ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈថ្លែងបញ្ជាក់ថា ការចំណាយក្រៅផ្លូវការ ដែលជាអំពើពុករលួយនៅតាមស្ថាប័ន រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងតែបន្ថែមវិធានការថ្មីៗបន្ថែមទៀត ដើម្បីកាត់បន្ថយការចំណាយក្រៅច្បាប់ទម្លាប់នៅតាមស្ថាប័នគ្រប់ទាំងអស់ ដើម្បីកុំឱ្យបង្កឧបសគ្គដល់ការរីកចម្រើនរបស់វិស័យឯកជន។
ការថ្លែងបញ្ជាក់ឲ្យដឹងបែបនេះរបស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានទី៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាពេលថ្មីៗនេះ ក្នុងពិធីបិទវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំវិនិយោគប្រកបដោយភាពបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ។
ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ បានថ្លែងបន្ថែមថា ដើម្បីដោះស្រាបញ្ហាអំពើពុករលួយតាមស្ថាប័ននេះ គឺធ្វើយ៉ាងណាឲ្យប្រព័ន្ធការិយាធិបតេយ្យរបស់ក្រសួង-ស្ថាប័នកាត់បន្ថយ ខណៈបញ្ហាពាក់ព័ន្ធជាមួយចំណាយក្រៅផ្លូវការ និយាយភាសាឲ្យចំថា ជាអំពើពុករលួយតាមស្ថាប័នគ្រប់ទាំងអស់ ដែលបញ្ហានេះគឺរាជរដ្ឋាភិបាលក្រោមការប្រឹងប្រែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កំពុងតែបន្ថែមវិធានការធ្វើម៉េចឲ្យចំណាយក្រៅច្បាប់ទម្លាប់នេះ គឺមិនបង្កជាបញ្ហាឧបសគ្គ ដល់ការរីកចម្រើនរបស់វិស័យឯកជន។
ក្នុងនាមជាគណៈអធិបតីក្នុងពិធីបិទវេទិកា ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល អនុប្រធានទី៣ ក.អ.ក បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវិនិយោគិនទាំងអស់ ដែលបានសម្រេចចិត្តជ្រើសរើសយកព្រះរាជាណាចក្រកម្ពុជា ជាទីតាំងយុទ្ធសាស្ត្រសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ទំនុកចិត្តដែលបានផ្តល់មកឱ្យកម្ពុជា គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានធ្វើការផ្តាំផ្ញើចំពោះវិនិយោគិនដែលកំពុងសម្លឹងមើលឱកាសក្នុងការបោះទុនពង្រីកការ វិនិយោគ សូមមានការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់លើការផ្តល់សេវាថែទាំវិនិយោគ, ការសម្របសម្រួល តាមដាន និងស្រាយបញ្ហាប្រឈមនានា ឱ្យកាន់តែមានប្រសិទ្ធភាពជូនវិស័យឯកជន។
សូមបញ្ជាក់ថា វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ បានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កា ទៅតាមការរំពឹងទុក ពោលគឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងនូវសេចក្តីទុកចិត្តរបស់វិនិយោគិន មកលើ រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញនូវដំណោះស្រាយដែលអាចអនុវត្តបានភ្លាមៗ។
ជាមួយគ្នានេះ វេទិកាបាន បង្កើតឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ព្រមទាំងបានចងក្រងនូវសំណូមពរ តុចូលក្នុងការកែលម្អយន្តការថែរក្សាវិនិយោគិនឱ្យនៅបន្តបណ្តាក់ទុននៅកម្ពុជា (Investor Retention) សម្រាប់រយៈពេលយូរអង្វែង៕
ដោយ៖khmerhome