ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ថ្លែងថា រាជរដ្ឋាភិបាលបានបន្តអនុញ្ញាតឲ្យក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនអូស្ត្រាលី បានពង្រីកសកម្មភាពវិនិយោគរ៉ែមាសរបស់ខ្លួននៅកម្ពុជារហូតដល់ ២គម្រោងធំៗនៅខេត្តមណ្ឌលគីរី និងខេត្តត្បូងឃ្មុំ ខណៈការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុននេះបានប្រព្រឹត្តទៅដោយរលូន ក្នុងនោះបើគិតពីការប្រមូលពន្ធដោយផ្ទាល់ពីគម្រោងទាំងពីរនេះ អាចផ្តល់ឱ្យកម្ពុជាប្រមូលពន្ធបានក្នុងរង្វង់ ១៥០លានដុល្លារអាម៉េរិក ដើម្បីជាការរួមចំណែកដល់ការប្រមូលចំណូលចូលថវិការរដ្ឋរបស់កម្ពុជា។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងក្នុងពិធីបិទវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ នាពេលថ្មីៗនេះថា វិស័យរ៉ែគឺជាវិស័យយុទ្ធសាស្រ្តមួយ ដែលពិភពលោកបានអភិវឌ្ឍន៍ ក្នុងនោះសម្រាប់កម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់នៅលើអភិវឌ្ឍន៍នេះ តាមរយៈរាជរដ្ឋាភិបាលនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា គឺបានថ្លឹងថ្លែងនិងបានកំណត់នូវអភិក្រម ពោលគឺកន្លែងដែលធ្វើអាជីវកម្មរ៉ែ គឺមានការសិក្សាច្បាស់លាស់ និងមានការឯកភាពពីសហគមន៍ និងពីក្រសួងបរិស្ថានជាដើម។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានបង្ហាញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍវិស័យថាមពល រ៉ែ និងវិស័យ ប្រេងកាត ដែលជាវិស័យមានកាលានុវត្តភាព សម្រាប់ការចូលរួមវិនិយោគពីវិស័យឯកជន ដើម្បីចូលរួមចំណែកដល់អភិវឌ្ឍន៍ជាតិ ស្របពេលដែលក្រសួងរ៉ែនិងក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសអូស្ត្រាលីនេះ ដើម្បីសហការគ្នាសិក្សារុករករ៉ែមាសលក្ខណៈជាទ្រង់ទ្រាយធំបន្ថែមទៀត នាពេលខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា គឺនៅមានកាលានុវត្តភាពខ្ពស់ ក្នុងការចូលរួមវិនិយោគពីវិស័យឯកជន ដោយបញ្ហានេះរាជរដ្ឋាភិបាលបង្កនូវលក្ខខណ្ឌចាំបាច់ទាំងឡាយណា ដើម្បីឱ្យវិស័យឯកជនអាចចូលរួមអភិវឌ្ឍន៍នៅក្នុងវិស័យរ៉ែនេះ ដូចជា វិស័យថាមពល វិស័យរ៉ែ និងប្រេងកាត ផងដែរ។ លើសពីនេះ គោលជំហកម្ពុជា នៅតែអភិវឌ្ឍន៍វិស័យអគ្គិសនីនិងវិស័យរ៉ែ ប៉ុន្តែការអភិវឌ្ឍនេះប្រកបដោយការទទួលខុសត្រូវចំពោះបរិស្ថាន, តុល្យភាពការអភិវឌ្ឍ និងការអភិរក្ស ជាពិសេសការផ្តល់ភាពច្បាស់លាស់នៃការប្រមូលចំណូលចូលរដ្ឋមិនឲ្យបាត់បង់ឡើយ។
ឯកឧត្តម កែវ រតនៈ បន្ថែមថា បើគិតការប្រមូលវិស័យរ៉ែគ្រប់ប្រភេទដូចជា រ៉ែមាស ខ្សាច់ និងថ្មសំណង់ជាដើម បាននិងកំពុងបង្កើតការងារជូនកម្ពុជាជាងរាប់ម៉ឺនកន្លែង ក្នុងនោះអាជីវកម្មរ៉ែមាស មានចំនួនជាង ១ ពាន់កន្លែងផងដែរ។ ដោយរាជរដ្ឋាភិបាលចង់បង្កើតការងារជូនប្រជាជនកម្ពុជាបន្ថែម និងប្រាក់ចំណូលសម្រាប់ការអភិវឌ្ឍជាតិ ជាក់ស្តែងនៅក្នុងរយៈពេលជិត ៤ខែ ដើមឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលប្រមូលពន្ធអាករ និងសួយសារពីរ៉ែមាស បានចំនួនជាង ៦០ លានដុល្លារអាម៉េរិករួចហើយ ខណៈបច្ចុប្បន្នវិស័យរ៉ែមាសនេះបាននិងកំពុងហក់ឡើងខ្ពស់នៅលើទីផ្សារអន្តរជាតិ។
