ភ្នំពេញ៖ គម្រោងវិនិយោគសរុបចំនួន ៤២ ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែមេសា ឆ្នាំ២០២៦នេះ ដោយមានទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លាអាមេរិក និងអាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង ហើយខេត្តចំនួន៣ទៀត ក៏នឹងទទួលបានគម្រោងថ្មីចំនួន៧ ក្រោមទុនវិនិយោគ ៤៥០លានដុល្លារអាមេរិកផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២០ ខែឧសភានេះ បានឱ្យដឹងថា នៅក្នុងចំណោមគម្រោងវិនិយោគទាំង ៤២នេះ មានគម្រោង វិនិយោគចំនួន ២៣គម្រោង គឺក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១០គម្រោង ត្រូវបានចុះបញ្ជីដោយ CDC ក្នុងទំហំទុនវិនិយោគប្រមាណ ១៥៨លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ១៨ពាន់កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់តាមសេចក្តីប្រកាសនេះថា គម្រោងវិនិយោគចំនួន ៤២គម្រោងនេះ ត្រូវបានចុះបញ្ជីនៅកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។ ចំពោះប្រភពទុនវិនិយោគលើគម្រោងទាំង ៤២នេះ គឺ ចិន ៦៧ភាគរយ និងកម្ពុជា ៣៣ភាគរយ ដោយក្នុងនោះទុនវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមានចំនួន ១៩,៦លានដុល្លារ និងឧស្សាហកម្មចំនួន ២០២,៧ លានដុល្លារអាមេរិក ហើយខេត្តចំនួន ៩ សុទ្ធតែទទួលបានគម្រោងវិនិយោគនេះ ដោយត្រូវបានកំណត់រួចហើយ។
ដោយឡែក នៅក្នុងខេត្តកណ្តាល ទទួលបានគម្រោងវិនិយោគនេះច្រើនជាងគេមានដល់ ១២គម្រោង ខេត្តកំពង់ស្ពឺ ១០គម្រោង ខេត្តតាកែវ ៦គម្រោង ខេត្តស្វាយរៀង និងខេត្តព្រះសីហនុ ៥គម្រោងដូចគ្នា ហើយខេត្តបាត់ដំបង កោះកុង ត្បូងឃ្មុំ និងខេត្តកំពត ទទួទបាន ១គម្រោងដូចគ្នា។ យ៉ាងណាក៏ដោយ គម្រោងវិនិយោគ ដែលមានភាពលេចធ្លោប្រចាំខែមេសា ឆ្នាំ ២០២៦នេះ គឺគម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងសាងសង់រោងចក្រកែច្នៃ ស្ថិតនៅស្រុកបាណន់ ខេត្តបាត់ដំបង ដែលមានទំហំទុនវិនិយោគប្រមាណ ២០លានដុល្លារ បង្កើតការងារបាន ១៧៥កន្លែង។
ដោយឡែក ខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងខេត្តពោធិ៍សាត់ នឹងទទួលបានគម្រោងថ្មីចំនួន៧ ក្រោមទុនវិនិយោគ៤៥០លានដុល្លារអាម៉េរិក ខណៈបច្ចុប្បន្នគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំង ៧គម្រោងនេះរួចរាល់ហើយ។ រីឯមួយទៀត គឺគម្រោងវិនិយោគរោងចក្រផលិត និងកែច្នៃប្រេងសម្រាប់សម្បកកង់យានយន្ត និងប្រេងសម្រាប់លផលិតផលកែច្នៃជ័រកៅស៊ូ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង ដែលមានទំហំវិនិយោគប្រមាណ ៩,៦ លានដុល្លារអាមេរិក ដោយបង្កើតការងារបាន ៣៥០កន្លែង។
ចំពោះគម្រោងវិនិយោគទាំង៧ ដែលមានទុនវិនិយោគសរុបប្រមាណ ៤៥០លានដុល្លារអាមេរិក នេះ អាចបង្កើតការងារបានប្រមាណ ៩០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន២គម្រោង គឺរោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ភ និងសាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ រីឯវិស័យកសិ-ឧស្សាហកម្មចំនួន១គម្រោង គឺរោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់, ប្រេងសណ្តែកសៀង, ប្រេងពោត និងប្រេងអូលីវ)៕
ដោយ៖khmerhome