Register Already an agent ? Login

ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លើកឡើងថា ៥ឆ្នាំចុងក្រោយ ចិនបានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ រួមចំណែកអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗរបស់កម្ពុជា

ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជំរុញកំណើនវិនិយោគ ទេសចរណ៍ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ការលើកឡើងនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី ZHONG Jie អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម អមស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការងារនៅកម្ពុជា និងចូលជួបសម្តែងការគួរសមជាមួយលោក XUE Dong អគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី អមស្ថានទូតចិនប្រចាំនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី កម្ពុជា និងចិន ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជា «មិត្តដែកថែប» បានបន្តពង្រឹង និងពូនជ្រុំទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ។ឯកឧត្តមបន្ថែមថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមក ដែលកម្ពុជាបានជួបប្រទះវិបត្តិជាច្រើន ចាប់ពីការរាតត្បាតនៃជំងឺកូវីដ-១៩ រហូតដល់វិបត្តិសកលផ្សេងៗទៀត រដ្ឋាភិបាលចិនបានបន្តផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ និងជំនួយមនុស្សធម៌បន្ទាន់ ដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា។

ជាក់ស្តែង ការគាំទ្ររបស់ចិនបានរួមចំណែកដល់ការអភិវឌ្ឍវិស័យអាទិភាពសំខាន់ៗ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ធារាសាស្ត្រ ផ្លូវជនបទ ទឹកស្អាត ថាមពល សុខាភិបាល អប់រំ និងការអភិវឌ្ឍធនធានមនុស្ស។ ទន្ទឹមនឹងនេះ លំហូរវិនិយោគ ទេសចរណ៍ និងពាណិជ្ជកម្មពីប្រទេសចិនមកកម្ពុជាក៏បានបន្តកើនឡើងជាបន្តបន្ទាប់ផងដែរ។

ជាការឆ្លើយតប លោកស្រី ZHONG Jie បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី រួមមានក្របខណ្ឌអាស៊ាន និងអង្គការពាណិជ្ជកម្មពិភពលោក (WTO)។

លោកស្រី បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ បានរួមចំណែកធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិនកាន់តែស៊ីជម្រៅ និងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ឱ្យទទួលបានសមិទ្ធផលជាច្រើន។លោកស្រី ក៏បានសម្តែងនូវការត្រេកអរចំពោះសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងអំឡុងពេលបំពេញបេសកកម្មនៅកម្ពុជា រួមមាន មហាវិថីស៊ី ជីនពីង ផ្លូវក្រវាត់ក្រុងទី៣ គម្រោងសាងសង់ផ្លូវជាតិលេខ៧ និងគម្រោងអភិវឌ្ឍន៍សាកលវិទ្យាល័យក្រចេះ ជំហានទី២ ជាដើម។ដោយឡែក លោកអគ្គទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មថ្មី អមស្ថានទូតចិនប្រចាំនៅកម្ពុជា បានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានប្តេជ្ញាថា នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំ និងទទួលបានលទ្ធផលជាវិជ្ជមានបន្ថែមទៀត ស្របតាមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

ដោយ៖khmerhome