Register Already an agent ? Login

ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈដោយសារជម្លោះនៅមជ្ឈិមបូព៌ា អាចបង្កើនការចំណាយសាងសង់សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ តែគម្រោងអភិវឌ្ឍន៍នេះនៅតែបន្តធ្វើធម្មតា

តាកែវ៖ ការកើនឡើងនៃថ្លៃប្រេងឥន្ធនៈដោយសារជម្លោះនៅមជ្ឈិមបូព៌ា អាចបង្កើនការចំណាយសាងសង់សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ ប៉ុន្តែនឹងមិនប៉ះពាល់ដល់ពេលវេលាអភិវឌ្ឍន៍របស់គម្រោងទេ ខណៈគម្រោងនេះនៅតែបន្តធ្វើជាធម្មតាដដែល។ នេះបើតាមការអះអាងពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅចុងសប្តាហ៍នេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសង្កត់ធ្ងន់ថា ទោះបីជាតម្លៃប្រេងឥន្ធនៈកើនឡើងក៏ដោយ ក្រុមការងារនឹងនៅតែបើកការដ្ឋានជីកកកាយចំនួន ១១ កន្លែងបន្ទាប់ពីរដូវវស្សា ដើម្បីធានាថា វឌ្ឍនភាពនៃការសាងសង់នៅតែដំណើរការល្អ ហើយគម្រោងនេះត្រូវបានបញ្ចប់តាមពេលវេលាដែលបានគ្រោងទុកនៅឆ្នាំ២០២៨។ ទោះបីជាយ៉ាងនេះក៏ដោយ នៅពេលដែលរដូវវស្សាបញ្ចប់នៅខែវិច្ឆិកា យើងនឹងដំណើរការការដ្ឋានជីកកកាយចំនួន ១១កន្លែងព្រមគ្នាតែម្តង ដើម្បីពន្លឿនគម្រោងមួយនេះឲ្យបានទាន់ពេលវេលាទៅតាមផែនការដែលបានគ្រោងទុកនោះ។ ក្នុងអំឡុងពេលរដូវវស្សានេះ យើងអាចដំណើរការការដ្ឋានសំណង់តែមួយកន្លែងប៉ុណ្ណោះ ដោយសារតែកម្រិតទឹកកើនឡើង ដែលធ្វើឱ្យការជីកកកាយមានការលំបាក។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុលក៏បានបញ្ជាក់ពីផលប៉ះពាល់នៃវិបត្តិប្រេងឥន្ធនៈ ដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា ដោយកត់សម្គាល់ថា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈបានបង្កើនការចំណាយលើការសាងសង់សម្រាប់គម្រោងនេះ។ ស្របពេលដែលថ្លៃការសាងសង់អាចកើនឡើងដោយសារតែការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ប៉ុន្តែវានឹងមិនកើនឡើងជារៀងរហូតទេ ដូច្នេះនៅពេលដែលសង្គ្រាមចប់ វានឹងធ្លាក់ចុះវិញ។  

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបដិសេធពាក្យចចាមអារ៉ាមថា គម្រោងព្រែកជីកហ្វូណនតេជោត្រូវបានផ្អាក  ដូច្នេះឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការបញ្ចប់គម្រោងនេះ ដែលមានគោលបំណងពង្រឹងសេដ្ឋកិច្ចកម្ពុជា តាមរយៈការកែលម្អការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ និងបង្កើនភាពប្រកួតប្រជែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ទាក់ទងនឹងសំណងសម្រាប់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគម្រោងព្រែកជីកហ្វូណនតេជោ នៅខេត្តតាកែវ ដែលរងផលប៉ះពាល់ប្រហែល ២២ គីឡូម៉ែត្រត្រូវបានដោះស្រាយរួចហើយ ខណៈដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តធ្វើការលើករណីសំណងដែលនៅសេសសល់ ដើម្បីផ្តល់សំណងសម្រាប់ដីតាមតម្លៃទីផ្សារជាក់ស្តែង។

ជាមួយគ្នានេះ គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងយុទ្ធសាស្ត្រ ដែលនឹងផ្លាស់ប្តូរមុខមាត់សេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ បច្ចុប្បន្ន កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើកំពង់ផែបរទេស ជាពិសេសនៅវៀតណាម សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវទឹក។ ការមានព្រែកជីកដោយផ្ទាល់ពីភ្នំពេញទៅកាន់សមុទ្រ នឹងកាត់បន្ថយការពឹងផ្អែកនេះ និងកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញបានរហូតដល់ ២០-៣០%។

លើសពីនេះ គម្រោងនេះ នឹងជំរុញការវិនិយោគ និងបង្កើតតំបន់សេដ្ឋកិច្ចថ្មីៗ នៅតាមដងព្រែក នឹងមានការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេស (SEZs) តំបន់ឧស្សាហកម្ម កសិកម្ម ភស្តុភារកម្ម និងទេសចរណ៍ ខណៈគម្រោងនេះនឹងទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងបរទេស និងបង្កើតការងាររាប់ម៉ឺនកន្លែង។

សូមបញ្ជាក់ថា ការមានផ្លូវទឹកផ្ទាល់ខ្លួនជួយកម្ពុជាកាត់បន្ថយការពឹងផ្អែកលើប្រទេសជិតខាង និងពង្រឹងអធិបតេយ្យភាពលើធនធានទឹក និងការដឹកជញ្ជូនតាមផ្លូវទឹក។ លើសពីនេះ វាជួយដល់វិស័យកសិកម្ម តាមរយៈប្រព័ន្ធប្រឡាយទឹកសាបដែលតភ្ជាប់នឹងព្រែក នឹងផ្តល់ទឹកដល់កសិករនៅតាមបណ្តាខេត្តភាគខាងត្បូង មានតាកែវ, កំពត និងកែប អាចធ្វើកសិកម្មបានច្រើនដងក្នុងមួយឆ្នាំ៕

ដោយ៖khmerhome