ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ជឿជាក់ថា ការដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា (ស.ព.ក)» (CTE) នឹងដើរតួនាទីដៃគូយុទ្ធសាស្ត្រមួយ ក្នុងការបន្តរក្សាសន្តិសុខស្បៀងប្រកបដោយចីរភាព និងភាពធន់ ក្នុងការជួយអភិវឌ្ឍអាជីវកម្មថ្មីៗ ដោយជម្រុញការវិនិយោគក្នុងវិស័យកែច្នៃកសិផល និងភ្ជាប់អ្នកផលិតកម្ពុជាជាមួយទីផ្សារ និងដៃគូពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក តាមរយៈការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន វិស័យឯកជន និងដៃគូពាក់ព័ន្ធ។
ការជឿជាក់យ៉ាងមុតមាំបែបនេះរបស់ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម តំណាងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ «សហគ្រាសពាណិជ្ជកម្មកម្ពុជា» (ស.ព.ក) នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន អង្គទូតនានាប្រចាំនៅកម្ពុជា ដៃគូអភិវឌ្ឍន៍វិស័យឯកជន និងដៃគូពាក់ព័ន្ធផងដែរ។
ឯកឧត្តម កឹម ស៊ីថន លើកឡើងថា ព្រឹត្តិការណ៍នេះ មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះប៉ុណ្ណោះទេ ប៉ុន្តែជាការលើកទំព័រថ្មីរបស់គ្រឹះស្ថានសាធារណៈមួយ ដែលត្រូវបានធ្វើទំនើបកម្មនិងរៀបចំឡើងវិញ ចេញពីអតីតក្រុមហ៊ុន ហ្គ្រីន ត្រេដ (Green Trade) ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់សន្តិសុខស្បៀង ការរក្សាលំនឹងទីផ្សារកសិកម្ម និងការជម្រុញពាណិជ្ជកម្មអង្ករកម្ពុជា ក្នុងរយៈពេលប្រមាណជាង ៣០ឆ្នាំកន្លងមកនេះ។
ឯកឧត្តម កឹម ស៊ីថន បានវាយតម្លៃខ្ពស់ចំពោះការបំពេញបេសកកម្មការងារដ៏ល្អប្រសើរ និងសមិទ្ធផលដែលសម្រេចបានរបស់ក្រុមហ៊ុន ហ្គ្រីន ត្រេដ ក្នុងពេលកន្លងមកនេះ ចាប់តាំងពីពេលបង្កើតឡើងក្នុងឆ្នាំ១៩៩៨ រហូតដល់មានការទទួលស្គាល់ពីរាជរដ្ឋាភិបាល និងវិស័យឯកជនទាំងក្នុងនិងក្រៅប្រទេស ក្នុងនាមជាគ្រឹះស្ថានសាធារណៈចម្បង និងសកម្មលើការអនុវត្តគោលនយោបាយសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានការចាត់ចែង និងរក្សាស្បៀងបម្រុងជារូបវន្ត ការចូលរួមរក្សាសេដ្ឋកិច្ច សន្តិសុខស្បៀង និងកសិផល។
ឯកឧត្តម កឹម ស៊ីថន បានបន្តថា ការចូលរួមលើកកម្ពស់ពាណិជ្ជកម្មបៃតង និងការអន្តរាគមន៍តាមការចាំបាច់ជាក់ស្តែង ក្នុងស្ថានភាពដែលប្រទេសជាតិជួបប្រទះនូវមហន្តរាយ គ្រោះអាសន្ន និងក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសថ្មីៗនេះ ក្នុងពេលដែលមានសង្គ្រាមព្រំដែនដោយភាគីថៃ បង្កឱ្យប្រជាជនរាប់សែននាក់បានភៀសខ្លួន ផ្លាស់ប្តូរទីលំនៅ ដែលជាស្ថានភាពដ៏លំបាកបំផុតសម្រាប់ប្រទេសជាតិ ដែលក្រុមហ៊ុន ហ្គ្រីន ត្រេដ បានចូលរួមយ៉ាងសកម្ម ក្នុងការផ្គត់ផ្គង់ និងជូនស្បៀងបម្រុងទៅកាន់កងទ័ព និងប្រជាជន។
ឯកឧត្តម កឹម ស៊ីថន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ក្រុមហ៊ុន ហ្គ្រីន ត្រេដ ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា ព្រមទាំងថវិកាផ្ទាល់ខ្លួន ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងវិជ្ជាជីវៈខ្ពស់។ ក្នុងបរិបទដែលប្រព័ន្ធពាណិជ្ជកម្មសកលកាន់តែមានភាពស្មុគស្មាញ និងពិបាកក្នុងការទស្សន៍ទាយ និងការប្រែប្រួលខ្លាំងនៃខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងសកលលោក ខណៈដែលកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងឈានទៅសម្រេចបាននូវចក្ខុវិស័យក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០ យើងត្រូវការស្ថាប័នដែលមានសមត្ថភាព សក្តានុពល និងភាពបត់បែនខ្ពស់ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល។
ក្នុងបរិបទនេះ ឯកឧត្តម កឹម ស៊ីថន គូសបញ្ជាក់ថា CTE ត្រូវបានបង្កើតឡើងដើម្បីឱ្យក្លាយទៅជាសហគ្រាសសាធារណៈដ៏ទំនើបមួយ ដែលអាចចូលរួមចំណែកក្នុងការពង្រឹងការប្រកួតប្រជែងរបស់កម្ពុជា ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការបង្កើតឱកាសពាណិជ្ជកម្មថ្មីៗ សម្រាប់ប្រទេសជាតិទាំងមូល។ នេះក៏មិនមែនជាការធ្វើទំនើបកម្ម និងកែទម្រង់ស្ថាប័នលើកទីមួយដែរ ជាក់ស្តែងគឺជារួបរួមគ្នារវាងក្រុមហ៊ុនរដ្ឋចំនួន៥ រួមមាន៖ ក្រុមហ៊ុនស្បៀងកម្ពុជា, ក្រុមហ៊ុនសម្ភារៈបរិក្ខា, ក្រុមហ៊ុនប្រមូលទិញកសិផលកសិកម្ម, ក្រុមហ៊ុនដឹកជញ្ជូនពាណិជ្ជកម្ម និងក្រុមហ៊ុនកុងស៊ី។
ឯកឧត្តម កឹម ស៊ីថន សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនដ៏សំខាន់នៃកំណើនសេដ្ឋកិច្ច ការវិនិយោគ និងពាណិជ្ជកម្ម។ ការបង្កើត CTE នេះ មិនមែនក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយវិស័យឯកជនទេ ហើយក៏គ្មានគោលបំណងជំនួសតួនាទីរបស់វិស័យឯកជនក្នុងទីផ្សារសេរីដែរ ប៉ុន្តែផ្ទុយទៅវិញ CTE នឹងដើរតួនាទីជាដៃគូយុទ្ធសាស្ត្រ ប្រកបដោយគំនិតច្នៃប្រឌិតមួយ ដែលនឹងជួយបើកផ្លូវទៅរកការអភិវឌ្ឍ ភាពអាជីវកម្មថ្មីៗ ជួយអភិវឌ្ឍទីផ្សារថ្មីៗ និងជួយបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់តួអង្គកាន់តែច្រើននៃវិស័យឯកជនរបស់កម្ពុជា៕
ដោយ៖khmerhome