Register Already an agent ? Login

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ណែនាំឱ្យកំពង់ផែស្វយ័តភ្នំពេញ ត្រូវបន្តសមត្ថភាពប្រកួតប្រជែងរយៈពេលវែង ខណៈវិស័យដឹកជញ្ជូនកំពុងដើរឈានចូលដំណាក់កាលប្រកួតប្រជែងកាន់តែខ្លាំងឡើង

ភ្នំពេញ៖ វិស័យដឹកជញ្ជូន និងភស្តុភារកម្ម កំពុងដើរឈានចូលដំណាក់កាល នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងការប្រកួតប្រជែងកាន់តែខ្លាំងឡើង ស្របពេលដែលកំពង់ផែនានាក្នុងតំបន់និងពិភពលោក កំពុងធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស ខណៈច្រករបៀងដឹកជញ្ជូន និងប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយថ្មីៗ កំពុងបង្ហាញខ្លួននៅក្នុងតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គ (GMS)។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១១ របស់កំពង់ផែស្វយ័តភ្នំពេញ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នេះ។

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានណែនាំឱ្យកំពង់ផែស្វយ័តភ្នំពេញ ត្រូវបន្តពង្រឹងភាពធន់ ភាពអាចបត់បែនបាន និងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួន ដើម្បីធានាកំណើនរយៈពេលវែង។ ម្យ៉ាងវិញទៀត ដោយសារតែភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោក ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ ការបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់ និងហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ នៅតែបន្តជាបញ្ហាប្រឈមដល់វិស័យពាណិជ្ជកម្ម និងដឹកជញ្ជូនសកល។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបន្តថា យើងត្រូវបន្តពន្លឿនការធ្វើទំនើបកម្ម និងបរិវត្តកម្មឌីជីថល ក្នុងគ្រាដែលភាពប្រកួតប្រជែងនាពេលអនាគត នឹងមិនពឹងផ្អែកត្រឹមតែលើការពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែត្រូវរួមបញ្ចូលប្រសិទ្ធភាពប្រតិបត្តិការបច្ចេកវិទ្យា និងប្រព័ន្ធភស្តុភារកម្មឆ្លាតវៃផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏បានកោតសរសើរដល់កំពង់ផែស្វយ័តភ្នំពេញ ដែលបានបង្ហាញពីលទ្ធផលប្រតិបត្តិការដ៏វិជ្ជមានរបស់កំពង់ផែស្វយ័តភ្នំពេញក្នុងឆ្នាំ២០២៥ ជាពិសេសកំណើននៃបរិមាណកុងតឺន័រ ទំនិញ ចំណូល និងប្រាក់ចំណេញ។ លទ្ធផលទាំងនេះបានបញ្ជាក់ ពីតួនាទីដ៏សំខាន់របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងនាមជាច្រកទ្វារភស្តុភារកម្មយុទ្ធសាស្ត្រតាមផ្លូវទឹក ដែលបានរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ចជាតិ ការសម្រួលពាណិជ្ជកម្ម ការអភិវឌ្ឍឧស្សាហកម្ម និងការតភ្ជាប់ក្នុងតំបន់៕

ដោយ៖khmerhome