Register Already an agent ? Login

កម្ពុជាសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ២៣ ដោយបានចំណាយថវិកាសាងសង់ជាង ២៥លានដុល្លារ ខណៈផ្លូវនេះជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យបានកាន់តែល្អប្រសើរឡើង

កណ្តាល៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ២៣ ប្រវែងប្រមាណ ២០ គីឡូម៉ែត្រ ចាប់ពីស្ពានកោះធំ ដល់ផ្លូវជាតិលេខ ១៤ ក្នុងស្រុកលើកដែក ខេត្តកណ្តាល ដោយបានចំណាយថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សរុបចំនួនជាង ២៥ លានដុល្លារអាម៉េរិក រួមជាមួយនឹងថវិកាបដិភាគមួយចំនួនផ្សេងទៀតរបស់រាជរដ្ឋាភិបាល ខណៈដែលផ្លូវនេះ បានរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់បង-ប្អូនប្រជាពលរដ្ឋ ក្នុងខេត្តកណ្តាល និងក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឲ្យបានកាន់តែមានលក្ខណៈប្រសើរឡើងជាលំដាប់ទៀតផង។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ២៣ ក្នុងស្រុកកោះធំ ខេត្តកណ្តាល ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ថា ការអភិវឌ្ឍយ៉ាងឆាប់នៅកម្ពុជា អាចសម្រេចទៅបានដោយមានការចូលរួមឧបត្ថម្ភគាំទ្រ តាមរយៈការផ្តល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីសំណាក់បណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា។ ក្នុងនោះ ធនាគារអភិវឌ្ឍន៍ អាស៊ី (ADB) គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបានផ្តល់ការគាំទ្រជាច្រើនដល់ការអភិវឌ្ឍនៅកម្ពុជា តាំងពីដើមរៀងមក។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ថ្លែងបន្តថា ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ឥណទានសម្បទានចំនួនប្រមាណ ២៥លានដុល្លារអាម៉េរិក សម្រាប់គម្រោងសាងសង់, ជួសជុល និងលើកកម្រិតផ្លូវជាតិលេខ ២៣ នេះ សម្រាប់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ព្រមទាំងគម្រោងជាច្រើនទៀត ដែលបម្រើដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន គូសបញ្ជាក់ថា បច្ចុប្បន្ន ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកកោះធំ និងស្រុកលើកដែក នៃខេត្តកណ្តាល ក៏ដូចជា ប្រជាពលរដ្ឋទូទៅ អាចធ្វើដំណើរឆ្លងកាត់ទៅមកប្រចាំថ្ងៃតាមផ្លូវនេះបានដោយងាយ ជាពិសេសសម្រាប់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារក្នុងស្រុក និងទៅតាមតំបន់ផ្សេងទៀត។ ជាងនេះទៀត កំណាត់ផ្លូវនេះ ក៏នឹងជួយលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម តាមច្រកព្រំដែនសំខាន់ៗ រួមមាន៖ ច្រកព្រំដែន (ជ្រៃធំ-ឡុងប៊ិញ) តាមរយៈផ្លូវជាតិលេខ ២១ និងច្រកព្រំដែន (ក្អមសំណ-វិញសឿង) តាមរយៈផ្លូវជាតិលេខ ១៤ និងការតភ្ជាប់យ៉ាងប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិ, ផ្លូវខេត្ត និងតំបន់ទីប្រជុំជនដ៏សំខាន់ដទៃទៀតផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លើកឡើងថា ធនាគារអភិវឌ្ឍន៍អាស៊ី បានជួយដល់ការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ មានជាអាទិ៍ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់និងស្ថានីយបូម ប្រព័ន្ធលូរំដោះទឹកភ្លៀង ទីតាំងកែច្នៃសំរាម និងទីលានទុកដាក់សំរាមនៅតាមទីក្រុង និងទីប្រជុំជនក្នុងបណ្តាខេត្ត សំខាន់ៗ រួមទាំងការកសាងសមត្ថភាពធនធានមនុស្ស និងការសិក្សាគម្រោងជាដើម ដែលទាំងអស់នេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញសន្ទុះសេដ្ឋកិច្ចជាតិឱ្យមានកំណើន និងវឌ្ឍនភាព។

