តូក្យូ៖ កម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងទាក់ទាញវិនិយោគពីប្រទេសជប៉ុន ស្របពេលដែលលំហូរវិនិយោគជប៉ុនមកកម្ពុជា បានថមថយគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីវិបត្តិកូវីដ-១៩ និងឥទ្ធិពលនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ដែលបានប៉ះពាល់ដល់ការសម្រេចចិត្តវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅក្រៅប្រទេស។
ក្នុងគោលដៅពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងទាក់ទាញវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ជួបពិភាក្សាការងារជាមួយលោក Norihiko Ishiguro ប្រធាន និងជានាយកប្រតិបត្តិអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) នៅទីក្រុងតូក្យូ នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦។
ជំនួបនេះ ធ្វើឡើងក្នុងថ្ងៃដំបូងនៃបេសកកម្មគោះទ្វារទាក់ទាញ និងជំរុញវិនិយោគរបស់កម្ពុជានៅប្រទេសជប៉ុន ដោយមានការចូលរួមពីឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ព្រមទាំងតំណាងវិស័យឯកជនកម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ការស្វែងរកឱកាសធុរកិច្ចថ្មីៗ និងការទាក់ទាញទាំងសាជីវកម្មធំៗ និងសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ជប៉ុន ឱ្យមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសលើវិស័យឧស្សាហកម្ម បច្ចេកវិទ្យា ភស្តុភារកម្ម កសិឧស្សាហកម្ម និងថាមពល។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីការបង្កើតក្រុមការងារសហបង្កើតធុរកិច្ច (Business Co-Creation Team-BCT) ដែលជាយន្តការសំខាន់សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរ និងជាវេទិកាសម្រាប់ដោះស្រាយបញ្ហាប្រឈមនានារបស់វិនិយោគិនឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យភាគីជប៉ុនពិចារណាបើកជើងហោះហើរត្រង់រវាងកម្ពុជា និងជប៉ុនឡើងវិញ ដោយលើកឡើងថា ការតភ្ជាប់ផ្លូវអាកាសដោយផ្ទាល់ គឺជាកត្តាគន្លឹះមួយសម្រាប់ការជំរុញពាណិជ្ជកម្ម ការវិនិយោគ និងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ បានឯកភាពគ្នាយ៉ាងមុតមាំ ក្នុងការប្តេជ្ញាពង្រឹងសកម្មភាពការងាររួមគ្នាឱ្យកាន់តែសកម្ម និងមុតស្រួចថែមទៀត ជាពិសេសគឺការយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួល និងដោះស្រាយរាល់បញ្ហាប្រឈម ឬកង្វល់នានារបស់វិនិយោគិនជប៉ុន ផ្អែកលើការផ្តល់អនុសាសន៍ណែនាំ និងកញ្ចប់ដំណោះស្រាយប្រកបដោយយន្តការយុទ្ធសាស្ត្រពីរាជរដ្ឋាភិបាលកម្ពុជា។ ការប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហានេះ គឺដើម្បីធានាឱ្យបាននូវសេវាគាំទ្រវិនិយោគមួយប្រកបដោយភាពកក់ក្តៅ តម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ ដែលជាគន្លឹះដ៏សំខាន់ក្នុងការរក្សាវិនិយោគិនចាស់ និងទាក់ទាញវិនិយោគិនថ្មីៗបន្ថែមទៀតពីជប៉ុន។
យោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជា ទទួលបានការវិនិយោគផ្ទាល់ពីបរទេស (FDI) ប្រមាណ ៦,៨៧ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។ ទោះជាយ៉ាងណា ក្នុងចំណោមប្រភពវិនិយោគធំៗទាំង៩ របស់កម្ពុជា មិនមានប្រទេសជប៉ុនស្ថិតក្នុងបញ្ជីនោះឡើយ ដែលបង្ហាញពីការថមថយនៃលំហូរវិនិយោគជប៉ុន បើធៀបនឹងរយៈពេលមុនៗដែលជប៉ុនធ្លាប់ជាវិនិយោគិន និងដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់កម្ពុជា៕
ដោយ៖khmerhome