Register Already an agent ? Login

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល ថ្លែងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រយៈពេល ៤ខែឆ្នាំនេះ ទទួលបានការវិនិយោគ ១៨៤គម្រោង មានទុនសរុប ២,៦ពាន់លានដុល្លារ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគ សម្រាប់ ៤ខែដំបូងក្នុងឆ្នាំ២០២៦ មានចំនួនសរុប ១៨៤គម្រោង ជាមួយទំហំវិនិយោគជាងប្រមាណ ២,៦ពាន់លានដុល្លារអាម៉េរិក នេះបង្ហាញនូវរំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះ តំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ។ នេះបើយោងតាមការថ្លែងឲ្យដឹងពីឯកឧត្តមឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងក្នុងវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ នេះថា ជុំវិញស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, សេដ្ឋកិច្ចកម្ពុជានៅតែបង្ហាញពីភាពធន់ និងកំណើនវិជ្ជមាន។ កំណើនសេដ្ឋកិច្ចកម្ពុជា នៅរក្សាបាននូវសន្ទុះវិជ្ជមានដោយសម្រេចបានក្នុងរង្វង់ប្រមាណ ៥% ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ។ នៅឆ្នាំ២០២៦នេះ សេដ្ឋកិច្ចកម្ពុជាក៏នៅតែត្រូវបានព្យាករថា នឹងរក្សាបាននូវអត្រាកំណើនខ្ពស់បន្តទៀត ដែលនេះសបញ្ជាក់ពីការរក្សាបាននូវស្ថិរភាព និងភាពធន់នៃសេដ្ឋកិច្ចជាតិ បើទោះបីស្ថិតក្នុងកាលៈទេសៈសកល ប្រកបដោយភាពមិនប្រាកដ ប្រជាខ្ពស់ក៏ដោយ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ថា ទន្ទឹមនឹងភាពធន់នៃសេដ្ឋកិច្ច ការវិនិយោគក៏មានសន្ទុះខ្លាំងក្លាស្របគ្នា។ ជាក់ស្តែក្នុង ឆ្នាំ២០២៥កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបំបែកកំណត់ត្រាថ្មីជាប្រវត្តិសាស្ត្រថែមមួយទៀត ដោយបានអនុម័តគម្រោង វិនិយោគរហូតដល់ ៦៣០ គម្រោង ក្នុងទុនវិនិយោគសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណជាង ៤០% ធៀប នឹងទុនវិនិយោគក្នុងឆ្នាំ២០២៤។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា សន្ទុះវិជ្ជមាននេះនៅតែបន្ត ជាក់ស្តែងសម្រាប ៤ខែដំបូង ក្នុងឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ការអនុម័តគម្រោងមានចំនួនសរុប ១៨៤គម្រោង ជាមួយទំហំវិនិយោគជាងប្រមាណ ២,៦ពាន់លានដុល្លារអាម៉េរិក ខណៈដែល រំហូរវិនិយោគមានវឌ្ឍនភាពល្អប្រសើរ ក្នុងនោះតំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងជា យន្តការគន្លឹះក្នុងការជំរុញពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា ការបន្តទទួលបានរំហូរវិនិយោគជាបន្តបន្ទាប់នេះ មិនមែនត្រឹមតែជាតួលេខបង្ហាញពី ស្ថិរភាព និងកំណើនប៉ុណ្ណោះទេ ប៉ុន្តែសបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តដែលវិនិយោគិនមានចំពោះកម្ពុជា និងក្តីរំពឹងទុកអំពីការលូត លាស់នៃធុរកិច្ចរបស់ខ្លួននៅកម្ពុជា។ យ៉ាងណាក្តីរាជរដ្ឋាភិបាលនៅតែបន្តអភិវឌ្ឍ និងពង្រឹងកិត្យានុភាពកម្ពុជាជាបន្តបន្ទាប់ ដើម្បីក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពល និងទាក់ទាញបំផុតមួយក្នុងតំបន់៕ 

ដោយ៖khmerhome