រាជរដ្ឋាភិបាលកម្ពុជា បានបន្តគាំទ្រដោយអនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពល ចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគទុនធនធានៃរ៉ែចំនួន ០២ បន្ថែមទៀតជាមួយក្រុមហ៊ុន Renaissance កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលរួមមានកិច្ចព្រមព្រៀងកែសម្រួលបន្ថែមទៅលើកិច្ចព្រមព្រៀងលើកទី១ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយបញ្ចូលបន្ថែមគម្រោង អណ្តូងរ៉ែក្រោមដី ដែលអាចផ្តល់ផលិតផលមាសបានប្រមាណ ១០តោន បន្ថែមទៅលើជម្រករ៉ែម៉ាសចាស់ចំនួនប្រមាណ ៣៤តោន។
ម្យ៉ាងទៀត គម្រោងនេះ នឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ១ពាន់លានដុល្លារអាម៉េរិក ដែលរួមមានសួយសារ និងសារពើពន្ធផ្សេងៗ និងកិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែមាស នៅតំបន់ជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានលក្ខណៈសេដ្ឋកិច្ច ដែលអាចទាញយកមាសសរុបប្រមាណ ២៦តោនក្នុងអាយុកាល ៧ឆ្នាំនៃអណ្ដូងរ៉ែបើក។ គម្រោងបន្ថែមនេះ ជាសក្ខីភាពបញ្ជាក់ពីការរីកចម្រើនរវាងរាជរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវិឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ដោយគម្រោងនេះនឹងផ្តល់ចំណូលជូនរដ្ឋសរុបប្រមាណ ៥៨៣ លានដុល្លារ ដែលរួមមានសួយសារសារពើពន្ធផ្សេងៗ និងបង្កើតការងារប្រមាណ ៥០០កន្លែង។
ក្រៅពីនេះ ក្រុមហ៊ុនបានចូលរួមឧបត្ថម្ភគាំទ្រ ដល់មូលនិធិសម្រាប់អភិវឌ្ឍសហគមន៍មូលដ្ឋានចំនួន ៥ម៉ឺនដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងចូលរួមសកម្មភាពសង្គមផ្សេងៗដូចជា ការដាំកូនឈើជាង ១០ម៉ឺនដើមនៅតំបន់គោលដៅទេសចរណ៍ចម្បង ស្ថិតនៅភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជីកអណ្តូងទឹកជូនដល់សហគមន៍មូលដ្ឋាន ឧបត្ថម្ភសម្ភារៈសិក្សាផ្សេងៗនៅតាមសាលារៀននានា ផ្ដល់ពូជឈើសម្រាប់បណ្តុះនៅសាលារៀនរួចទិញត្រឡប់មកវិញដើម្បីដាំស្តារការដ្ឋានរ៉ែ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៩ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងរ៉ែ និងថាមពលចុះ កិច្ចព្រមព្រៀងវិនិយោគទុនធនធានរ៉ែ នៅតំបន់អូរខ្វាវ ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ជាមួយក្រុមហ៊ុន Renaissance ហើយគម្រោងនេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់កម្ពុជា ដែលគិតចាប់ពីពេលដាក់ឱ្យដំណើរការអាជីវកម្មផលិតកម្មរ៉ែមាសចាប់ពីឆ្នាំ២០២១ មកដល់បច្ចុប្បន្ននេះ ខណៈផលិតមាសសុទ្ឋបានសរុបប្រមាណ ១៦ តោន និងបានបង់សួយសារជូនរដ្ឋសរុបចំនួន ២៧,៣លានដុល្លារអាម៉េរិក និងចំណូលសារពើពន្ធចំនួន ៩៩,១ លានដុល្លារអាម៉េរិក ព្រមទាំងផ្តល់ការងារចំនួន ៦៩៧កន្លែង ដែលក្នុងនោះបុគ្គលិកខ្មែរមានចំនួន ៦៤៥នាក់៕
ដោយ៖khmerhome