Register Already an agent ? Login

កម្ពុជាបន្តទាក់ទាញវិនិយោគជាវិជ្ជមានក្នុងទំហំ ២,៦ពាន់លានដុល្លារ ក្នុង ៤ខែដើមឆ្នាំ២០២៦ ទោះសេដ្ឋកិច្ចសកលស្ថិតក្នុងភាពមិនច្បាស់លាស់

ភ្នំពេញ៖ ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ១៨៤គម្រោង មានទំហំទុនវិនិយោគប្រមាណ ២,៦ពាន់លានដុល្លារអាម៉េរិក ទោះបីពិភពលោកកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា ភាពតានតឹងភូមិសាស្ត្រនយោបាយជម្លោះព្រំដែនកម្ពុជានិងថៃ ការកំណត់ពន្ធគយបដិការបស់អាម៉េរិកជាសកល និងជម្លោះនៅតំបន់ជម្ឈិមបូព៌ា ដែលធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃជាសកលក៏ដោយក្តី ប៉ុន្តែកម្ពុជានៅតែបន្តទាក់ទាញលំហូរវិនិយោគបានយ៉ាងវិជ្ជមាន។

ការថ្លែងបែបនេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦”ក្រោមប្រធានបទ “លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ” នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងថា ការទទួលបានលំហូរវិនិយោគជាបន្តបន្ទាប់នេះ មិនមែនត្រឹមតែជាតួលេខបង្ហាញពីស្ថិរភាព និងកំណើនប៉ុណ្ណោះទេ ប៉ុន្តែសបញ្ជាក់យ៉ាងច្បាស់អំពីទំនុកចិត្តរបស់វិនិយោគិនចំពោះកម្ពុជា និងក្តីរំពឹងទុកអំពីការលូតលាស់នៃធុរកិច្ចរបស់ខ្លួននៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ កម្ពុជា បានបំបែកកំណត់ត្រាខ្ពស់បំផុត ក្នុងការទាក់ទាញគម្រោងវិនិយោគរហូតដល់ ៦៣០គម្រោង ដែលមានទំហំទុនសរុបប្រមាណ ១០ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ៤០% បើធៀបនឹងឆ្នាំ២០២៤ ខណៈសន្ទុះវិជ្ជមាននេះ នៅតែបន្តក្នុងឆ្នាំ២០២៦។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តជំរុញការអភិវឌ្ឍ និងពង្រឹងកិត្យានុភាពរបស់កម្ពុជា ជាបន្តបន្ទាប់ ដើម្បីប្រែក្លាយប្រទេសឱ្យក្លាយជាគោលដៅវិនិយោគដ៏មានសក្តានុពល និងទាក់ទាញបំផុតមួយក្នុងតំបន់។ ជាក់ស្តែង កម្ពុជាបានខិតខំស្វែងរក និងពង្រីកដៃគូពាណិជ្ជកម្មថ្មីៗ តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងទ្វេភាគី និងពហុភាគី ជាមួយបណ្តាប្រទេសនានា។

ក្នុងនោះ កម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន កូរ៉េខាងត្បូង និងអេមីរ៉ាតអារ៉ាប់រួម ព្រមទាំងកិច្ចព្រមព្រៀងពហុភាគីសំខាន់ៗ ដូចជា កិច្ចព្រមព្រៀងក្នុងក្របខណ្ឌអាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ៕

ដោយ៖khmerhome

RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026