ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រីទេសចរណ៍ បានចាត់ទុកព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែនមេគង្គ-ឡាងឆាងរយៈពេល ២៣ថ្ងៃនេះនឹងជួយពង្រឹងការតភ្ជាប់និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ផ្សព្វផ្សាយនិងជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជាតាមរយៈលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌គ្នាទៅវិញទៅមកជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមឆ្នាំទេសចរណ៍កម្ពុជា-ចិន។
ឯកឧត្តមហួតហាក់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកជាផ្លូវការព្រឹត្តិការណ៍បើករថយន្ដឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡាងឆាងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៦ និងជូនដំណើរប្រតិភូសមាគមទេសចរណ៍កម្ពុជា និងប្រតិភូក្បួនរថយន្ត Caravan Tour ដោយធ្វើណើរតាមផ្លូវគោកតាមរថយន្តឆ្លងកាត់ប្រទេសកម្ពុជាឡាវនិងខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិនដោយប្រើរយៈពេល២៣ថ្ងៃទើបត្រឡប់មកដល់ប្រទេសកម្ពុជាវិញ។
ឯកឧត្តមរដ្ឋមន្ត្រីហួតហាក់ បានថ្លែងថា ព្រឹត្តិការណ៍នេះក៏នឹងជួយជំរុញដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ក្នុងការទាក់ទាញទេសចរអន្តរជាតិជាពិសេសជនជាតិចិន មកទស្សនាកម្ពុជាក្នុងរដូវកាលបៃតងក៏ដូចជាបង្កើនការផ្សព្វផ្សាយពីការលើកលែងទិដ្ឋាការសាកល្បងចូលកម្ពុជាដល់ជនជាតិចិនរយៈពេល៤ខែដោយគិតចាប់ពីថ្ងៃទី១៥ខែមិថុនាដល់ថ្ងៃទី១៥ខែតុលាឆ្នាំ២០២៦នេះផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីហួតហាក់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមវ៉ាងវិនពីនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, លោកជំទាវឆាយស៊ីវលីនប្រធានសមាគមទេសចរណ៍កម្ពុជានិងគ្រប់ភាគីពាក់ព័ន្ធដែលបាននិងកំពុងគាំទ្រសហការនិងចូលរួមយ៉ាងសកម្មជាមួយក្រសួងទេសចរណ៍ក្នុងការធ្វើឱ្យវិស័យទេសចរណ៍កម្ពុជាមា នការរីកលូតលាស់ជាលំដាប់។
ឯកឧត្តមរដ្ឋមន្ត្រីហួតហាក់ បានបន្ថែមថារាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមការដឹកនាំដ៏ប៉ិនប្រសប់និងឈ្លាសវៃរបស់សម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជាបានបន្តថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយ ដែលបានមកដោយលំបាកនិងបានចាត់ទុកវិស័យទេសចរណ៍ជា ឆ្អឹងខ្នងសេដ្ឋកិច្ច និងជា ការនាំចេញនៅនឹងកន្លែង ដោយវិស័យនេះជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋានសហគមន៍ដោយផ្ទាល់។
ឯកឧត្តមរដ្ឋមន្ត្រីហួតហាក់ ក៏បានស្នើដល់ប្រតិភូ Caravan Tour ជួយផ្សព្វផ្សាយពីសុខសន្តិភាព សុវត្ថិភាព និងសក្តានុពលដ៏សំបូរបែបរបស់កម្ពុជា គឺព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ សុវត្ថិភាព ស្អាត និងបៃតង តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយឱ្យបានទូលំទូលាយផងដែរ។
បើតាមលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា ព្រឹត្តិការណ៍បើករថយន្ដឆ្លងកាត់ព្រំដែន (Caravan Tour) មេគង្គ-ឡាងឆាងអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៍ និងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងការតភ្ជាប់ផ្នែកសេដ្ឋកិច្ចរវាងកម្ពុជា ឡាវ និងចិន ព្រមទាំងដើម្បីផ្សព្វផ្សាយនូវយុទ្ធនាការណ៍ទស្សនាកម្ពុជា នៅរដូវកាលប៉ៃតងឆ្នាំ២០២៦ ដែលបេសកកម្មនេះមានរយៈពេលពេល ២៣ថ្ង គិតចាប់ពីថ្ងៃទី១៨ ខែឧសភា ដល់ថ្ងៃទី០៩ មិថុនា ឆ្នាំ២០២៦៕
ដោយ៖khmerhome