Register Already an agent ? Login

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អំពាវនាវដល់សមាគមក្នុងឧស្សាហកម្មទេសចរណ៍ និងវិស័យឯកជន បន្តពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់សមាគមក្នុងឧស្សាហកម្មទេសចរណ៍ គ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន បន្តពង្រឹងកិច្ចសហការលើការបណ្តុះបណ្តាលបដិសណ្ឋារកិច្ច និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈទេសចរណ៍ ដើម្បីលើកកម្ពស់គុណភាពមូលធនមនុស្ស និងសេវាកម្មទេសចរណ៍ ស្របតាមទស្សនទាន «បុគ្គលិកម្នាក់ ជំនាញមួយ» និង «សេវាមួយ ស្តង់ដាមួយ» ដែលក្រសួងទេសចរណ៍បានដាក់ចេញ។

ការអំពាវនាវរបែបនេះរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ចជាង ២០០នាក់ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពស្នូលមួយសម្រាប់វិស័យទេសចរណ៍ ដោយត្រូវជំរុញការបណ្តុះបណ្តាលជំនាញថ្មី និងការបង្កើនជំនាញ (Reskilling & Upskilling) ដល់បុគ្គលិកក្នុងវិស័យ ដើម្បីធានាបាននូវការផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ ភាពកក់ក្តៅ និងវិជ្ជាជីវៈ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម វង្សី វិស្សុត ដែលបានផ្តល់ការគាំទ្រ និងអនុសាសន៍ជាប់ជាប្រចាំសម្រាប់ការអភិវឌ្ឍខេត្តកំពង់ធំ ជាពិសេសការដាក់ឱ្យប្រើប្រាស់ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០ ដែលនឹងជំរុញឱ្យខេត្តនេះក្លាយជាប៉ូលទេសចរណ៍តភ្ជាប់ដ៏សំខាន់ទៅកាន់តំបន់សៀមរាប-អង្គរ និងតំបន់ជុំវិញបឹងទន្លេសាប។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរចំពោះលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងដៃគូពាក់ព័ន្ធ ដែលបានសហការរៀបចំកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា នៅតាមគោលដៅទេសចរណ៍នានា ជាពិសេសនៅខេត្តកំពង់ធំ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រសួងទេសចរណ៍នឹងបន្តអនុវត្តយុទ្ធសាស្ត្រគន្លឹះទាំង៦ និងជំរុញយុទ្ធនាការ «ទស្សនាកម្ពុជានារដូវកាលបៃតងឆ្នាំ២០២៦» ដោយផ្តោតលើការបង្កើនភ្ញៀវទេសចរអន្តរជាតិ ជំរុញទេសចរណ៍ក្នុងស្រុក និងពង្រាយលំហូរភ្ញៀវទេសចរពេញមួយឆ្នាំ សំដៅប្រែក្លាយកម្ពុជាទៅជាគោលដៅទេសចរណ៍ដែលមានកំណើនពេញមួយឆ្នាំ (Year-Round Destination)។

សូមបញ្ជាក់ថា ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រទាំងនេះ ការអភិវឌ្ឍមូលធនមនុស្សនៅតែជាអាទិភាពចម្បង តាមរយៈការលើកកម្ពស់សមត្ថភាព ជំនាញវិជ្ជាជីវៈ និងផលិតភាពរបស់បុគ្គលិកក្នុងវិស័យទេសចរណ៍ ដើម្បីធានាបាននូវសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចប្រកបដោយគុណភាពខ្ពស់ ស្តង់ដារ ភាពកក់ក្តៅ និងភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕

ដោយ៖khmerhome