ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) របស់កម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងចំណោមស្ថានីយអាកាសយានដ្ឋានថ្មីល្អបំផុតរបស់ពិភពលោក (World’s Best New Airport Terminal 2026) តាមការវាយតម្លៃរបស់ Skytrax World Airport Awards ផ្អែកលើវិសាលភាពពេញលេញនៃបរិក្ខារ (full range of airports facilities), សេវាកម្មអាកាសយានដ្ឋាន ព្រមទាំងគុណភាពសេវាកម្មរបស់បុគ្គលិក និងបទពិសោធន៍របស់អ្នកដំណើរ។
ពានរង្វាន់នេះត្រូវបានផ្តល់ជូនសម្រាប់អគារស្ថានីយអ្នកដំណើរថ្មី នៃអាកាសយានដ្ឋានដែលបានបើកដាក់ឱ្យដំណើរការក្នុងអំឡុងពេល ១៨ខែមុនការប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោកឆ្នាំ២០២៦ និងបានប្រកាសជាផ្លូវការក្នុងពិធីប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោក Skytrax ឆ្នាំ២០២៦ (Skytrax World Airport Awards 2026) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្នុងទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយបានរៀបចំឡើងស្របពេលជាមួយពិព័រណ៍ និងសន្និសីទ Passenger Terminal Expo & Conference។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា ការទទួលបានចំណាត់ថ្នាក់នេះ ត្រូវបានចាត់ទុកថា ជាការទទួលស្គាល់លើឆាកអន្តរជាតិចំពោះគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលនឹងរួមចំណែកលើកកម្ពស់វិស័យអាកាសចរណ៍ ទេសចរណ៍ និងភាពទាក់ទាញវិនិយោគរបស់កម្ពុជាផងដែរ។
សូមបញ្ជាក់ថា ចំណាត់ថ្នាក់កំពូលទាំង៥ នៃពានរង្វាន់ “អគារស្ថានីយអ្នកដំណើរថ្មីល្អបំផុតលើពិភពលោក ឆ្នាំ២០២៦” មាន៖1. អាកាសយានដ្ឋាន Aso Kumamoto Airport របស់ជប៉ុន2. អាកាសយានដ្ឋាន Terminal 3, Guangzhou Baiyun International Airport របស់ចិន3. អាកាសយានដ្ឋាន Terminal 1, San Diego International Airport របស់សហរដ្ឋអាម៉េរិក4. អាកាសយានដ្ឋាន Navi Mumbai International Airport របស់ឥណ្ឌា5. អាកាសយានដ្ឋាន Techo International Airport របស់កម្ពុជា៕
ដោយ៖khmerhome