ភ្នំពេញ៖ អាល្លឺម៉ង់គូសបញ្ជាក់សារជាថ្មីនូវការបន្តការប្ដេជ្ញាចិត្តក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ស្របពេលដែលគណៈប្រតិភូបានសង្កេតឃើញដោយផ្ទាល់ពីកម្ពុជា ដែលទទួលបានលិទ្ធផលគួរឱ្យកត់សម្គាល់លើការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។
ការបន្តការប្ដេជ្ញាចិត្តបែបនេះរបស់លោក Thomas Rachel សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ជំនួបនេះមានការចូលរួមដោយឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, លោក Christof Weigelmeier អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតសហព័ន្ធអាល្លឺម៉ង់ និងលោកបណ្ឌិត Gidon Windecker អនុប្រធានផ្នែកសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតសហព័ន្ធអាល្លឺម៉ង់ រួមជាមួយសមាជិកសភាសហព័ន្ធអាល្លឺម៉ង់ និងសហការីនៃស្ថានទូតសហព័ន្ធអាល្លឺម៉ង់។
អាល្លឺម៉ង់បានវាយតម្លៃខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ និងបានសម្តែងការពេញចិត្តចំពោះការរីកចម្រើន ដែលគណៈប្រតិភូបានសង្កេតឃើញដោយផ្ទាល់ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅខេត្តសៀមរាប ដែលទទួលបានលិទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការកាត់បន្ថយភាពក្រីក្រ, ការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច និងគាំពារសង្គម។
លើសពីនេះ គោលបំណងនៃជំនួបនេះ គឺដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ព្រមទាំងវឌ្ឍនភាព ទិសដៅ និងឱកាសក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងអាល្លឺម៉ង់ នាពេលអនាគត ។ ជំនួបនេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរទស្សនៈលើអាទិភាពក្នុងកិច្ចសហប្រតិបត្តិការ ដែលជាធាតុចូលក្នុងការត្រៀមរៀបចំកិច្ចពិគ្រោះយោបល់ ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-អាល្លឺម៉ង់ ដែលគ្រោងនឹងប្រព្រឹត្តទៅនាពេលខាងមុខ។
ក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាសហព័ន្ធអាល្លឺម៉ង់ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា និងសាទរចំពោះភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ។ លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាឆ្នាំ២០២៩ ដែលជាសមិទ្ធផលដ៏មានសារៈសំខាន់ និងជាការទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែកម្ពុជានៅតែប្រឈមនឹងបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យរាជរដ្ឋាភិបាលបន្តខិតខំប្រឹងប្រែង ជាពិសេសការរក្សានិរន្តរភាពនៃជំនួយអភិវឌ្ឍន៍ ការពង្រឹងសមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ផលិតភាព និងការធ្វើឱ្យប្រសើរឡើងនៃស្ថាប័នសាធារណៈ។
ជាក់ស្តែង ក្នុងការបន្តជំរុញលើកកម្ពស់ភាពប្រកួតប្រជែង, ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋភិបាល ដែលមានការគាំទ្រពីអាល្លឺម៉ង់ បានអនុវត្តគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា (ICONE) ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅកម្ពុជា ដូចជាការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាស, ការលើកកម្ពស់ផលិតភាព, ការជំរុញនវានុវត្តន៍ និងការពង្រឹងសេវាគាំទ្រអាជីវកម្ម។
ជាមួយគ្នានេះដែរ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជាសរុបប្រមាណ ៨៨៧លានដុល្លារអាម៉េរិក ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក តាមរយៈ ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) និងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ)។
ក្នុងចំណោមទឹកប្រាក់សរុបនេះ មានហិរញ្ញប្បទានឥតសំណងចំនួន ៧៦២លានដុល្លារអាម៉េរិក និងឥណទានសម្បទានចំនួន ១២៥លានដុល្លារអាម៉េរិក ដែលបានគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ការដោះមីន និងសំណល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ អប់រំ អភិបាលកិច្ច អភិវឌ្ឍន៍ជនបទ ថាមពល សុខាភិបាល គាំពារសង្គម ការពង្រឹងវិស័យវាយនភណ្ឌ និងកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
អាល្លឺម៉ង់ក៏ជាដៃគូទ្វេភាគីដ៏សំខាន់ ក្នុងវិស័យកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងនោះ អាល្លឺម៉ង់បានគាំទ្រកម្មវិធីជាបន្តបន្ទាប់ រួមមាន៖ ១.កម្មវិធីពង្រឹងការបំពេញការងារគណនេយ្យភាព និងការចូលរួមរបស់សង្គមស៊ីវិលជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ, ២.កម្មវិធីគាំទ្រកំណែទម្រង់វិមជ្ឈការ និងកំណែទម្រង់រដ្ឋបាល, ៣.កម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជា ដំណាក់កាលទី១ ដែលកម្មវិធីនេះបានបញ្ចប់នៅដំណាច់ឆ្នាំ២០២៥, និង៤.កម្មវិធីធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាជូនប្រជាពលរដ្ឋនៅកម្ពុជាដំណាក់កាលទី២ (ISD 2) ក្នុងទឹកប្រាក់សរុបចំនួន ១៨,៤លានអឺរ៉ូ (ហិរញ្ញប្បទានឥតសំណង) ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់ពីដើមឆ្នាំ ២០២៦ នេះ៕
ដោយ៖khmerhome