Register Already an agent ? Login

អូស្ត្រាលីកំពុងសហការជាមួយរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ២ ដើម្បីគាំទ្រក្នុងការសាងសង់ទីធ្លាសម្ងួត និងបង្កើតការងារថ្មីប្រហែល ១០០កន្លែង

ភ្នំពេញ៖ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា លើកឡើងថា អូស្ត្រាលីកំពុងសហការជាមួយរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ២ ដើម្បីគាំទ្រក្នុងការសាងសង់ទីធ្លាសម្ងួត បំពាក់ម៉ាស៊ីនចាត់ថ្នាក់ និងកន្លែងស្តុកទុក ព្រមទាំងផ្តល់ការបណ្តុះបណ្តាលបន្ទាប់ពីការប្រមូលផលដល់កសិករដាំស្វាយចន្ទី។ 

លោកបន្តថា អូស្ត្រាលីប្តេជ្ញាសហការជាមួយកសិ-ពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ទាក់ទាញវិនិយោគ និងអភិវឌ្ឍវិស័យកសិ-ចំណីអាហារឲ្យកាន់តែរឹងមាំ និងចីរភាព ស្របពេលដែលកម្ពុជា គឺជាប្រទេសផលិតគ្រាប់ស្វាយចន្ទីឆៅធំជាងគេលំដាប់ទី២ លើពិភពលោក ប៉ុន្តែមានតិចជាង ១០ភាគរយប៉ុណ្ណោះនៃផលិតផលសរុបត្រូវបានកែច្នៃក្នុងស្រុក។ គម្រោងនេះនឹងបង្កើតការងារថ្មីប្រហែល ១០០កន្លែង និងជួយបង្កើន ឬរក្សាស្ថិរភាពប្រាក់ចំណូលសម្រាប់គ្រួសាររហូតដល់ ១ពាន់គ្រួសារ នៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ។

លោកគូសបញ្ជាក់ថា ការសហការជាមួយរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកនេះ គឺជាយុទ្ធសាស្ត្រគន្លឹះដ៏សំខាន់ក្នុងការចូលរួមប្រែក្លាយកម្ពុជាឱ្យទៅជា «អធិរាជស្វាយចន្ទី» តាមរយៈការបង្កើនតម្លៃបន្ថែម និងកាត់បន្ថយការនាំចេញគ្រាប់ស្វាយចន្ទីឆៅទៅក្រៅប្រទេស។ កន្លងមក កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅក្នុងបរិមាណដ៏ច្រើនលើសលប់ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសវៀតណាម។

លោកសង្កត់ធ្ងន់ថា ការបង្កើតរោងចក្រកែច្នៃកាន់តែច្រើននៅក្នុងស្រុក នឹងអនុញ្ញាត​ឱ្យកម្ពុជាកាត់បន្ថយការនាំចេញគ្រាប់ឆៅទៅជាការនាំចេញផលិតផលសម្រេច ដែលមានតម្លៃខ្ពស់ជាងមុន កាត់បន្ថយហានិភ័យនៃការធ្លាក់ចុះថ្លៃនៅពេលទីផ្សារខាងក្រៅមានការប្រែប្រួល។ ជាងនេះទៅទៀត ការបង្កើនរោងចក្រកែច្នៃបានកាន់តែច្រើន មិនត្រឹមតែជួយដល់ម្ចាស់ចំការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរផងដែរ។

លោកលើកឡើងថា ស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ រាជរដ្ឋាភិបាលបាន និងកំពុងផ្តល់ការលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការសម្រួលនីតិវិធី និងផ្តល់អាទិភាពលើការកែច្នៃ។ គោលដៅចម្បងគឺបង្កើនសមត្ថភាពកែច្នៃឱ្យបានយ៉ាងតិច ២៥% នៅឆ្នាំ២០២៧ និងឈានទៅដល់ ៥០%នៅឆ្នាំ២០៣​២​។ យ៉ាងណាក៏ដោយ ទោះជាមានសក្តានុពលខ្លាំង ប៉ុន្តែវិស័យនេះនៅប្រឈមនឹងបញ្ហាមួយចំនួនដូចជា ថ្លៃដើមផលិតកម្ម, តម្លៃអគ្គិសនី និងតម្លៃដឹកជញ្ជូននៅមានកម្រិតខ្ពស់ ខណៈផ្នែកបច្ចេកទេសតម្រូវការម៉ាស៊ីនទំនើបៗ និងស្តង់ដារអនាម័យសម្រាប់នាំចេញភាគច្រើននៅមានកម្រិត។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ការនាំចេញគ្រាប់ស្វាយចន្ទី នៅ​ក្នុង​រយៈ​ពេល ​៣ខែ​ ឆ្នាំ២០២៦នេះ មានទំហំទឹកប្រាក់សរុបប្រមាណ ៣៥៨ លានដុល្លារអាមេរិក កើនជាង ២២% ចំពោះទីផ្សារ គាំទ្រដល់ការនាំចេញ រួមមាន ទីផ្សារវៀតណាម មានទឹកជាង ៣៥៦​លានដុល្លារ កើនជាង ២២​ភាគរយ, តៃវ៉ាន់ និងខេត្តមួយចំនួន នៃប្រទេសចិន មាន​ទឹក​ប្រាក់​ជាង ៤១​ម៉ឺនដុល្លារ កើន ២១៨ ភាគរយ, ទួកគី ជាង ៣៦ ម៉ឺនដុល្លារ ជាទីផ្សារថ្មី, អារ៉ាប់​អេមីរ៉ាត ជាង ២២ ម៉ឺនដុល្លារ កើនជាង ៥ ម៉ឺនភាគរយ ធៀបរយៈពេលដូចគ្នានិងឆ្នាំមុន ក្រៅ​ពី​នេះ​នៅ​មាន​ទីផ្សារផ្សេងៗដែលជួយគាំទ្រដល់ កំណើននៃការនាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​របស់​កម្ពុជា​។

