Register Already an agent ? Login

អ្នកជំនាញសេដ្ឋកិច្ច គាំទ្រចំពោះការសម្រេចហាមឃាត់ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុងផលិតស្រា និងភេសជ្ជៈ ដោយអះអាងថា វិធានការនេះ នឹងធ្វើឲ្យការប្រកួតប្រជែងពាណិជ្ជកម្មមានភាពស្មើគ្នា

ភ្នំពេញ៖ អ្នកជំនាញសេដ្ឋកិច្ច គាំទ្រចំពោះរាជរដ្ឋាភិបាលបានសម្រេចហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈ ផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬការផ្តល់រង្វាន់ផ្សេងៗ ដោយអ្នកជំនាញរូបនេះអះអាងថា ការសម្រេចបែបនេះនឹងធ្វើឲ្យការប្រកួតប្រជែងពាណិជ្ជកម្មនៅក្នុងវិស័យនេះមានភាពស្មើគ្នា។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច បានប្រាប់ឲ្យដឹងថា លោកមិនយល់ស្របចំពោះការលើកឡើងមួយចំនួន ដែលថានឹងធ្វើឲ្យមានការបាត់បង់ប្រាក់ចំណូលរបស់ក្រុមហ៊ុនទាំងនោះ ដែលកំពុងធ្វើអាជីវកម្មក្នុងវិស័យនេះ។ វិធានការនេះ វានឹងធ្វើឲ្យពលរដ្ឋកាត់បន្ថយការផឹកស្រវឹង និងជួយធ្វើឲ្យប្រសើរឡើងចំពោះសុខភាពរបស់គាត់ផងដែរ តាមរយៈក្រុមហ៊ុនគួរពង្រឹងគុណភាពនិងតម្លើងថ្លៃបន្ថែម ដើម្បីឲ្យពួកគាត់កាត់បន្ថយការផឹកច្រើនពេក អាចប៉ះពាល់ដល់សុខភាពគាត់ និងមួយវិញទៀត យើងអាចពង្រឹងសុខភាពសាធារណៈនិងធនធានមនុស្សឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ៤ខែឧសភា ឆ្នាំ២០២៦ បានណែនាំឲ្យអគ្គនាយកដ្ឋានពន្ធដារ អនុវត្តគោលការណ៍ហាមឃាត់ការផ្តល់រង្វាន់ តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ជាពិសេសភេសជ្ជៈប៉ូវកម្លាំង ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ ហើយចាប់អនុវត្តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ។

ក្រសួងសេដ្ឋកិច្ច បានណែនាំឲ្យគ្រប់សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិត នូវគម្របផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដែលមានការផ្តល់រង្វាន់ទៀតឡើយ។ វិធានការនេះ មានគោលដៅបញ្ឈប់ការលើកទឹកចិត្តការប្រើប្រាស់លើសកម្រិត និងលើកកម្ពស់អនុលោមភាពក្នុងវិស័យផលិតកម្មក្នុងស្រុក។

ក្រសួងសេដ្ឋកិច្ច សម្រេចអនុវត្តគោលការណ៍របស់រាជរដ្ឋាភិបាល ដោយហាមឃាត់ការផ្តល់រង្វាន់តាមរយៈការគាស់ក្រវិលកំប៉ុង ឬគម្របផលិតផល ឬការផ្តល់រង្វាន់តាមទម្រង់ផ្សេងៗ សម្រាប់ភេសជ្ជៈមានជាតិស្ករ ជាពិសេសភេសជ្ជៈ ប៉ូវកម្លាំង ត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២៦ ហើយចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ គ្រប់សហគ្រាសទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យផ្តល់រង្វាន់ និងមិនត្រូវមានការបញ្ជាទិញថ្មី នាំចូល ឬផលិត នូវគម្របផលិតផលភេសជ្ជៈមានជាតិស្ករ ដែលមានការផ្តល់រង្វាន់ទៀតឡើយ៕

ដោយ៖khmerhome