Register Already an agent ? Login

អ្នកជំនាញថា ការនាំចូលសម្ភារសំណង់របស់កម្ពុជា កើនឡើងខ្លាំងនៅឆ្នាំ២០២៥ ទោះបីជាមានការងើបឡើងវិញយឺតនៃវិស័យអចលនទ្រព្យក៏ដោយ

ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យអចលនវត្ថុកម្ពុជា លើកឡើងថា ទោះបីជាវិស័យសំណង់ និងអចលនទ្រព្យរបស់កម្ពុជា បានបង្ហាញពីកំណើនយឺតយ៉ាវនៅក្នុងឆ្នាំ២០២៥ ក៏ដោយ ក៏ការនាំចូលសម្ភារសំណង់ ដែក និងដែកថែប បានកត់ត្រាក្នុងអត្រាកំណើនខ្លាំង ដែលជំរុញដោយតម្រូវការខ្ពស់ក្នុងវិស័យឧស្សាហកម្ម ក្នុងពេលដែលកម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗយ៉ាងច្រើនកាលពីឆ្នាំមុន។

ឧកញ៉ា ស៊ន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា វិស័យសំណង់ និងអចលនទ្រព្យ បានងើបឡើងក្នុងសភាពយឺត និងនៅមានកំណើនទាប ដោយសកម្មភាពសាងសង់លំនៅឋានឆ្លើយតបទៅនឹងតម្រូវការពិតក្នុងស្រុកខ្សោយ។ ប៉ុន្តែឧកញ៉ាបានកត់សម្គាល់ឃើញពីសន្ទុះកើនឡើងគួរឲ្យកត់សម្គាល់នៃសកម្មភាពសំណង់បម្រើឱ្យវិស័យឧស្សាហកម្ម ដូចជា ការសាងសង់រោងចក្រ សហគ្រាស និងឃ្លាំង ដែលនឹងក្លាយជានិន្នាការថ្មី ជួយគាំពារកំណើននៃវិស័យនេះពេលខាងមុខ។

ទន្ទឹមនឹងនេះ ឧកញ៉ា បានបង្ហាញសុទិដ្ឋិនិយមថា វិស័យឧស្សាហកម្មនៅកម្ពុជា នឹងនៅតែមានកំណើនល្អនៅឆ្នាំ២០២៦នេះ បើធៀបទៅនឹងឆ្នាំ២០២៥ កន្លងទៅ ដោយសារមានកំណើនវិនិយោគរោងចក្រ និងសហគ្រាសថ្មីៗ ដែលបាននិងកំពុងសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថ្មីនៃគោលនយោបាយពាណិជ្ជកម្មបដិការរបស់សហរដ្ឋអាម៉េរិក។ ក្នុងឆ្នាំ២០២៥ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ពាន់កន្លែង។

ជាការកត់សម្គាល់ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន២១៦ ស្មើនឹងប្រមាណ ៥២% ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៣ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៤៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ តួលេខនៃគម្រោងវិនិយោគនេះ គឺបានបំបែកដំណត់ត្រាថ្មីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលពីមុនមកពុំធ្លាប់បានអនុម័តលើគម្រោងវិនិយោគច្រើនបែបនេះឡើយ។

យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ប្រទេសកម្ពុជា បាននាំចូលសម្ភារសំណង់មានទំហំទឹកប្រាក់ ២,៦៣ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ កើនឡើង ៣០,៤២% ខណៈការនាំចូលដែក និងដែកថែបមានតម្លៃរហូតដល់ ១,២១ពាន់លានដុល្លារអាម៉េរិក កើនឡើង ៤៤,១៩% បើធៀបនឹងឆ្នាំ២០២៤៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026