Register Already an agent ? Login

សហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ទីផ្សារហ្វីលីពីនក្លាយជាកម្លាំងជំរុញថ្មីសម្រាប់ការនាំចេញអង្កររបស់កម្ពុជា នឹងកើនលើស ១០ម៉ឺនតោន នៅចុងឆ្នាំ២០២៦ នេះ

ភ្នំពេញ៖ ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញក្តីរំពឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសហ្វីលីពីន នឹងបន្តកើនឡើងដល់ជាង ១០ម៉ឺនតោននៅចុងឆ្នាំ២០២៦នេះ ខណៈក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំនេះ ទីផ្សារហ្វីលីពីនបាននាំចូលអង្ករកម្ពុជាប្រមាណពី ៦ម៉ឺន ទៅ ៧ម៉ឺនតោនរួចហើយ ដែលបង្ហាញពីកំណើនគួរឱ្យកត់សម្គាល់។

ឧកញ៉ា ឡាយ ឈុនហួ បានអះអាងថា ការនាំចេញអង្ករកម្ពុជាទៅកាន់ហ្វីលីពីនត្រូវបានរំពឹងថានឹងបន្តកើនឡើងខ្លាំង ដោយសារប្រទេសនេះកំពុងបង្កើនការស្តុកបម្រុងស្បៀង និងមានតម្រូវការនាំចូលអង្ករខ្ពស់។ ជាមួយគ្នានេះ ទីផ្សារហ្វីលីពីនក៏បានក្លាយជាទិសដៅនាំចេញដ៏សំខាន់មួយរបស់កម្ពុជា ក្នុងចំណោមទីផ្សារអាស៊ានផ្សេងៗទៀតផងដែរ។

ឧកញ៉ាបានបញ្ជាក់ថា សហព័ន្ធស្រូវអង្ករកម្ពុជា កំពុងខិតខំពង្រីកទីផ្សារនាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីនបន្ថែមទៀត ដើម្បីសម្រេចគោលដៅនាំចេញលើស ១០ម៉ឺនតោននៅឆ្នាំ២០២៦។ ឧកញ៉ាបន្តថា កំណើននៃការនាំចេញនេះ បានឆ្លុះបញ្ចាំងពីជោគជ័យនៃយុទ្ធសាស្ត្រពិពិធកម្មទីផ្សារ និងការទទួលស្គាល់គុណភាពអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ ដោយសារអង្ករប្រណិតកម្ពុជា ពូជផ្ការំដួល ក្រោមម៉ាក «ម្លិះអង្គរ» បានឈ្នះពានរង្វាន់ «អង្ករល្អប្រណិតលើពិភពលោក» ក្នុងកម្មវិធី World Rice Conference ដោយកម្ពុជាបានទទួលជ័យលាភីលេខ១ នេះ សរុបចំនួន ៧លើករួចមកហើយ។

ជាមួយគ្នានេះ ហ្វីលីពីន គឺជាប្រទេសនាំចូលអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក ដោយអ្នកផ្គត់ផ្គង់សំខាន់ៗរួមមាន វៀតណាម ថៃ ឥណ្ឌា មីយ៉ាន់ម៉ា កម្ពុជា និងប៉ាគីស្ថាន។ ក្នុងរយៈពេល ៣ខែដំបូងនៃឆ្នាំ២០២៦ ប្រទេសនេះបាននាំចូលអង្ករប្រមាណ ២,១២លានតោន។ យោងតាម S&P Global Energy CERA បានឱ្យដឹងថា ហ្វីលីពីនត្រូវបានព្យាករថានឹងនាំចូលអង្ករចំនួន ៥,៦លានតោន ក្នុងឆ្នាំទីផ្សារ ២០២៦-២០២៧ ចាប់ពីខែកក្កដា ដល់ខែមិថុនា កើនឡើងប្រមាណ ៦០% ធៀបនឹងឆ្នាំមុន។ កំណើននេះកើតឡើងចំពេលមានហានិភ័យចំពោះការផលិតស្រូវក្នុងស្រុក ដោយសារថ្លៃជីកសិកម្មខ្ពស់ និងផលប៉ះពាល់ពីបាតុភូតអែលនីញ៉ូ។

ក្រសួងកសិកម្មហ្វីលីពីន បានព្យាករថា ទិន្នផលស្រូវរបស់ប្រទេសនេះនៅឆ្នាំ២០២៦ អាចធ្លាក់ចុះពី ២០,២៨លានតោន មកនៅត្រឹម ១៩,៨៧លានតោន ដោយសារវិបត្តិនៅមជ្ឈិមបូព៌ា និងបញ្ហាគ្រោះរាំងស្ងួត។សូមបញ្ជាក់ថា យោងតាមទិន្នន័យរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៥ខែដំបូង ឆ្នាំ២០២៦ កម្ពុជា បាននាំចេញអង្ករជាង ៥៦ម៉ឺនតោន មានតម្លៃសរុបជាង ៣២៧លានដុល្លារអាម៉េរិក។ ទន្ទឹមនឹងនេះ កម្ពុជា ក៏បាននាំចេញស្រូវប្រមាណ ២,៧៥លានតោន ដែលមានតម្លៃជាង ៥៩១លានដុល្លារអាម៉េរិកផងដែរ៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026