ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២៦ អ្នកដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង៣ របស់កម្ពុជា រួមមាន អាកាសយានដ្ឋានអន្តរជាតិតេជោ, សៀមរាបអង្គរ និងព្រះសីហនុ មានប្រមាណ ២,៤២លាននាក់ ថយចុះប្រមាណ ៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លើកឡើងថា ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៣០ពាន់តោន កើនឡើងប្រមាណ ៣៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីសកម្មភាពពាណិជ្ជកម្ម និងភស្តុភារតាមផ្លូវអាកាសនៅតែបន្តកើនឡើង។ ដោយឡែក សរុបជើងហោះហើរ ចេញ-ចូល (ទ្វេទិស) ជាមធ្យមប្រចាំសប្តាហ៍ តាមកាលវិភាគប្រតិបត្តិការដែលបានកត់ត្រាចន្លោះថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានទាំង៤ មានចំនួន ៩៨៦ជើងក្នុងមួយសប្តាហ៍។
ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា បានឲ្យដឹងថា បច្ចុប្បន្ន ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ (Lao Airlines – QV) ចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប ត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈជើងហោះហើររវាង បាងកក-ភ្នំពេញ-បាងកក ក៏មានការថមថយមួយចំនួនផងដែរ។ ទោះជាយ៉ាងណា កម្ពុជានៅតែបន្តពង្រឹងការតភ្ជាប់ជើងហោះហើរអន្តរជាតិ ជាពិសេសជាមួយតំបន់មជ្ឈិមបូព៌ា និងមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗ ដោយបច្ចុប្បន្នមានជើងហោះហើរសរុប ៥២ជើងក្នុងមួយសប្តាហ៍ (ទ្វេទិស) ក្នុងនោះ ៤៦ជើង ប្រតិបត្តិការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ និង ៦ជើង នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ទោះបីជា ស្ថានភាពជម្លោះនៅតំបន់មជ្ឈិមបូព៌ា រវាងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ប្រឆាំងអ៊ីរ៉ង់ បានធ្វើឲ្យតម្លៃប្រេងលើទីផ្សារពិភពលោកកើនឡើង ជាពិសេសប្រេងយន្តហោះ ដែលធ្វើឲ្យតម្លៃសំបុត្រយន្តឡើងថ្លៃ និងបង្កផលប៉ះពាល់ខ្លាំងដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាស។ ការកើនឡើងនៃតម្លៃថាមពលនេះ មិនត្រឹមតែប៉ះពាល់ដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែក៏បានបង្កសម្ពាធដល់សេដ្ឋកិច្ចពិភពលោក និងជីវភាពប្រជាជនផងដែរ ដែលជាកត្តាមួយធ្វើឲ្យភ្ញៀវទេសចរមួយចំនួនសម្រេចចិត្តលុបចោលដំណើរកម្សាន្តក្រៅប្រទេសរបស់ខ្លួន។
កាលពីពេលកន្លងទៅ អាកាសចរណ៍ស៊ីវិល បានប្រកាសដាក់ចេញផែនការជំរុញការដឹកជញ្ជូនតាមផ្លូវអាកាសឲ្យសម្រេចគោលដៅ ទទួលអ្នកដំណើរ ៨លាននាក់ និងដឹកជញ្ជូនទំនិញ ១១២ពាន់តោន ក្នុងឆ្នាំ២០២៦នេះ ខណៈក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានអ្នកដំណើរតាមផ្លូវអាកាសសរុប ៦,៩៨លាននាក់ កើនឡើង ១២% និងការដឹកជញ្ជូនទំនិញសរុបជាង ៩ម៉ឺនតោន កើនឡើង ២១% បើធៀបនឹងឆ្នាំ២០២៤។
សូមបញ្ជាក់ថា ក្នុងចំណោមការតភ្ជាប់ផ្ទាល់មកកាន់កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍ធំៗរួមមាន Qatar Airways, Emirates Airlines, Etihad Airways និង Turkish Airlines ដែលភ្ជាប់កម្ពុជាទៅកាន់មជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗនៅទីក្រុងដូហា ឌូបៃ អាប៊ូដាប៊ី និងអ៊ីស្តង់ប៊ុល។ ក្រុមហ៊ុនទាំងនេះ មានតួនាទីសំខាន់ក្នុងការតភ្ជាប់កម្ពុជា ទៅកាន់តំបន់អឺរ៉ុប អាមេរិកខាងជើង អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ា ព្រមទាំងជួយសម្រួលដល់ចរាចរណ៍អ្នកដំណើរចូល-ចេញកម្ពុជា៕
ដោយ៖khmerhome