Register Already an agent ? Login

រយៈពេល ២០ឆ្នាំចុងក្រោយ តម្លៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ក្នុងឆ្នាំ២០២៦នេះ ហក់ឡើងដល់កម្រិតខ្ពស់បំផុតដែលមិនធ្លាប់មាន

ភ្នំពេញ៖ ក្នុងរយៈពេល ២០ឆ្នាំកន្លងមក តម្លៃគ្រាប់ស្វាយចន្ទីសើមនៅកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ដែលអាចធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញជាងឆ្នាំមុនផងដែរ។ នេះបើតាមការឲ្យដឹងពីប្រធានសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា តម្លៃនាំចេញគ្រាប់ស្វាយចន្ទីសើមក្នុងឆ្នាំ២០២៦ មានការប្រែប្រួលតាមខែ ដោយក្នុងខែមករា មានតម្លៃប្រមាណ ៧.២០០រៀល ក្នុងមួយគីឡូក្រាម ខែកុម្ភៈ ៦.១០០រៀល ខែមីនា ៦.៣០០រៀល ខែមេសា ៦.២០០រៀល និងក្នុងខែឧសភានេះ មានតម្លៃជាមធ្យមប្រមាណ ៥.៥០០រៀល ក្នុងមួយគីឡូក្រាម។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានអះអាងថា ក្នុងនាមជាកសិករមួយរូបផងដែរ លោកមានការសប្បាយចិត្តយ៉ាងខ្លាំង ដោយសារឆ្នាំនេះស្វាយចន្ទីមានតម្លៃល្អ ទោះបីរដូវនេះមានភ្លៀងធ្លាក់ច្រើន បណ្ដាលឱ្យគុណភាពគ្រាប់ស្វាយចន្ទីធ្លាក់ចុះខ្លះ ក៏នៅតែលក់បានតម្លៃខ្ពស់។ ជាក់ស្ដែង លោកអាចលក់គ្រាប់ស្វាយចន្ទីគុណភាពអន់ បានក្នុងតម្លៃ ៥.៥០០រៀល ក្នុងមួយគីឡូក្រាម ដែលកើនឡើងប្រមាណ ២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

លោក អួន ស៊ីឡុត បានគូសបញ្ជាក់ថា តម្លៃស្វាយចន្ទីមានស្ថិរភាពល្អរយៈពេល ៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២៤ មក។ មូលហេតុសំខាន់ គឺដោយសារបណ្ដាប្រទេសនៅអាហ្វ្រិកខាងលិច បានផ្អាកការនាំចេញគ្រាប់ស្វាយចន្ទីឆៅ ដើម្បីទុកសម្រាប់ផ្គត់ផ្គង់ដល់ការកែច្នៃក្នុងស្រុក។ លោកបន្តថា ប្រទេសវៀតណាម ត្រូវការគ្រាប់ស្វាយចន្ទីប្រមាណ ៣,៥លានតោន សម្រាប់កែច្នៃនាំចេញជារៀងរាល់ឆ្នាំ ប៉ុន្តែអាចផលិតក្នុងស្រុកបានត្រឹមប្រមាណ ៣០ម៉ឺនតោនប៉ុណ្ណោះ។ ដូច្នេះ វៀតណាមត្រូវពឹងផ្អែកលើការនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា និងបណ្ដាប្រទេសអាហ្វ្រិកខាងលិច ដូចជា នីហ្សេរីយ៉ា កូឌីវ័រ ហ្គាណា និងបេណាំង ជាដើម។

ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះ បានបន្ថែមថា កត្តានេះ បានជំរុញឱ្យតម្លៃស្វាយចន្ទីនៅកម្ពុជា កើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណា ដោយសារគោលនយោបាយនាំចេញរបស់ប្រទេសនៅអាហ្វ្រិកខាងលិចមានការប្រែប្រួល វៀតណាមបានប្តូរទិសដៅពីការទិញគ្រាប់ស្វាយចន្ទី ដែលមានតម្លៃថោកពីអាហ្វ្រិក មកបង្កើនការទិញពីកម្ពុជា ដែលជាប្រទេសជិតខាង និងមានភាពងាយស្រួលក្នុងការដឹកជញ្ជូន។

សូមជម្រាបថា យោងតាមទិន្នន័យនាំចេញក្រៅផ្លូវការរបស់សមាគមស្វាយចន្ទីកម្ពុជា បានបង្ហាញថា ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ កម្ពុជា បាននាំចេញគ្រាប់ស្វាយចន្ទីឆៅសរុបជាង ៨៣ម៉ឺនតោន ទៅកាន់ប្រទេសវៀតណាម ដោយរកចំណូលបានប្រមាណ ១,៤៤ពាន់លានដុល្លារ កើនឡើង ២៤,១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026