Register Already an agent ? Login

កម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិស្វាយចន្ទីកម្ពុជា ជាលើកដំបូងនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខ ដើម្បីទាក់ទាញឱ្យមានការវិនិយោគកាន់តែច្រើន

ភ្នំពេញ៖ កម្ពុជានឹងរៀបចំសន្និសីទអន្តរជាតិស្វាយចន្ទីកម្ពុជា ជាលើកដំបូងនៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខ ដើម្បីធ្វើការផ្សព្វផ្សាយពីសក្តានុពលនៃផលិតកម្មស្វាយចន្ទីនៅកម្ពុជា ក៏ដូចជាបង្កើនភាពទាក់ទាញឱ្យមានការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុក និងការតភ្ជាប់កសិករជាមួយអ្នកទិញអន្តរជាតិ។ នេះបើផ្អែកតាមការឲ្យដឹងពីប្រធានសមាគមស្វាយចន្ទីកម្ពុជា។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បាននិយាយថា សមាគមស្វាយចន្ទីកម្ពុជា គ្រោងនឹងរៀបចំវេទិការអន្តរជាតិស្វាយចន្ទីកម្ពុជា (CIF) ជាលើកដំបូងរបស់ខ្លួននៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៦ ឬនៅដើមឆ្នាំ២០២៧ ដើម្បីបង្ហាញពីសក្តានុពលនៃផលិតផលស្វាយចន្ទីកម្ពុជា ក៏ដូចជាពង្រឹងឋានៈរបស់កម្ពុជានៅក្នុងទីផ្សារគ្រាប់ស្វាយចន្ទីពិភពលោក។ សន្និសីទនេះនឹងបម្រើជាវេទិកា ដើម្បីតភ្ជាប់អ្នកទិញអន្តរជាតិធំៗជាមួយផលិតករ និងអាជីវករក្នុងស្រុក ដោយជំរុញការវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងការផលិតបន្ថែមតម្លៃនៅក្នុងប្រទេសកម្ពុជា។

លោកបន្ថែមថា ទោះបីកម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបានប្រមាណ ១លានតោនក្នុង ១ឆ្នាំៗក៏ដោយ ប៉ុន្តែមូលដ្ឋានកែច្នៃក្នុងស្រុកនៅមានកម្រិតនៅឡើយ។ ចំនួនដ៏ច្រើននៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ត្រូវបាននាំចេញជាលក្ខណៈគ្រាប់ឆៅទៅកាន់ប្រទេសជិតខាង ដើម្បីយកទៅកែច្នៃបន្ត។ សន្និសីទនេះមានគោលបំណងទាក់ទាញវិនិយោគិនទាំងក្នុងស្រុក និងបរទេស ដើម្បីអភិវឌ្ឍសមត្ថភាពកែច្នៃ ព្រមទាំងទាក់ទាញចំណាប់អារម្មណ៍ពីស្ថាប័នជាតិ និងអន្តរជាតិដែលពាក់ព័ន្ធនឹងវិស័យកសិកម្មផងដែរ។

លោក ស៊ីឡុត អះអាងថា សន្និសីទនេះគឺជាចំណុចរបត់ដ៏សំខាន់សម្រាប់ឧស្សាហកម្មស្វាយចន្ទីកម្ពុជា។ វានឹងមិនត្រឹមតែជំរុញការវិនិយោគ និងការកែច្នៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការក្លាយជាតួអង្គប្រកួតប្រជែងនៅក្នុងទីផ្សារស្វាយចន្ទីក្នុងតំបន់ និងពិភពលោកផងដែរ។

សសក បានឱ្យដឹងថា បច្ចុប្បន្នឧស្សាហកម្មស្វាយចន្ទីកម្ពុជា បានគ្របដណ្តប់លើគ្រួសារកសិករប្រហែល ២៥ ០០០ គ្រួសារ ដោយផ្តល់ការងារពេញម៉ោងដល់កម្មករ ៣៨ ០០០ នាក់ និងជួលកម្លាំងពលកម្មតាមរដូវកាលចំនួន ១៥០ ០០០ នាក់បន្ថែមទៀតក្នុងអំឡុងពេលប្រមូលផល ដោយបង្កើតការងាររដូវកាលសេដ្ឋកិច្ចជនបទចំនួន ១៧៥ លានដុល្លារដល់កម្លាំងពលករប្រមូលផល។

សសក បានបញ្ជាក់ថា សន្និសីទអន្តរជាតិស្វាយចន្ទីកម្ពុជា នឹងបង្កើតឱកាសសម្រាប់កសិករ អាជីវករ និងសហគ្រិន ដើម្បីសហការគ្នាឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានតម្លៃកាន់តែខ្ពស់ពីវិស័យនេះ។ សន្និសីទខាងលើអាចនឹងមានអ្នកចូលរួមប្រមាណ ១៥០នាក់ មកពីក្រុមហ៊ុន អង្គការ និងវិនិយោគិនមកពីប្រទេសវៀត ណាម ឥណ្ឌា ចិន ជប៉ុន និងកូរ៉េខាងត្បូង ចូលរួម។

អ្នកជំនាញបានប៉ាន់ប្រមាណថា ប្រសិនបើផលិតកម្មគ្រាប់ស្វាយចន្ទីឆៅទាំងអស់របស់កម្ពុជា ត្រូវបានកែច្នៃក្នុងស្រុក វានឹងអាចបង្កើតការងារថ្មីបានរហូតដល់ ១០ ០០០ កន្លែង និងបង្កើនប្រាក់ចំណូលរបស់កសិករ និងកម្មករយ៉ាងច្រើននៅទូទាំងខ្សែច្រវាក់តម្លៃទាំងមូល៕

ដោយ៖khmerhome