Register Already an agent ? Login

រដ្ឋមន្រ្តីអគ្គរដ្ឋបាលគយចិន បញ្ជាក់ជូនអំពីការខិតខំសម្របសម្រួលនីតិវិធីសម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារចិន ឱ្យបានច្រើនបន្ថែមទៀតនៃប្រទេសទាំងពីរ

ភ្នំពេញ៖ លោកជំទាវ Sun Meijun រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយចិន បានបញ្ជាក់ជូនអំពីការខិតខំសម្របសម្រួលនីតិវិធី សម្រាប់ការនាំចូលផលិតផលកសិកម្មពីកម្ពុជាទៅកាន់ទីផ្សារចិន តាមរយៈការជំរុញលើកទឹកចិត្តឱ្យមានការនាំ ចេញផលិតផលកសិកម្ម ដូចជាចេក និងធុរេនពីកម្ពុជាទៅចិនឱ្យបានច្រើនបន្ថែមទៀត និងស្នើឱ្យកម្ពុជាពន្លឿនការតភ្ជាប់នូវប្រព័ន្ធបញ្ជរតែមួយ និងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យដើមកំណើតទំនិញតាមទម្រង់អេឡិចត្រូ-និក និងផ្តល់គាំទ្រនូវកិច្ចសហប្រតិបត្តិការរដ្ឋបាលគយឆ្លាតវៃរបស់ខ្លួន ដើម្បីទទួលបានលទ្ធផលនិងផលប្រយោជន៍រួមគ្នា ក្នុងការពន្លឿននិងសម្រួលពាណិជ្ជកម្មនៃប្រទេសទាំងពីរ។

ការបញ្ជាក់ជូនបែបនេះរបស់លោកជំទាវ Sun Meijun រដ្ឋមន្រ្តីនៃអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងខណៈដែលលោកជំទាវអញ្ជើញមកចូលរួម កិច្ចសន្ទនារវាងអគ្គរដ្ឋបាលគយ នៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន លើកទី២៤” ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ នៅរាជធានីភ្នំពេញ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី​ផងដែរ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលគយនៃប្រទេសទាំងពីរ នាពេលកន្លងមក ជាពិសេសការផ្តល់ជំនួយបច្ចេកទេសរបស់រដ្ឋបាលគយចិន ​​លើការងារបច្ចេកទេសគយ កិច្ចសម្រួលពាណិជ្ជកម្ម ការកសាងសមត្ថភាពធនធានមនុស្ស និងអភិវឌ្ឍន៍ស្ថាប័ន គំនិតផ្តួចផ្តើមរដ្ឋបាលគយឆ្លាតវៃ បញ្ញាសិប្បនិម្មិត ដើម្បីជំរុញពង្រឹងនិងពង្រីកបន្ថែមការតភ្ជាប់ក្នុងតំបន់សម្រាប់កម្ពុជា-ចិន ​និងសមាជិកអាស៊ាន ជាដើម។​

លោកជំទាវរដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីលទ្ធផលនៃ កិច្ចសន្ទនារវាងអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋ ប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន លើកទី ២៤” កាលពីព្រឹកថ្ងៃទី៣ ខែ មិថុនា ឆ្នាំ ២០២៦ ដោយអាស៊ាន និងចិន បានសម្រេចចេញនូវ សេចក្តីថ្លែងការណ៍រួម”។ ជាមួយគ្នានេះ, ថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០២៦ នេះ, អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន និងអគ្គនាយកនៃរដ្ឋបាលគយអាស៊ាន នឹងរៀបចំពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងការទទួលស្គាល់ គ្នាទៅវិញទៅមកនៃកម្មវិធី​​ប្រតិបត្តិករ សេដ្ឋកិច្ច​បានទទួលការអនុញ្ញាត (AEO) រវាងរដ្ឋបាលគយកម្ពុជា និងរដ្ឋបាលគយចិន ផងដែរ។

ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការខិតខំបន្ថែមទៀត ក្នុងការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ក្នុងខណៈដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាបណ្តាលមកពីភាពតាន តឹងភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការប្រែប្រួលសេដ្ឋកិច្ច ក៏ដូចជានិន្នាការអវិជ្ជមាននៃការការពារនិយម និងភាគីនិយម (Protectionism) ដែលជះឥទ្ធិពលអវិជ្ជមានមកលើពាណិជ្ជកម្ម សេដ្ឋកិច្ច-សង្គម និង ជីវភាពប្រចាំថ្ងៃរបស់ប្រជាជន​ ជាដើម។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានជម្រាបអំពីស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន និងវិធានការបន្ទាន់ជាអាទិភាពនានា ដែលបានរាជរដ្ឋាភិបាលដាក់ចេញថ្មីៗនេះ ពាក់ព័ន្ធនឹងការងារគយ និងរដ្ឋាករកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលចំណូល ឆ្លើយតបនឹងតម្រូវការចាំបាច់ ធានាចីរភាព និងលំនឹងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។​ ក្នុងនោះ គិតត្រឹមបំណាច់ ត្រីមាសឆ្នាំ២០២៦ ក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន, ទំហំពាណិជ្ជកម្មកម្ពុជា-ចិន មានកំណើនគួរឱ្យកត់សម្គាល់។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល សាធារណរដ្ឋប្រជាមានិតចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា និងបានជូនពរ លោកជំទាវរដ្ឋមន្រ្តី ឯកឧត្តមអគ្គរាជទូត និងសហការី ទទួលបានជោគជ័យគ្រប់ភារកិច្ច ក្នុងដំណើរបេសកកម្មរបស់ខ្លួននៅកម្ពុជា៕

អត្ថបទ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026