Register Already an agent ? Login

កម្ពុជាបានរៀបចំនូវវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ជាលើកដំបូង ដើម្បីបច្ចុប្បន្នភាពកំណែទម្រង់ និងកិច្ចសម្រួលវិនិយោគនានាជូនដល់វិនិយោគិនទាំងអស់នៅកម្ពុជា

ភ្នំពេញ៖ កម្ពុជាបានរៀបចំនូវវេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ ក្រោមមូលបទ៖ ការពង្រឹងភាពធន់តាមរយៈការថែទាំវិនិយោគប្រកបដោយ ភាពបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ ដែលជាវេទិកាដ៏មហស្ចារ្យប្រារព្ធធ្វើឡើងក្នុងឆ្នាំដំបូង ក្រោមការឯកភាពនិងណែនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ក្នុងគោលបំណងបញ្ញាបនូវបច្ចុប្បន្នភាពកំណែទម្រង់ និងកិច្ចសម្រួលវិនិយោគនានាជូនដល់វិនិយោគិនទាំងអស់ ជាពិសេសវិនិយោគិនដែលបាននិងកំពុងធ្វើប្រតិបត្តិការវិនិយោគនៅកម្ពុជាស្រាប់។

វេទិកាវិនិយោគកម្ពុជាឆ្នាំ២០២៦ នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីមកពីក្រសួង-ស្ថាប័ន ទាំងរដ្ឋនិងវិស័យឯកជនច្រើនរូបផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងថា ស្របពេលដែលបរិការណ៍សកលកំពុងមានភាពមិនប្រាកដប្រជាខ្ពស់ វេទិកានេះនឹងដើរតួនាទីជាយន្តការចែករំលែកនូវបទពិសោធ បញ្ហាប្រឈម និងអនុសាសន៍ ហើយក៏ជាយន្តការបង្កើតនូវបណ្តាញទំនាក់ទំនងធុរកិច្ច ក៏ដូចជាការស្វែងរកនិងចាប់យកកាលានុវត្តភាព វិនិយោគ រួមបញ្ចូលទាំងការពង្រីកគម្រោងវិនិយោគ និងការចាប់ដៃគូវិនិយោគលើសកម្មភាពថ្មីៗ ផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា វេទិការបស់យើងនឹងប្រព្រឹត្តទៅក្នុងរយៈពេល១ថ្ងៃពេញ ដោយមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយស មកពីបណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ ចែករំលែក និងពិភាក្សាជុំវិញប្រធានបទគន្លឹះៗមានជាអាទិ៍៖ បរិយាកាស វិនិយោគ និងការសម្របសម្រួលគោលនយោបាយនានា, កិច្ចសម្រួលដល់ដំណើរការចុះបញ្ជីពាណិជ្ជកម្ម និងលិខិតអនុញ្ញាតការងារ, កិច្ចសម្រួលដល់ក្របខណ្ឌច្បាប់សាងសង់ និងបរិស្ថាន និងការបង្កើនភាពអាចប៉ាន់ប្រមាណបាននូវនីតិវិធីពន្ធដារ និងពន្ធគយ ជាដើម ដែលសុទ្ធសឹងតែជាប្រធានបទសំខាន់ៗដែលវិនិយោគិនចង់ស្វែងយល់ ជាពិសេសពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែង សមិទ្ធផលថ្មីៗ គម្រោងនាពេលអនាគតរបស់រាជរដ្ឋាភិបាលក្នុង ការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសអនឡាញ តាមរយៈការដាក់ចេញនូវ "ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ កាលពីថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ កន្លងទៅ។ ការដាក់ចេញនូវច្បាប់នេះ ជាសក្ខីភាពបង្ហាញអំពីចំណាត់ការយ៉ាងសកម្មបំផុត ដែលស្តែងចេញតាមរយៈសកម្មភាពចុះបង្ក្រាបជនល្មើសជាក់ស្តែងជាបន្តបន្ទាប់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា កិច្ចការនេះស្ថិតនៅក្រោមការយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ជាទីបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាលុបបំបាត់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅបង្កើតឱ្យបាននូវបរិយាកាសវិនិយោគ និងទេសចរណ៍ប្រកបដោយសុវត្ថិភាព សន្តិសុខ និងភាពជឿជាក់ពេញលេញ ដែលនេះគឺជាអាទិភាពខ្ពស់បំផុតមួយរបស់រាជរដ្ឋាភិបាល។ សូមវិនិយោគិនទាំងអស់មេត្តាបន្តផ្តល់ទំនុកចិត្ត និងជួយផ្សព្វផ្សាយអំពីការប្តេជ្ញាចិត្ត និងចំណាត់ការរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងករណីនេះ ដើម្បីបង្ហាញទៅកាន់ពិភពលោកថា កម្ពុជាមានសុវត្ថិភាព ១០០% ទាំងសម្រាប់វិនិយោគ និងទេសចរណ៍។

ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរអំពីវឌ្ឍនភាពការងារកាលពីថ្មីៗនេះ ដែលជាដំណឹងល្អមួយសម្រាប់វិនិយោគិន និងធុរជនកម្ពុជា ដោយរាជរដ្ឋាភិបាលបានសម្រេចលុបបំបាត់កម្រៃ “ស្កេនកុងតឺន័រ” ទាំងស្រុង ចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅ។ ការសម្រេចចិត្តដ៏ត្រឹមត្រូវនេះ ជាកិច្ចសម្រួលពាណិជ្ជកម្ម និងចូលរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយបន្ទុកថ្លៃភស្តុភារកម្ម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជឿជាក់ថា វេទិកានាថ្ងៃនេះនឹងក្លាយជាស្ពានចម្លងដ៏សំខាន់មួយ ក្នុងការបង្កើតទំនាក់ទំនងរវាងវិស័យរដ្ឋនិងឯកជន ក៏ដូចជារវាងវិនិយោគិន និងវិនិយោគិន។ លើសពីនេះ វេទិកានេះគ្រោងនឹងរៀបចំជាទៀងទាត់ជាវេទិកាថ្នាក់ជាតិ ដែលជាយន្តការថែទាំវិនិយោគ ក្រោមរូបភាពជាទិវាវិនិយោគិន ឬ សប្តាហ៍វិនិយោគិន។

ក.អ.ក. ក៏គ្រោងនឹងពង្រីកវិសាលភាពនៃវេទិកានេះ តាមរយៈការរៀបចំឱ្យមានស្តង់តាំងបង្ហាញផលិតផល ឬសេវាកម្មដែលបានផលិតនិងមានវត្តមាននៅកម្ពុជា រាប់បញ្ចូលទាំងការតាំងបង្ហាញនូវការទទួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR) ជូនដល់សាធារណជន ពិសេសបណ្តាវិនិយោគិនដែលមានតម្រូវការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ខណៈដែលវេទិកានេះ ជាមូលដ្ឋានផ្សព្វផ្សាយដ៏មានសក្តានុពល ដើម្បីពង្រឹងកិត្តិនាមរបស់កម្ពុជាលើឆាកអន្តរជាតិ៕

ដោយ៖Khmerhome