Register Already an agent ? Login

សភាពាណិជ្ជកម្មកម្ពុជា រៀបចំសិក្ខាសាលា​ស្តីពី​ ការ​គាំទ្រ​ផលិត​ផល​ជាតិ និងត្រៀម​ខ្លួន​ដាក់​លក់​ផលិត​ផល​ខ្មែរ​លើទីផ្សារ ប្រធានបទ៖ ការវេចខ្ចប់ និងការកសាងម៉ាកយីហោ

ភ្នំពេញ៖ ស្ថាប័នជីអេស ១កម្ពុជា គាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី ការ​គាំទ្រ​ផលិត​ផល​ជាតិ និង ត្រៀម​ខ្លួន​ដាក់​លក់​ផលិត​ផល​ខ្មែរ​លើទីផ្សារ ក្រោមប្រធានបទ៖ ការវេចខ្ចប់ និងការកសាង ម៉ាកយីហោ ក្នុងគោលដៅជួយគាំទ្រដល់អ្នកផលិតក្នុងស្រុក ដើម្បីធ្វើការកែលម្អ ម៉ាកផលិតផល អនុលោមភាពតាមបទបញ្ញត្តិ និងការវេចខ្ចប់ប្រកប ដោយចីរភាព។

សិក្ខាសាលានេះ ផ្តោតសំខាន់លើគោលដៅគាំទ្រការពង្រីកវិសាលភាព សហគ្រិនភាពកម្ពុជា តាមរយៈការយល់ដឹងអំពីការកសាងម៉ាកយីហោ នវានុវត្តន៍ក្នុងការវេចខ្ចប់ ការអនុលោមតាម ស្តង់ដារស្លាកសញ្ញាសម្រាប់ផ្សារទំនើប និងឱកាសហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍអាជីវកម្ម ក្នុងស្រុកឱ្យកាន់តែប្រសើរលើម៉ាកយីហោ ការវេចខ្ចប់ និងការបំពេញលក្ខខណ្ឌតម្រូវរបស់ទីផ្សារស្តង់ដារ តាមរយៈបទពិសោធន៍ ចក្ខុវិស័យ និងទស្សនៈទានរបស់វាគ្មិនជាអ្នកជំនាញលើវិស័យពាក់ព័ន្ធ។

ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងឱ្យដឹងថា សិក្ខាសាលានេះ មានសារៈសំខាន់ណាស់សម្រាប់ពាណិជ្ជករ ម្ចាស់សហគ្រាស និងម្ចាស់អាជីវកម្មទាំងអស់ ក្នុងការរៀបចំខ្លួនឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ជាពិសេសទទួលបានបទពិសោធន៍ពិតជាក់ស្តែងតាមរយ:បទបង្ហាញអំពីការវេចខ្ចប់ និងការកសាងម៉ាកយីហោ ក្នុងការជំរុញផលិតផលចូលផ្សារទំនើប ឬម៉ាតនានា។

ឯកឧត្តម ឧកញ៉ា ជំរុញឲ្យមានការលើកកម្ពស់ការកសាងម៉ាកយីហោ និងគុណភាព​ គឺជាកត្តាចម្បងបំផុត បូកផ្សំ និងការវេចខ្ចប់អនុលោមតាមស្តង់ដារ ក៏ដូចជា លក្ខខណ្ឌតម្រូវរបស់ផ្សារទំនើប ឬអ្នកបញ្ជាទិញពីក្រៅប្រទេស។ លើសពីនេះ ធុរជន ពាណិជ្ជករ និងអ្នកផលិតទាំងអស់ ត្រូវគិតទៅលើរូបរាង សំបកវេចខ្ចប់ និងស្តង់ដារផលិតផលមានសារៈសំខាន់ណាស់សម្រាប់អតិថិជន។

ឯកឧត្តម ឧកញ៉ា ងួន ម៉េងតិច បានផ្តល់អនុសាសន៍ផ្តាំផ្ញើដល់ធុរជន អាជីវករ ផលិតករ និងពាណិជ្ជករ ព្រមទាំងសមាជិក សមាជិកានៃសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាស្ថាប័នជីអេស ១កម្ពុជា និងអ្នកចូលរួមទាំងអស់ ត្រូវតែពង្រឹង និងពង្រីកសមត្ថភាពផ្ទៃក្នុងរបស់ខ្លួន ចេះរៀបចំផែនការហិរញ្ញវត្ថុ និងទីផ្សារ ពង្រឹងលើស្តង់ដារគុណភាព និងអនុលោមភាពនានា ដើម្បីអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ និងសម្បូរបែបកាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ មិនត្រឹមតែជាវេទិការចែករំលែកចំណេះដឹងវិធីសាស្ត្រ និងអនុសាស្ត្រប៉ុណ្ណោះទេ ថែមទាំងជាឱកាសផ្គូរផ្គងអាជីវកម្ម ជំរុញផលិតផលខ្មែរចូលផ្សារទំនើប និងម៉ាត ដើម្បីលើកកម្ពស់ការប្រកួតប្រជែង ការបង្កើតបរិយាកាសធុរកិច្ចក្នុងស្រុកឱ្យសម្បូរបែប ក្នុងការរួមចំណែកបង្កើតមុខទំនិញ សេវាកម្ម ការងារ និងផលិតភាព ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកនៅលើទីផ្សារឱ្យកាន់តែទូលំទូលាយ៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026