Register Already an agent ? Login

ក.អ.ក និង AmCham ត្រៀមរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន រំពឹងថា នឹងបន្តដើរតួជាកាតាលីករដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា

ភ្នំពេញ៖ តាមរយៈការត្រៀមរៀបចំយ៉ាងហ្មត់ចត់រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) ត្រៀមរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ នាដើមខែមិថុនាខាងមុខ ត្រូវបានរំពឹងថា នឹងបន្តដើរតួជាកាតាលីករដ៏សំខាន់មួយក្នុងការលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពបត់បែន និងបង្កភាពងាយស្រួលដល់ប្រតិបត្តិការវិនិយោគិនពីវិស័យឯកជន។

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯ៑កឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) ដឹកនាំដោយលោក Devin Barta ប្រធាន AmCham ជុំវិញការត្រៀមរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ដែលគ្រោងនឹងធ្វើឡើងនាដើមខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមាន AmCham ទទួលបន្ទុកធ្វើជាអ្នកសម្របសម្រួល និងរៀបចំកម្មវិធី។

អង្គប្រជុំបានពិនិត្យពិភាក្សាលើវឌ្ឍនភាពនៃដំណើរការរៀបចំ និងរបៀបវារៈសំខាន់ៗពាក់ព័ន្ធនឹងកម្មវិធី ក្នុងគោលដៅធានាឱ្យដំណើរការកម្មវិធីប្រព្រឹត្តទៅដោយរលូន មានភាពបត់បែន ទទួលបានលទ្ធផលជាផ្លែផ្កា និងអាចឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់វិនិយោគិន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់ការណែនាំឱ្យផ្តោតការយកចិត្តទុកដាក់លើការកំណត់ប្រធានបទពិភាក្សាឱ្យបានច្បាស់លាស់ ចំគោលដៅ និងឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃនិន្នាការសេដ្ឋកិច្ចសកល ជាពិសេសការលើកឡើងពីបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយរួមគ្នា សំដៅធានាដល់កាលានុវត្តភាពវិនិយោគយ៉ាងពិតប្រាកដសម្រាប់ធុរជនទាំងអស់។

លោក Devin Barta សភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការផ្តល់មតិយោបល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលធ្វើឱ្យកម្មវិធីកាន់តែរស់រវើក ប្រកបដោយបុរេសកម្ម និងមានភាពប្រសើរឡើងថែមមួយកម្រិតទៀត។ លោកប្រធាន ក៏បានបង្ហាញនូវក្តីសោមនស្សរីករាយដែល AmCham ទទួលបានសេចក្តីទុកចិត្តក្នុងការរៀបចំពិធីទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២នេះ ដែលនេះជាវេទិកាដ៏សំខាន់ក្នុងការបង្កើនការសន្ទនាដោយត្រង់ទៅត្រង់មក និងជិតស្និទ្ធរវាងថ្នាក់ដឹកនាំស្ថាប័នរដ្ឋ និងតំណាងវិស័យឯកជន។

សូមបញ្ជាក់ថា ជំនួបពិភាក្សារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអាម៉េរិក បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយកិច្ចសហការខ្ពស់ ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តរួមគ្នាក្នុងការរៀបចំកម្មវិធីនេះ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កា សំដៅបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររវាងរដ្ឋនិងឯកជនឱ្យកាន់តែរឹងមាំ ក្នុងន័យរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026