Register Already an agent ? Login

ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សិង្ហបុរី បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំកន្លងទៅ និងមាននិន្នាការកាន់តែប្រសើរក្នុងឆ្នាំ ២០២៦ នេះបន្តទៀត

ភ្នំពេញ៖ មកដល់បច្ចុប្បន្ន កម្ពុជា-សិង្ហបុរី បាន និងកំពុងទទួលផលយ៉ាងគាប់ប្រសើរពីចំណងមិត្តភាព​, ទំនាក់ទំនងដ៏ល្អ, កិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌទ្វេភាគី, ក្របខណ្ឌអាស៊ាន និងអន្តរជាតិ ក្នុងនោះ កិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម និងវិនិយោគ ក៏ដូចជាវិស័យផ្សេងទៀតត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ខណៈទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-សិង្ហបុរី បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំកន្លងទៅ និងមាននិន្នាការកាន់តែប្រសើរក្នុងឆ្នាំ ២០២៦ នេះបន្តទៀត។

ការលើកឡើងឲ្យដឹងបែបនេះរបស់ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម  Steven Pang Chee Wee នាឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរីប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំនៅកម្ពុជា។  ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក៏បានជំរាបជូនអំពីស្ថានភាពសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន កម្មវិធីអភិវឌ្ឍន៍ ក៏ដូចជា វិធានការបន្ទាន់ជាអាទិភាពនានាដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញថ្មីៗនេះ ដើម្បីឆ្លើយតបទៅតម្រូវការចាំបាច់នៃភាពមិនប្រាកដប្រជាខ្ពស់នៃសកលលោកដែលជះឥទ្ធិពលអវិជ្ជមានមកលើសង្គម-សេដ្ឋកិច្ច និងជីវភាពប្រចាំថ្ងៃរបស់កម្ពុជា។

ឯកឧត្តមឯកអគ្គរដ្ឋទូត​ បានសម្តែងនូវអំណរគុណចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យ ឯកឧត្តមឯកអគ្គរដ្ឋទូត​ ​បានចូលជួបសម្តែងការគួរសម និងបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅភាពមិនប្រកដប្រជាខ្ពស់នៃសកលលោក ដើម្បីធានាបាននូវស្ថិរភាពនយោបាយ លំហ្នឹងជីវភាពប្រជាពលរដ្ឋ និងសង្គម-សេដ្ឋកិច្ច ព្រមទាំងសម្រេចបាន​នូវសមិទ្ធិផលធំៗជាច្រើន ក្នុងការបន្តទាក់ទាញការវិនិយោគ និង​ទេសចរណ៍ សម្រាប់ចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ចំគោលដៅ និងប្រទាក់ក្រឡា ជាច្រើន។

ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី និង ឯកឧត្តមឯកអគ្គរដ្ឋទូត​ បានសន្យាខិតខំរួមគ្នាបន្តសហការជិតស្និទ្ធ ពង្រឹងចំណងមិត្តភាពកម្ពុជា-សិង្ហបុរីឱ្យកាន់តែរឹងមាំ ពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើគ្រប់វិស័យ ជាពិសេស ការវិនិយោគ, ពាណិជ្ជកម្ម, ទេសចរណ៍, ​កិច្ចសហការរវាងរដ្ឋ និងរដ្ឋ និងឯកជន, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តឡូជីស្ទីក, ស្បៀងអាហារ ស្រូវ-អង្ករ, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងឱកាសការងារ ជាដើម ដើម្បីជាប្រយោជន៍ដល់ប្រជាជន និង​ប្រទេសទាំងពីរ។

យោងតាមទិន្នន័យ​របស់​អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា ​បង្ហាញថា ​ចាប់ពីខែមករា ដល់ខែមីនា ២០២៦ កម្ពុជានាំចេញ​ទៅ​សិង្ហបុរី មានតម្លៃជាង ១៨ លានដុល្លារ កើនឡើង ២៤,២% ចំណែក សិង្ហបុរីនាំចូល​មក​វិញ​មានតម្លៃជាង ៥៣៧ លានដុល្លារ កើន ២០៥%។​ ការដោះដូរទំនិញកម្ពុជា-សិង្ហបុរី ​សម្រេច​បាន​នូវទំហំទឹកប្រាក់ជាង ៥៥៥ លានដុល្លារ នៅរយៈពេល ៣ ខែ ឆ្នាំ ២០២៦ កើនឡើង ១៩១% ​ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥ ​ឆ្លុះបញ្ចាំងពីតម្រូវ​ការ​កើន​ឡើងនៃប្រទេសទាំងពីរ ​ខណៈកម្ពុជា​នៅតែបន្តរក្សាបានទីផ្សារសំខាន់ៗ៕

ដោយ៖khmerhome