Register Already an agent ? Login

ធនាគារជាតិនៃកម្ពុជា ក្រើនរំឭកឱ្យបញ្ឈប់ការបំប្លែងរូបភាពក្រដាសប្រាក់រៀល ក្នុងគោលបំណងផ្សេងៗ លើបណ្តាញសង្គម ដែលអាចប៉ះពាល់យ៉ាងខ្លាំងដល់តម្លៃជាតិ

ភ្នំពេញ៖ នៅថ្ងៃទី ១២ខែឧសភា ឆ្នាំ២០២៦ នេះ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីក្រើនរំឭកដល់អ្នកប្រើប្រាស់បណ្តាញសង្គម និងសាធារណជនទូទៅ ឱ្យបញ្ឈប់ការយករូបក្រដាសប្រាក់រៀល ដែលជារូបិយវត្ថុជាតិខ្មែរទៅបំប្លែង ឬប្រើប្រាស់ក្នុងកម្មវត្ថុរចនាក្រាហ្វិកក្នុងគោលបំណងផ្សេងៗ ដែលអាចប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់តម្លៃជាតិ។

តាមការបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា នាពេលថ្មីៗនេះ មានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានយករូបភាពក្រដាសប្រាក់រៀលទៅកែប្រែ បន្ថែមរូបភាព សរសេរ ផាត់ពណ៌ ឬដាក់ក្រដាសប្រាក់រៀលមិនត្រឹមត្រូវ ដែលសកម្មភាពបែបនេះត្រូវបានចាត់ទុកថា «ជាការប្រមាថដល់ប្រទេស និងប្រជាជាតិកម្ពុជាទាំងមូល»។

ធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ក្រដាសប្រាក់រៀល មិនត្រឹមតែជាមធ្យោបាយសម្រាប់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែតាមរយៈនិមិត្តសញ្ញា និងរូបភាពនានានៅលើក្រដាសប្រាក់ រូបិយវត្ថុជាតិឆ្លុះបញ្ចាំងអំពីឯកភាពជាតិ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងមោទនភាពជាតិ។

បន្ថែមពីនេះ ធនាគារជាតិនៃកម្ពុជា អំពាវនាវដល់សាធារណជនទាំងអស់ ឱ្យចូលរួមថែរក្សា និងគោរពតម្លៃរូបិយវត្ថុជាតិ ដោយប្រើប្រាស់ក្រដាសប្រាក់រៀលឱ្យបានត្រឹមត្រូវ និងចៀសវាងសកម្មភាពណាមួយដែលអាចប៉ះពាល់ដល់កិត្តិយស និងអត្តសញ្ញាណជាតិ។

យោងតាមមាត្រា៥៣ នៃច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជា ក្រដាសប្រាក់គឺជាទម្រង់មួយនៃទ្រព្យសម្បត្តិ ហើយបុគ្គលដែលកាន់មានកាតព្វកិច្ចក្នុងការថែរក្សាឱ្យបានល្អ ដើម្បីប្រើប្រាស់ក្នុងប្រតិបត្តិការ។ ការខូចខាតទ្រង់ទ្រាយ ឬបាត់លក្ខណៈដើមនៃក្រដាស អាចធ្វើឱ្យក្រដាសប្រាក់នេះ បាត់តម្លៃ ឬត្រូវបានដកហូតចេញពីចរាចរណ៍។

ម្យ៉ាងវិញទៀត មាត្រា៦៥ ចែងថា អ្នកក្លែងក្រដាសប្រាក់ ឬកាស ដែលជារូបិយវត្ថុមានតម្លៃនីត្យានុកូលនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅលើដែនដីនៃរដ្ឋដទៃទៀត នឹងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ឆ្នាំដល់អស់មួយជីវិត៕

ដោយ៖khmerhome