Register Already an agent ? Login

អ្នកវិនិយោគចិនបន្តឈរលេខ១នៅកម្ពុជា ស្របពេលដែលការផ្លាស់ទីរោងចក្រចេញពីចិន បានជំរុញឱ្យកម្ពុជាក្លាយជាគោលដៅឧស្សាហកម្មដ៏សំខាន់នៅក្នុងតំបន់

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា ប្រទេសកម្ពុជា កំពុងត្រូវបានចាត់ទុកថា ជាគោលដៅវិនិយោគដ៏ទាក់ទាញមួយនៅក្នុងតំបន់ ខណៈទទួលបានអត្ថប្រយោជន៍ពីរលកសកលនៃការផ្លាស់ប្តូរទីតាំងឧស្សាហកម្មចេញពីប្រទេសចិន។ ជាក់ស្តែង ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ កម្ពុជា ទទួលបានទុនវិនិយោគពីប្រទេសចិនមានទំហំជាង ១៣០០លានដុល្លារអាម៉េរិក ដែលធ្វើឲ្យចិន បន្តឈរជាប្រទេសវិនិយោគបរទេសធំបំផុតនៅកម្ពុជា។

ផ្អែកលើការវិភាគទិន្នន័យមានរោងចក្រប្រមាណ ៥៤ម៉ឺន នៅប្រទេសចិន ដែលរំពឹងថា នឹងផ្លាស់ប្តូរទីតាំងផលិតកម្មទៅកាន់ប្រទេសផ្សេងៗ។ ចាប់តាំងពីឆ្នាំ២០២០ មក មានរោងចក្រប្រមាណ ១២ម៉ឺន ឬស្មើប្រហែល ២០% បានផ្លាស់ទីរួចហើយ។ វិស័យសំខាន់ៗដែលកំពុងផ្លាស់ទីរួមមាន គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត ការកែច្នៃកសិផល និងវិស័យកាត់ដេរ។

លើសពីនេះ កម្ពុជាក៏មានអត្ថប្រយោជន៍ផ្នែកកម្លាំងពលកម្មផងដែរ ដោយមានកម្លាំងពលកម្មវ័យក្មេង និងមានពលករប្រមាណ ១លាននាក់ ដែលបានត្រឡប់មកពីប្រទេសថៃ អាចចូលរួមគាំទ្រកំណើនវិស័យឧស្សាហកម្ម និងផលិតកម្មក្នុងស្រុក។ ចរន្តផ្លាស់ទីឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចនេះ នឹងបន្តកើនឡើង ដែលអាចជំរុញឲ្យកម្ពុជា ក្លាយជាគោលដៅវិនិយោគឧស្សាហកម្មកាន់តែសំខាន់ បើទោះបីជាពន្ធនាំចេញទំនិញពីកម្ពុជាទៅសហរដ្ឋអាម៉េរិក ត្រូវបានរំពឹងថា នឹងមានអត្រា ១៩% ក៏ដោយ។

ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ចិន បានក្លាយជាដៃគូវិនិយោគដ៏សំខាន់របស់កម្ពុជា ដោយជំរុញការអភិវឌ្ឍលើវិស័យសំខាន់ៗជាច្រើន រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ផលិតកម្ម អចលនទ្រព្យ ថាមពល ទេសចរណ៍ និងកសិកម្ម ជាដើម។ ជាមួយនឹងបរិយាកាសវិនិយោគអំណោយផល កម្លាំងពលកម្មវ័យក្មេង និងគោលនយោបាយគាំទ្រយ៉ាងរឹងមាំពីរាជរដ្ឋាភិបាល, កម្ពុជា កំពុងត្រូវបានមើលឃើញកាន់តែខ្លាំងឡើងថា ជាទីតាំងមានសក្តានុពលសម្រាប់ក្រុមហ៊ុនអន្តរជាតិ ដែលចង់ធ្វើពិពិធកម្មខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។

ការកើនឡើងនៃទុនវិនិយោគចិននេះ បានឆ្លុះបញ្ចាំងពីភាពរឹងមាំនៃទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងចិន។ ជាពិសេស កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀង RCEP ត្រូវបានចាត់ទុកជាកត្តាសំខាន់ ដែលលើកទឹកចិត្តឲ្យអ្នកវិនិយោគចិនកាន់តែច្រើនមកបណ្ដាក់ទុននៅកម្ពុជា។ ភាពជាដៃគូនេះ ត្រូវបានពង្រឹងបន្ថែមតាមរយៈគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) របស់ចិន ដែលបានជំរុញការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗជាច្រើននៅកម្ពុជា ដូចជា ផ្លូវថ្នល់ ស្ពាន និងគម្រោងថាមពល ដែលជួយពង្រឹងការតភ្ជាប់ និងសមត្ថភាពសេដ្ឋកិច្ចរបស់ប្រទេស។

យោងតាមការឲ្យដឹងពី CDC គឺគិតចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ រហូតដល់ដើមឆ្នាំ២០២៥ ទុនវិនិយោគរបស់ចិននៅកម្ពុជា មានទំហំសរុបប្រមាណ ៣៦ពាន់លានដុល្លារអាម៉េរិក ខណៈក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ (២០២១-២០២៥) ប្រទេសចិន បានឈរនៅលំដាប់លេខ១ ឬលេខ២ ជាប្រភពទុនវិនិយោគឯកជនធំបំផុតនៅកម្ពុជា៕

ដោយ៖khmerhome