ភ្នំពេញ៖ ម្ចាស់សហគ្រាសនិងសិប្បករនៅក្នុងស្រុកសុទ្ធតែលើកឡើងថា ការវេចខ្ចប់និងការកសាងម៉ាកយីហោបានល្អត្រឹមត្រូវពិតជាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនទំនុកចិត្តដល់ពលរដ្ឋងាកមកជួយគាំទ្រដល់អ្នកផលិតក្នុងស្រុក ស្របពេលដែលម្ចាស់អាជីវកម្មទាំងនេះ បានខិតខំធ្វើការកែលម្អម៉ាកផលិតផល អនុលោមភាពតាមបទបញ្ញត្តិ និងការវេចខ្ចប់ប្រកបដោយចីរភាព ខណៈបច្ចុប្បន្នមានសន្ទុះគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋខ្មែរ បន្ទាប់ពីពហិការមិនប្រើប្រាស់ទំនិញ និងផលិតផលរបស់ថៃ រយៈពេលជិតមួយឆ្នាំមកនេះ។
ម្ចាស់សហគ្រាសនិងសិប្បករ បានបន្តថា ការវេចខ្ចប់នៃផលិតផលវិញ គ្មានអតិថិជនណាមកចំណាយពេលវេលារបស់គេ មកស្វែងយល់ពីផលិតផលរបស់យើងនោះទេ។ បើយើងសង្កេតមើលនៅតាមផ្សារទំនើបនិងហាងធំៗ ផលិតផលដែលគេដាក់លក់ គឺសុទ្ធតែមានការវេចខ្ចប់ល្អ និងត្រឹមត្រូវតាមស្តង់ដារ ប៉ុន្តែសព្វថ្ងៃនេះក៏មានផលិតផលក្នុងស្រុកច្រើនជាងមុន បានដាក់លក់នៅតាមផ្សារនិងហាងទាំងនោះ។
លោកបណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូកម្ពុជា ក៏បានជម្រុញនិងលើកទឹកចិត្តដល់អាជីវកម្មក្នុងស្រុកឲ្យងាកមកគិតគូរពីអត្ថប្រយោជន៍នៃការវេចខ្ចប់ ព្រោះវាពិតជាមានសារៈសំខាន់ណាស់ ក្នុងការជម្រុញការលក់នៃផលិតផលជាតិ ក៏ដូចជាផលិតផលក្នុងស្រុករបស់យើងដែរ។ បើចង់ឲ្យផលិតផលអាចលក់បានថ្លៃជាងមុន ធ្វើឲ្យអ្នកទិញមានទំនុកចិត្ត និងទាក់ទាញការទិញនោះ យើងគួរតែចំណាយពេលវេលារចនាកញ្ចប់ផលិតផល និងវេចខ្ចប់ឲ្យបានល្អ ដើម្បីរួមបញ្ចូលកំលាំងគ្នាជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យម អាចឈានជើងចូលទីផ្សារប្រកួតប្រជែងកាន់តែខ្លាំងក្លាថែមទៀត។
លោកបណ្ឌិត សួន ម៉ិ ជំរុញឲ្យម្ចាស់សហគ្រាសនិងសិប្បករ ត្រូវគិតទៅលើរូបរាង សំបកវេចខ្ចប់ និងស្តង់ដារផលិតផលមានសារៈសំខាន់ណាស់សម្រាប់អតិថិជន ដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ និងសម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា ម្ចាស់សហគ្រាសនិងសិប្បករ ត្រូវវិនិយោគលើការច្នៃប្រឌិតការវេចខ្ចប់ និងការរចនាស្លាកសញ្ញាឱ្យមានភាពទាក់ទាញ និងស្របតាមស្តង់ដារ ដើម្បីមានឱកាសឈានចូលទីផ្សារទំនើបក្នុងស្រុក តាមរយៈជំរុញផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត ដើម្បីលើកកម្ពស់ការប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចក្នុងស្រុកឱ្យសម្បូរបែប ក្នុងការរួមចំណែកបង្កើតមុខទំនិញ សេវាកម្ម ការងារ និងផលិតភាព ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឱ្យកាន់តែទូលំទូលាយ ដោយសាររយៈពេលជិតមួយឆ្នាំមកនេះ ស្របពេលដែលពលរដ្ឋខ្មែរបានធ្វើពហិការមិនប្រើប្រាស់ផលិតផល និងទំនិញថៃមក ដូច្នេះដើម្បីទទួលបានការគាំទ្រយ៉ាងខ្លាំងពីពលរដ្ឋខ្មែរនោះ៕
ដោយ៖khmerhome