លោកអះអាងថា ការជំរុញឱ្យមានរោងចក្រកែច្នៃស្វាយចន្ទីកាន់តែច្រើន គឺជាជំហានមិនអាចខ្វះបាន ដើម្បីធានានូវនិរន្តរភាពសេដ្ឋកិច្ចកសិ-ឧស្សាហកម្ម។ នៅពេលដែលកម្ពុជាមានសមត្ថភាពកែច្នៃកាន់តែខ្លាំង វានឹងក្លាយជាកម្លាំងទាក់ទាញអ្នកវិនិយោគបរទេសបានកាន់តែច្រើន ទាំងវិស័យដាំដុះ និងកែច្នៃបន្ថែមទៀត។

លោកបន្ថែមថា នៅ​ក្នុង​ពេល ​២​ឆ្នាំ​ចុងក្រោយនេះ អាកាសធាតុមានការប្តូរផ្លាស់ គិតមកដល់រយៈពេល ៤ខែ ដើម​ឆ្នាំ​២០២៦​ ​កសិករទើបប្រមូលផលសម្រេចបានក្នុងរង្វង់ប្រមាណ ៦០ ប៉ុណ្ណោះ ខណៈ​ការ​ព្យាករ​នៅ​ក្នុង​ឆ្នាំ​នេះ ​កម្ពុជានឹងអាចប្រមូលផលគ្រាប់ស្វាយចន្ទីបានចន្លោះពី ៨០ ម៉ឺនតោន ទៅ ១លាន​តោន​។ ចំណែកតម្លៃវិញ លោកថា តម្លៃគ្រាប់ស្វាយចន្ទីសើម នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំកន្លងមកនេះ គឺគ្មានឆ្នាំណា ដែលល្អដូចឆ្នាំ២០២៦នេះឡើយ ទំាងទិន្ន​ផល​ និង​តម្លៃ​ ​ដោយឆ្នាំនេះអាចធ្វើឱ្យកសិករទទួលបានប្រាក់ចំណេញច្រើន។

លើសពីនេះ លោក អួន ស៊ីឡុត បញ្ជាក់ឱ្យដឹងថា តម្លៃការនាំចេញគ្រាប់ស្វាយចន្ទីសើមនេះ កាលពីខែមករា ឆ្នាំ២០២៦ មានតម្លៃក្នុងរង្វង់ ៧.២០០ រៀល ក្នុងមួយគីឡូក្រាម, នៅក្នុងខែកុម្ភៈ មានតម្លៃ ៦.១០០ រៀល, ខែ មីនា តម្លៃ ៦.៣០០ រៀល, ខែមេសា ៦.២០០ រៀល និងនៅក្នុងឧសភានេះ មានតម្លៃក្នុងរង្វង់ ៥.៦០០ រៀល ក្នុងមួយគីឡូក្រាម៕

ដោយ៖khmerhome


RELATED ARTICLES

មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម ចាត់ទុកការនាំចូលនូវបច្ចេកវិទ្យាទំនើបស្វ័យប្រវត្តិកម្មនៅកម្ពុជា ដើម្បីការឈានទៅប្រកួតប្រជែងនៅលើទីផ្សារសកល ដែលផ្អែកលើគុណភាព និងស្តង់ដារ
Fri, 14 Aug 2026
ពិព័រណ៍ឧស្សាហកម្មកម្ពុជាអន្តរជាតិ បង្ហាញបច្ចេកវិទ្យាទំនើបៗសម្រាប់វិស័យកម្មន្តសាលរបស់កម្ពុជា
Fri, 14 Aug 2026
កម្ពុជាប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍ​​ធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០» ដែល ធ្វើឱ្យកម្ពុជាមានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ ដែលអាចពូនជ្រំសហគ្រិន នវានុវត្តន៍ឱ្យបង្កើតដំណោះស្រាយថ្មីៗក្នុងទីផ្សារ
Fri, 14 Aug 2026