ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា បន្ទាប់ពីមានការណែនាំពីសម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងពិនិត្យឡើងវិញលើតំបន់សេដ្ឋកិច្ចពិសេស ដែលទទួលបានអាជ្ញាប័ណ្ណរួចហើយ ប៉ុន្តែមិនទាន់មានសកម្មភាពអភិវឌ្ឍន៍ ឬដំណើរការ។
ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីក្នុងពិធីបើក “វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦” ក្រោមប្រធានបទ «លើសពីការវិនិយោគ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំប្រកបដោយបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ» នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។
ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា បច្ចុប្បន្ន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កំពុងសិក្សាវាយតម្លៃតាមតំបន់សេដ្ឋកិច្ចពិសេសនីមួយៗ ដើម្បីរាយការណ៍ជូនសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ពិនិត្យសម្រេច។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានឲ្យដឹងថា រហូតមកដល់ពេលនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥២ គម្រោង ប៉ុន្តែមានតែ ៣៥ តំបន់ប៉ុណ្ណោះ ដែលកំពុងដំណើរការ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេស បានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគ និងជាយន្តការគន្លឹះសម្រាប់ជំរុញពិពិធកម្មឧស្សាហកម្មនៅកម្ពុជា។ មុខសញ្ញាវិនិយោគក្នុងឧស្សាហកម្មថ្មីៗ ក្រៅពីវិស័យកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ភាគច្រើនប្រមូលផ្តុំនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានដូចជា ដំឡើងយានយន្ត គ្រឿងបង្គុំយានយន្ត គ្រឿងអេឡិចត្រូនិក និងអគ្គិសនី គ្រឿងសង្ហារិម និងគ្រឿងតែងលម្អ ជាដើម។
ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមអគ្គលេខាធិការ ក៏បានរំលឹកដល់ក្រុមហ៊ុនអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេស ដែលពុំទាន់មានការអភិវឌ្ឍ ឱ្យរួសរាន់ចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងៗសំដៅទាក់ទាញការវិនិយោគចូលក្នុងតំបន់របស់ខ្លួន ចៀសវាងការប្រឈមនឹងការដកហូតមកវិញនូវគោលការណ៍អភិវឌ្ឍន៍តំបន់ ស្របតាមបទប្បញ្ញត្តិជាធរមាន។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា វុទ្ធី បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងគោលបំណងទប់ស្កាត់ការជ្រាបចូលនៃសកម្មភាពខុសច្បាប់នេះទៅក្នុងបណ្តាតំបន់សេដ្ឋកិច្ចពិសេសផងដែរ៕
ដោយ៖ khmerhome