Register Already an agent ? Login

សារមន្ទីរ ស.ស.រ និងសមាគមធនាគារនៅកម្ពុជា បន្តកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញការអប់រំផ្នែកសេដ្ឋកិច្ច

ភ្នំពេញ៖ សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ​ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា សារមន្ទីរ ស.ស.រ) និងសមាគមធនាគារនៅកម្ពុជា (ABC) បាន​បន្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បី​បន្ត​ភាពជាដៃគូប្រកប​ដោយ​ជោគជ័យ ក្នុងការលើកកម្ពស់អក្ខរកម្មសេដ្ឋកិច្ច ក្នុងចំណោមយុវជនកម្ពុជា។

ពិធី​ចុះ​ហត្ថលេខា​នេះបានប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ​នៅសារមន្ទីរ ស.ស.រ​ ក្រោម​អធិបតីភាព​ ឯកឧត្តម យឹម​​ លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិត ជា សិរី​ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ផ្អែកលើសមិទ្ធផលដែលទទួល​បាន​ក្នុងរយៈពេលពីរឆ្នាំកន្លងមក ការបន្តចុះអនុស្សរណៈនៃការយោគយល់​គ្នាស្តីអំពី «កម្មវិធីវិស័យធនាគារសម្រាប់អក្ខរកម្មសេដ្ឋកិច្ច» បញ្ជាក់សា​ជា​ថ្មី​ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វិស័យធនាគារ ក្នុងការលើកកម្ពស់ការអប់រំសេដ្ឋកិច្ច។ គំនិតផ្តួចផ្តើមនេះបង្កើនលទ្ធភាពឱ្យ​សិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋ​អាច​មក​ទស្សនា​សារមន្ទីរ ស.ស.រ របស់ធនាគារជាតិនៃកម្ពុជា បាន​កាន់​តែ​ច្រើន ដោយមានជំនួយពីដៃគូធនាគារ និងគ្រឹះស្ថាន​ហិរញ្ញវត្ថុសំខាន់ៗ ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមអំពីប្រវត្តិសាស្ត្រសេដ្ឋកិច្ចនិងរូបិយវត្ថុជាតិ។

មកទល់បច្ចុប្បន្ន តាម​រយៈគំនិតផ្តួចផ្តើមនេះ ធនាគារឯកជនកម្ពុជាបាន​រួមចំណែកក្នុងមូលនិធិសម្រាប់​ចំណាយ​លើថ្លៃដឹកជញ្ជូននិងថ្លៃទស្សនា និង​បានផ្តល់ឱកាសដល់សិស្សានុសិស្សប្រមាណ ១៥,០០០នាក់ ដែលមកពីគ្រឹះស្ថានអប់រំរដ្ឋក្នុង​រាជធានីភ្នំពេញ ពីតំបន់ជាយរាជធានីភ្នំពេញ និងពីខេត្តកំពង់ធំ រតនគិរី ស្ទឹងត្រែង ក្រចេះ និងកំពង់ចាម អាច​មកទស្សនាសារមន្ទីរ ស.ស.រ។ ឱកាសអប់រំដ៏មានតម្លៃនេះ បានជួយពង្រីកទស្សនវិស័យផ្នែកវប្បធម៌របស់សិស្សានុសិស្ស ស្របពេលដែលពួកគេទទួលបានចំណេះដឹងកាន់តែស៊ីជម្រៅអំពីប្រវត្តិសាស្ត្ររូបិយវត្ថុ និងសេដ្ឋកិច្ចជាតិ។

លោក រ័ត្ន សោភ័ណ ប្រធានសមាគម​ធនាគារ​នៅ​កម្ពុជា បានមាន​ប្រសាសន៍​ថា ការបន្តចុះអនុស្សរណៈ​នៃការយោគយល់គ្នានេះ ធ្វើឡើងផ្អែកលើលទ្ធផលប្រកបដោយផ្លែផ្កាដែលយើងសម្រេចបាន ក្នុងរយៈពេលពីរឆ្នាំកន្លងមក និងស្របតាមគោលការណ៍ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាពរបស់សមាគមធនាគារនៅកម្ពុជា (CSFPs) ក្នុងការកសាងសមត្ថភាព និងលើកកម្ពស់អក្ខរកម្ម​សេដ្ឋកិច្ច។ ដំណើរស្វែងយល់នៅសារមន្ទីរ​ ស.ស.រ ផ្តល់ឱ្យសិស្សានុសិស្សនូវចំណេះដឹងដ៏មានតម្លៃ និងឱកាសក្នុងការរៀនសូត្រពីប្រវត្តិសាស្ត្ររបស់យើង ក៏ដូចជាតម្លៃនៃរូបិយវ​ត្ថុផងដែរ។

