឯកភាពថា ការដោះស្រាយបញ្ហាទាំងអស់ ត្រូវផ្អែកលើគោលការណ៍គោរព និងអនុវត្តច្បាប់ជាធរមាន ដោយត្រូវបែងចែកឱ្យបានច្បាស់លាស់រវាងទំនិញនាំចូលដោយខុសច្បាប់ ឬទំនិញគេចពន្ធ និងទំនិញនាំចូលស្របច្បាប់ ឬវត្ថុធាតុដើមសម្រាប់ផលិតកម្មក្នុងស្រុក

ជាមួយគ្នានេះ អង្គប្រជុំបានស្នើឱ្យមានកិច្ចអន្តរាគមន៍ និងកិច្ចសម្របសម្រួលបន្ទាន់ពីអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកំណត់នីតិវិធីច្បាស់លាស់សម្រាប់ការចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ ស្របតាមគោលការណ៍នីតិរដ្ឋ រក្សាបាននូវបរិយាកាសវិនិយោគ ស្ថិរភាពសេដ្ឋកិច្ច និងការប្រកួតប្រជែងដោយស្មើភាពក្នុងទីផ្សារ៕

ដោយ៖khmerhome

RELATED ARTICLES

កម្ពុជាស្វាគមន៍កិច្ចព្រមព្រៀងអាម៉េរិក-អ៊ីរ៉ង់ និងការបើកច្រកសមុទ្រ Hormuz ឡើងវិញ ខណៈច្រកនេះមានសារៈសំខាន់ចំពោះសន្តិសុខតំបន់ និងសកល កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មអន្តរជាតិ
Fri, 19 Jun 2026
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក
Fri, 19 Jun 2026
អគ្គនាយកដ្ឋានគយ និងសភាពាណិជ្ជកម្មកម្ពុជា បើកកិច្ចពិភាក្សាបន្ទាន់ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន ពាក់ព័ន្ធនឹងការត្រួតពិនិត្យឃ្លាំងនិងការឃាត់ទំនិញ
Fri, 19 Jun 2026