ឯកឧត្តម ប៉េង ពោធិ៍នា សង្កត់ធ្ងន់ថា ដើម្បីសម្រួលនិងបញ្ចៀសទិសដៅចរាចរណ៍ទៅមកកំណាត់ផ្លូវជាតិលេខ២៣ នេះ បានអនុវត្តការសាងសង់ដោយក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណ ដឹកជញ្ជូននិងសំណង់ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៤ខែ រយៈពេលថែទាំចំនួន ៣៦ខែ ដោយបានចំណាយថវិកាដែលជាឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ីសរុបចំនួន ២៥,២៣លានដុល្លារអាម៉េរិក រួមជាមួយនឹងថវិកាបដិភាគមួយចំនួនផ្សេងទៀតរបស់រាជរដ្ឋាភិបាលសម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ ផងដែរ។

ឯកឧត្តម ប៉េង ពោធិ៍នា បានបន្តថា កំណាត់ផ្លូវជាតិលេខ២៣ មានប្រវែង ១៩,៨៣៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពី គីឡូម៉ែត្រលេខ ៣៤+៤០០ (ពីគល់ស្ពានកោះធំ) ស្ថិតក្នុងឃុំជ្រោយតាកែវ ឆ្លងកាត់ឃុំ លើកដែក ស្រុកកោះធំ រហូតដល់ឃុំពាមរាំង ស្រុកលើកដែក(តភ្ជាប់ជាមួយផ្លូវជាតិលេខ១៤) ត្រង់គីឡូម៉ែត្រលេខ ៥៤+២៣៣ នៃភូមិសាស្ត្រខេត្តកណ្តាល។

ឯកឧត្តម ប៉េង ពោធិ៍នា គូសបញ្ជាក់ថា គម្រោងនេះបានស្ថាបនាពង្រីក ទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូ AC កម្រាស់ ៨សង់ទីម៉ែត្រ មានគន្លងផ្លូវសម្រាប់រថយន្ត និងទោចក្រយានធ្វើចរាចរណ៍ (២គន្លង ទៅ-មក)។ បន្ថែមពីលើនេះ គម្រោងនេះបានរួមបញ្ចូលនូវការស្ថាបនាស្ពានចំនួន ៣កន្លែង ប្រវែងសរុប ១១៦,៤០ម៉ែត្រ ការដាក់លូគ្រប់ប្រភេទកាត់ទទឹងផ្លូវចំនួន ៤៨កន្លែង និងលូតាមប្រឡាយផ្លូវចំនួន ៨កន្លែង ប្រវែងសរុប ២ ៣៤២ម៉ែត្រ បំពាក់អំពូលសូឡា LED ចំនួន ៨០កន្លែង ព្រមទាំងការបំពាក់ផ្លាកសញ្ញា គូសគំនូសសញ្ញា ដាំបង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ លើសពីនេះគម្រោងនេះក៏មានការស្ថាបនារង្វង់មូល ១កន្លែង។

ឯកឧត្តម ប៉េង ពោធិ៍នា បន្ថែមទៀតថា ផ្លូវជាតិលេខ២៣នេះ លាតសន្ធឹងនិងតភ្ជាប់រវាងខេត្តកណ្តាល និងខេត្តតាកែវ ដោយមើលឃើញអំពីអត្ថប្រយោជន៍ និងដើម្បីសម្រួលដល់ការដឹកជញ្ជូន ការតភ្ជាប់ឡើងវិញនិងការធ្វើដំណើររបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចឱ្យមានការស្ថាបនាលើកកម្រិត ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ២៣នេះ ដោយតភ្ជាប់ពីស្ពានកោះធំ ក្នុងសង្កាត់ជ្រោយតាកែវ ក្រុងសំពៅពូន កាត់ឃុំ លើកដែក ស្រុកកោះធំ ដល់ផ្លូវជាតិលេខ១៤ ក្នុងឃុំពាមរាំង ស្រុកលើកដែក និងបានបើកការដ្ឋាននៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ៕

ដោយ៖ khmerhome