​លោក ប្លែស គីលីយ៉ង់ សហប្រធាន​សារមន្ទីរ ស.ស.រ បាន​មាន​ប្រសាសន៍​ថា យើងខ្ញុំពិត​ជា​រីករាយនឹងភាពជាដៃគូដ៏ជោគជ័យនេះ ដែលបានអនុញ្ញាតឱ្យសិស្សានុសិស្សមកពីគ្រឹះស្ថានអប់រំរដ្ឋ រាប់ពាន់នាក់បានមក​សិក្សារៀន​សូត្រ​អំពីប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា ព្រមទាំងពង្រឹងបរិយាបន្ននៃសារមន្ទីរ ស.ស.រ ផងដែរ។ យើងខ្ញុំ​សូម​ថ្លែង​អំណរគុណដល់​សមាគមធនាគារនៅកម្ពុជា និងសមាជិកទាំង​អស់​ ចំពោះការប្តេជ្ញាចិត្តដ៏សប្បុរស ហើយយើងខ្ញុំ​រង់ចាំបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង និងពង្រីកអត្ថប្រយោជន៍នៃភាពជាដៃគូនេះ ទៅ​ដល់​គ្រឹះស្ថានអប់រំជា​ច្រើន​​ទៀត​នៅ​ទូទាំងប្រទេស។

ដោយ​សម្ដែង​ការ​អបអរសាទរ​ដល់ភាគីពាក់ព័ន្ធទាំងអស់ ឯកឧត្តម​​ យឹម​ លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានប្រកាសថា អនុស្សរណៈនៃការយោគយល់គ្នាក្នុងឆ្នាំទី៣នេះ បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែង ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុ ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់យុវជនកម្ពុជា តាមរយៈកម្មវិធីទស្សនកិច្ចសិក្សានៅសារមន្ទីរ ស.ស.រ​។ ការ​បន្តអនុស្សរណៈនៃការយោគយល់គ្នានេះ ​​មានសុពលភាពភ្លាមៗ រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៧ និង​អាច​បន្តសាជាថ្មី​នាពេលខាងមុខ​។

សារមន្ទីរ ស.ស.រ បង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា សារមន្ទីរ​សេដ្ឋកិច្ច​ និង​រូបិយវត្ថុ ​ព្រះស្រីឦសានវរ្ម័ន (ដែល​គេ​ស្គាល់​ជា​ទូទៅ​ថា សារមន្ទីរ ស.ស.រ) ផ្ដោត​លើ​ការ​អប់រំសាធារណជនអំពីប្រវត្តិសាស្រ្តសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ប្រទេសកម្ពុជា តាមរយៈការលាយបញ្ចូលគ្នារវាងវត្ថុបុរាណនានា ជាមួយនឹងការរៀបចំ​​តាំងបង្ហាញពិព័រណ៍​ដោយ​ប្រើ​បច្ចេកវិទ្យាទំនើប។ នៅក្នុង​រយៈពេល ​ ២​ឆ្នាំកន្លងមក សារមន្ទីរ​បាន​ទទួល​ភ្ញៀវ​ឱ្យ​ចូល​ទស្សនា​ប្រមាណជាង ​១០០,០០០​នាក់ ហើយ​សារមន្ទីរក៏បាន​ទទួលពានរង្វាន់ TripAdvisor Travelers’ Choice Award ផងដែរ។

សមាគមធនាគារនៅកម្ពុជា តំណាងឱ្យវិស័យធនាគារឯកជននៅ​ក្នុង​ប្រទេសកម្ពុជា។ គោលបំណងរបស់សមាគម​គឺដើម្បីលើកកម្ពស់កិច្ចសន្ទនាក្នុងន័យស្ថាបនា នៅក្នុងចំណោមធនាគារជាសមាជិក ក៏ដូចជាលើក​កម្ពស់​ហិរញ្ញវត្ថុប្រកបដោយនិរន្តរភាព និងប្រតិបត្តិការ​វិស័យ​ធនាគារប្រកបដោយទំនួលខុសត្រូវនៅក្នុងប្រទេសកម្ពុជា និងក្នុងគោលបំណងលើកកម្ពស់ការរួមចំណែករបស់វិស័យនេះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសជាតិ៕

ដោយ៖khmerhome